ព័ត៌មាន

ឯកឧត្តម ​មាស​​ សុ​ភា ​ប្រាប់​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ច្រាច់​ ស្រុក​ជ័យ​សែន​ ខេត្ត​ព្រះ​វិហារ​ថា៖​ កុំជឿ​តាម​ការ​ញុះ​ញង់​ណា​មួយ​ ដែល​បង្ក​ឱ្យ​កើត​មាន​សង្គ្រាម​ជា​ថ្មី​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
412
842 ឯកឧត្តម ​មាស​​ សុ​ភា ​ប្រាប់​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ច្រាច់​ ស្រុក​ជ័យ​សែន​ ខេត្ត​ព្រះ​វិហារ​ថា៖​ កុំជឿ​តាម​ការ​ញុះ​ញង់​ណា​មួយ​ ដែល​បង្ក​ឱ្យ​កើត​មាន​សង្គ្រាម​ជា​ថ្មី​នៅ​កម្ពុជា​
​    ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​មាស​ សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​ព្រះ​វិហារ​ និង ឯកឧត្តម ​អ៊ុន​ ចាន់​ដា​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ បាន​អំពាវ​នាវ​ឲ្យ​បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ​ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​វិហារ ​សូម​កុំជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ណាមួ​យ ​ឫ​បក្ស​ណាមួ​យ​ ដែល​នាំ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាមសា​ជា​ថ្មី​ ហើយ​ត្រូវ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​វិញ​ នោះ​ទើប​ប្រទេស​ជាតិ​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​សេដ្ខកិច្ច​រីក​ចម្រើន​យូរ​អង្វែង​។ ឯកឧត្តម​ថ្លែង​​បែប​នេះ ​ក្នុង​ឱកាស​ដែល​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ទេស​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ​និង ​ឯកឧត្តម ​អ៊ុន ​ចាន់​ដា ​រួម​នឹង​មន្រ្តី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​ព្រះ​សង្ឃ ​សិស្សា​នុសិស្ស​ និង​ប្រជា​ពល​រដ្ឋ​ អញ្ជើញ​ចូល​រួម​ជា​អធិបតី ​ក្នុង​កម្ម​វិធី​ នៃ​ពិធី​បុណ្យ​បង្សុ​កូល ​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​កម្មា​ភិបាល ​យុទ្ធ​ជន​ស្លូត​ត្រង់​ចំនួន​១៦​នាក់ ​ដែល​ភាគ​ច្រើន​ជា ​កង​ជីវពល ​សាស្ត្រា​ចារ្យ​ គ្រូ​បង្រៀន ​និង​មន្ត្រី​បម្រើ​ការ​ងារ​ក្នុង​ ឃុំ ​ភូមិ ​ក្នុង​ឃុំ​ច្រាច់​ ស្រុក​ជ័យ​សែន​ ខេត្ត​ព្រះ​វិហារ​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​សារ​ការ​ចាប់​ចង​យក​ទៅ​ធ្វើ​ទារុណ​កម្ម ​កាប់​សំលាប់​យ៉ាង​ឃោរ​ឃៅ​ព្រៃ​ផ្សៃ ​ពី​សំណាក់ ​អតីត​កង​កម្លាំង​ឧទ្ទាម​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ឆ្នាំ​១៩៩៤​ ក្រោយ​ដែល​ប្រទេស​កម្ពុជា ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស ​តំណាង​រាស្ត្រ​និតិកាល​ទី​១ ​នា​ឆ្នាំ​១៩៩៣ ​ដែល​រៀប​រៀង​ឡើង​ដោយ​ អ៊ុន​តាក់ ​ដែល​កាល​នោះ ​គេ​បាន​ដាក់​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​ឲ្យ​នៅ​ក្រៅ​ច្បាប់​។ ពិធីនេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​សាល​វ័ន្ត ​ភូមិ​បដិវត្តន៍​ ឃុំ​ច្រាច់​ ស្រុក​ជ័យ​សែន​ ខេត្ត​ព្រះ​វិហារ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ​ខែ​មីនា ​ឆ្នាំ​២០១៩​នេះ​។ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​មាស​ សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​ព្រះ​វិហារ
     នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង​ថា៖ ​សង្គ្រាម​នាំ​មក​នូវ​ការ​ឈឺ​ចាប់​ដល់​ប្រជា​ពល​រដ្ឋ​ ហើយ​ក៏​បាន​បំផ្លាញ​អ្វី​ៗ​ សព្វ​បែប​យ៉ាង​ដែល​យើង​មាន​ដែរ​។​ យ៉ាង​ណា​មិញ​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះទាំ​ង​១៦​នាក់ ​ដែល​ត្រូវ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​នៅ​ស្រុក​ជ័យ​សែន​ រហូត​មក​ដល់​ថ្ងៃ​នេះ ​នៅ​មិន​ទាន់​បាត់​ការ​ឈឺ​ចាប់​នៅ​ឡើយ​ទេ​។​ ដូច្នេះ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះ​ញង់​របស់​ជន​ណា ​ឫ​ក្រុម​ណា ​បក្ស​ណា ​ដែល​នាំ​ឲ្យ​សង្គ្រា​មកើត​មាន​ម្តង​ទៀត ​នៅ​ក្នុង​ប្រទេស​របស់​យើង​នោះ​ទេ​។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ទៀត​ថា៖​ មាន​តែ​គាំ​ទ្រ សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជ​នកម្ពុជា​ទេ​  ទើប​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព ​សេរី​ភាព​ និង​ការ​អភិវឌ្ឍន៍​សេដ្ខកិច្ច​រីក​ចម្រើន​ លើ​គ្រប់​វិស័យ​យូរ​អង្វែង។ ជា​មួយ​គ្នានេះ​ នាយ​​ឧត្តម​សេនីយ៍ ​មាស សុភា ​ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​រាជ​រដ្ឋា​ភិ​បាល​ និង​ឯកឧត្តម​ អ៊ុន​ ចាន់​ដា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ ក៏​បាន​បួង​សួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ស្លូត​ត្រង់​ទាំង​១៦​នាក់​ ក៏​ដូច​ជា​ជន​រង​គ្រោះនៅ​ទូ​ទាំង​ប្រទេស ​ដែល​ត្រូវ​អតីត​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​សម្លាប់​យ៉ាង​ឃោរ​ឃៅនោះ​ ឆាប់​បាន​ចាប់​កំណើត​ជា​ថ្មី ​និង​រួច​ចាក​ទុក្ខ​ទោស​ផង​ទាំង​ឡាយ​តាម​រយៈ​ការ​ធ្វើ​បុណ្យ ​បង្សុ​កូល​ឧទ្ទិស​កុសល​នៅ​ពេល​នេះ​ផ​ង​ដែរ​។
      
    ក្នុង​ពិធី​បុណ្យ​បង្សុ​កូល​គោរព​វិញ្ញាណក្ខន្ធ​ឧទ្ទិ​ស​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​ កម្មា​ភិ​បាល ​យុទ្ធជន​ និង​ប្រ​ជា​ពល​រដ្ឋ​ស្លូត​ត្រង់​ ទាំង​១៦​នាក់​ នៅ​ឃុំ​ច្រាច់​ ស្រុក​ជ័យ​សែន​ ខេត្ត​ព្រះ​វិហារ​ នា​ពេល​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សុភា ​ក្នុង​នាម​មន្ត្រី​រាជ​ការ​ ព្រះ​សង្ឃ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ប្រជា​ពល​រដ្ឋ​ ក្នុង​ខេត្ត​ព្រះ​វិហារ​ ក៏​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ជន​រង​គ្រោះ​ទាំង​១៦​នាក់ ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​៥០​គីឡូ​ក្រាម​ ទឹក​សុទ្ធ​១កេស ​ទឹក​ស៊ី​អ៊ីវ​១​យួរ ​ទឹក​ត្រី​១​យួរ ​ទឹក​ផ្លែ​ឈើ​១​កេស ​និង​ថវិកា​៤០​ម៉ឺន​រៀល​, ដោយ​ឡែក​ជន​រង​គ្រោះ​២​នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទាំង​១៦​នាក់​ ដែល​បាន​រត់​រួច​ពី​ការ​កាប់​សម្លាប់​របស់​អតីត​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​កាល​ពី​ពេល​នោះ​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៤០​ម៉ឺន​រៀល​, ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​ចំនួន​៣០០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សារុង​១​ និង​ថវិកា២​ម៉ឺន​រៀល​, ព្រម​ទាំង​បាន​ចែក​ជូន​ដល់​តាជី​យាយ​ជី​នូវ​ថវិកា​មួយ​ចំនួន​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ