ក្រសួងការពារជាតិ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន១៥រូប ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

នៅក្នុងព្រះរាជក្រឹត្យ ឡាយព្រហស្បត្តិ៍របស់ព្រះមហាក្សត្រ ដែលអានដោយ នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានប្រកាសតម្លើងឋានន្តរសក្តិ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន១៥រូប ក្នុងនោះនាយឧត្តមសេនីយ៍ មាន ៨ រូប រួមមាន៖ ១.ឧត្តមសេនីយ៍ឯក ហេង បូរិន, ២.ឧត្តមសេនីយ៍ឯក សំរិទ្ធ ហ៊ុន, ៣.ឧត្តមសេនីយ៍ឯក ចាប វ៉ានី, ៤.ឧត្តមសេនីយ៍ឯក មិន នឹម, ៥.ឧត្តមសេនីយ៍ឯក ខឹម ជាសាខឿន, ៦.ឧត្តមសេនីយ៍ឯក ចាប ភក្តី, ៧.ឧត្តមសេនីយ៍ឯក នុច ថន និង ៨.ឧត្តមសេនីយ៍ឯក វ៉ា ប៉ោអ៊ាន។ និងបានប្រកាស និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ៧រូបទៀតផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តម្លើងឋានន្តរសក្តិ នាយឧត្តមសេនីយ ឧត្តមសេនីយ៍ឯក នាពេលនេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង បម្រើជាតិមាតុភូមិ កងទ័ព និងប្រជាជនកម្ពុជា ស្របតាមផែនការកែទម្រង់ ខ.ភ.ម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលជាឆ្នាំដំបូងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនៈការងាររបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បណ្តាប្រភេទទ័ពជំនាញ និងគ្រប់កងឯកភាពនៃខ.ភ.ម។ ឯកឧត្តម បានបញ្ជាក់ថា៖ ទោះបីបច្ចុប្បន្ននេះ ស្ថិតក្នុងកាលៈទេសៈ ដែលសភាពការណ៍នៅក្នុងតំបន់ និងពិភពលោក មានការវិវត្តន៍កាន់តែស្មុគស្មាញតានតឹង និងប្រកបដោយភាពបត់បែនយ៉ាងណាក្តី ក៏ខ.ភ.ម បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថានភាព សភាពការណ៍ទូទៅរបស់កម្ពុជា នៅតែមានភាពវិជ្ជមាន ដែលបង្កភាពអនុគ្រោះសម្រាប់យើង បន្តទៅសម្រេចសមិទ្ធផលថ្មីៗថែមទៀត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍមាតុភូមិ។ ហើយយើងនៅតែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថេរភាពនយោបាយ និងធានាបាននូវដំណើរការជម្រុញកំណើនសេដ្ឋកិច្ច និងបានធ្វើការពង្រឹងប្រព័ន្ធការពារព្រំដែនគោក ទឹក និងអាកាស សំដៅការពារឲ្យបាននូវបូរណភាពទឹកដី នៃមាតុភូមិ។ ខ.ភ.ម បានចូលរួមកសាងអភិវឌ្ឍនៅតំបន់ព្រំដែន កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់តំបន់ព្រំដែនមកកាន់តំបន់ខាងក្នុងផ្ទៃប្រទេស សម្រាប់បម្រើឲ្យខឿនការពារជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានផ្តាំផ្ញើដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បន្តជួយដឹកនាំគ្រប់គ្រងក្រសួងការពារជាតិឲ្យកាន់តែជោគជ័យថែមទៀត និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំជួរមេបញ្ជាការនៅគ្រប់កងឯកភាពនៃ ខ.ភ.ម ទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងមាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅលើការបង្ការ និងទប់ស្កាត់ឲ្យបានដាច់ខាតអំពីបញ្ហាគ្រឿងញៀន ចូលមកក្នុងជួរកងទ័ព ពិសេសចូលរួមរក្សា ការលាក់ការណ៍សំងាត់របស់កងទ័ព ៕










































