ឯកឧត្តម​ ទៀ ​សីហា ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុងពិធី​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​ កង​វិស្វកម្ម​ ​និង​កង​អាវុធ​ហត្ថ​ ដែល​បាន​បញ្ចប់​បេសក​កម្ម​រក្សា​សន្តិភាព​របស់អង្គ​ការ​សហ​ប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី​ និ​ង​ស៊ូ​ដង់​ខាង​ត្បូង​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ ចំនួន​៣៤៦​នាក់​ បាន​ធ្វើ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​កម្ពុជា​វិញ​ នា​ព្រល​ប់​ថ្ងៃ​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២៣ ក្រោយ​បញ្ចប់​បេសក​កម្ម​រក្សា​សន្តិភាព ​ក្រោម​ឆត្រ​​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​សាធារណ​រដ្ឋ​ម៉ាលី​ និង​ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង​ ដោយ​ជោគ​ជ័យ​។ កង​​កម្លាំង​មួក​ខៀវ​ ដែល​បាន​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន​នៅ​សាធារណរដ្ឋ​ម៉ាលី​ និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ មាន​៣កង​ រួម​មាន​៖ ក​ង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ​លេខ៧២៩ ចំនួន​១២៩នាក់, កង​កម្ទេច​គ្រឿង​ផ្ទុះ​លេខ​៨២៨ ចំនួន​១៤៤​នាក់​ និង​កង​រាជ​អាវុធ​ហត្ថ​លេខ​១៧១ ចំនួន​៧៣​នាក់។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ដែល​បាន​ធ្វើ​មាតុភូមិ​និវត្ត​ន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​, លោក​ ចូ ​សឺ​អឺ ​(JO SCHEUER) អ្នកសម្រួល​អង្គកា​រស​ហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ រួម​ទាំង​ថ្នាក់​ដឹ​កនាំ​ក្រសួង​ការ​ពារ​ជាតិ​ បានអញ្ជើញ​ទទួល​ស្វាគមន៍​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍ ​និ​ង​បំពាក់​មេដាយ​ ជូន​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ ដែល​បាន​ប្រព្រឹត្ត​ទៅ ​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិន​តុង​។

      យោង​តាម​របាយ​ការណ៍​ស្វាគមន៍​ របស់​នាយ​ឧត្តម​សេនីយ៍​ សែម​ សុវណ្ណនី អនុ​ប្រធាន​ទី​១ គណៈ​កម្មា​ធិការ​ជាតិ​ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ រក្សា​សន្តិភាព​ បាន​ថ្លែង​ថា​៖ បេសក​កម្ម​នៅ​សាធារណ​រដ្ឋ​ម៉ាលី​ កម្លាំង​កម្ពុជា​ បាន​ប្រឈម​នឹង​បញ្ហា​ស្មុគ​ស្មាញ​ជា​លក្ខណៈ​ប្រពៃណី​ផង​ និង​មិន​ប្រពៃណី​ផង​ បង្ក​ឡើង​ដោយ​តួ​អង្គ​រដ្ឋ និង​មិន​មែន​រដ្ឋ​ ក៏​ប៉ុន្តែ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ តែង​តែ​ស្វា​ហាប់​ មិ​ន​រា​ថយ​ ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​ឡើយ​ និង​សម្រេច​បាន​នូវ​លទ្ធ​ផល​យ៉ាង​ល្អ​ប្រសើរ​ជូន​ជាតិ​ និង​ពិភព​លោក​។

       ជា​មួយគ្នានេះលោក​ ចូ ​សឺ​អឺ ​(JO SCHEUER) អ្ន​ក​សម្រប​សម្រួលអង្គការសហប្រជាជាតិ​ ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ការ​ស្ងប់ស្ងែង​ ចំពោះ​ការ​លះប​ង់​របស់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ ក្នុង​កា​រកសាង​សន្តិភាព​ សន្តិសុខ​ និង​មិត្ត​ភាព​។ លោក​បាន​បញ្ជាក់​ថា៖​ វត្តមាន​របស់​លោក​នា​ពេល​នេះ​ មិន​ត្រឹ​ម​តែ​ស្វាគមន៍​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​កង​កម្លាំង​នោះ​ទេ​ ប៉ុន្តែ​ក៏​បាន​បញ្ជាក់​ពី​ការ​ស្វាគមន៍​កម្លាំង​ទាំង​អស់​​ជា​គ្រួសារ​របស់​អង្គការ​សហប្រជា​ជាតិ​។ លោក​បាន​បន្ថែម​ថា៖ កង​កម្លាំង​ទាំង​អស់​បាន​ពាក់​មួក​ខៀវ​ដ៏​ល្បី​ល្បាញ​ បំពាក់​និមិត្ត​សញ្ញា​អង្គការ​សហប្រជាជាតិ​នៅ​លើ​ឯកសណ្ឋាន​ និង​ចូល​រួម​អនុវត្ត​ភារកិច្ច​ក្រោម​ទង់​អង្គការ​សហ​ប្រជា​ជាតិ។

        ​នាយ​ឧត្តម​សេនីយ៍​ ឧបនាយក​រដ្ឋមន្ត្រី​ ទៀ សីហា បា​ន​លើក​ឡើង​ថា​៖ ការ​និវត្តន៍​របស់​កម្លាំង​រក្សា​សន្តិភាព​ នា​ថ្ងៃ​នេះ​ គឺ​ជា​សមិទ្ធិផល​ថ្មី​មួយ​ថែម​ទៀត​ ក្នុង​ចំណោម​សមិទ្ធផល​ជា​ច្រើន​ ដែល​​កង​​យោធ​​ពល​​ខេមរភូមិន្ទ​​សម្រេច​បាន​​នៅ​លើ​វិស័យ​រក្សា​សន្តិភាព​។ សមិទ្ធផល​នេះ​បាន​បង្ហាញ​ពី​ឆន្ទៈ ​ការ​គោរព​វិន័យ​ម៉ឺង​ម៉ាត់​  សមត្ថ​ភាព​​ ប្រកប​ដោយ​វិជ្ជា​ជីវៈ​ របស់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ក្រោម​ឆត្រ​អង្គការ​សហប្រជា​ជា​តិ​ ជា​សក្ដា​នុ​ពល​ដ៏​ខ្លាំង​ក្លា​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ឯកឧត្តម​ ទៀ សីហា បាន​លើក​ឡើង​ថា​៖ ការ​ធ្វើ​មាតុ​ភូមិ​និវត្ត​ន៍​របស់​កង​កម្លាំង​ទាំង​៣​កង​ ដែល​បញ្ចប់​បេសក​កម្ម​របស់​សហ​ប្រជា​ជាតិ​នៅ​សាធារណ​រដ្ឋ​ម៉ាលី​ និង​ស៊ូ​ដង់​ខាង​ត្បូង​ នា​ពេល​នេះ​ ជា​ជោគ​ជ័យ​ និង​ស្នា​ដៃ​ដ៏​ត្រចះ​ត្រចង់​ថ្មី​មួយ​បន្ថែម​ទៀត​ ដែល​កម្លាំង​មួក​ខៀវ​កម្ពុជា​ សម្រេច​បាន​ក្នុង​ការ​បំពេញ​បេសក​កម្ម​អន្តរ​ជាតិ​ ដើម្បី​បុព្វ​ហេតុ​សន្តិភាព​ និង​មនុស្ស​ធម៌​នៅ​លើ​ពិភព​លោក​។ ឯកឧត្តម​ ទៀ សីហា​ បាន​ថ្លែង​អំណរ​គុណ​ដល់​ជន​រួម​ជាតិ​ទាំង​អស់​ ដែល​បាន​ លះបង់​កូន​ចៅ​ ប្តី​សី និង​សាច់​ញាតិជា​ទី​ស្រឡាញ់​របស់​ខ្លួន​ រួម​ចំណែក​យ៉ាង​ស្មោះ​ស្ម័គ្រ​ ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​បុព្វ​ហេតុ​សន្តិភាព​ និ​ង​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា​ និង​សូម​អំពាវ​នាវ​ពាំ​នាំ​ការ​សាក​សួរ​សុខ​ទុក្ខ​ និង​សេចក្តី​នឹក​រំឭក​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ ជូន​ដ​ល់នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ដែល​បាន​បញ្ចប់​បេសក​កម្ម​ និង​កំពុង​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​​ របស់​អង្គការ​សហ​ប្រជា​ជាតិ។ ​បន្ថែម​ពី​នេះ​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​៖ ការ​បញ្ចប់​ភារ​កិច្ច​របស់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ នៅ​ក្នុង​តំបន់​បេសក​កម្ម​ សុទ្ធ​តែ​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​កម្ពុជា​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ​ ជា​មួយ​ប្រជា​ជាតិ​ទូទាំង​ពិភព​លោក​ តាម​ក្រប​ខ័ណ្ឌ​ទ្វេភាគី​ តំបន់​ និង​អន្តរ​ ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព​ សន្តិសុខ​ ស្ថិរ​ភាព​ ការ​អភិវឌ្ឍន៍​ ប្រកប​ដោយ​ចិរភាព​ និង​វិបុល​ភាព​​រួម​របស់​ពិភព​លោក​។

       សូម​​រំឭក​ថា​៖ តាម​រយៈ​នយោ​បាយ​ឈ្នះ​ឈ្នះ​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន កម្ពុជា​ពិត​ជា​មាន​មោទន​ភាព​ណាស់​ បាន​រួម​ចំ​ណែក​យ៉ាង​សំខាន់​ ក្នុង​វិស័យ​រក្សា​សន្តិភាព​ ដែល​បា​នបង្ហាញ​ពី​ឆន្ទៈ​រួម​វិភាគ​ទាន​ ដល់កិច្ច​ប្រឹង​ប្រែង​របស់​សហគមន៍​អន្តរ​ជាតិ​ ដើម្បី​បុព្វ​ហេតុ​សន្តិភាព​ សន្តិសុខ​ និង​មនុស្ស​ធម៌​ នៅ​លើ​លោក​​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ​រហូត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រួម​ចំណែក​បញ្ជូន​កង​កម្លាំង​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ ចំនួន​ ៩២០៥​នាក់ ក្នុង​នោះ​នារី ​៧២៦​នាក់​ ទៅ​កាន់​បេសក​កម្ម​ចំនួន​១២ ក្នុ​ងប្រទេស​ចំនួន​១០ សម្រេ​ច​ជោគជ័យ​ ​​ជាបន្ត​បន្ទាប់​ ដែលជា​​បុព្វ​ហេតុ​ថែ​រក្សា​សន្តិភាព​ ស្ថិរភាព​ ពិភព​លោក​ និង​ទទួល​បាន​ការ​កោត​សរសើរ​លើ​ឆាក​អន្តរជាតិ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ