អគារអគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០២៤ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃខ.ភ.ម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។

អគារអគ្គបញ្ជាការដ្ឋាន នៃខ.ភ.មថ្មីនេះ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមរបាយការណ៍ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃខ.ភ.ម បានឲ្យដឹងថា៖ ទីតាំងអគ្គបញ្ជាការដ្ឋានថ្មី នៃខ.ភ.ម សាងសង់នៅលើផ្ទៃដីមានទំហំជិត៦៧ហិកតា ដែលមានបណ្តោយ១.៣២៤ម៉ែត្រ និងទទឹងប្រវែង៥០៤ម៉ែត្រ ជាប់ផ្លូវ៦០ម៉ែត្រ តាមលិខិតលេខ៩៥៧ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីអំពីការកសាងទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែង របស់ខ.ភ.ម។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ទីតាំងសាងសង់អគ្គបញ្ជាការដ្ឋានថ្មី នៃខ.ភ.ម បានចែកចេញជា៣តំបន់ គឺតំបន់ទីមួយ ប្រើប្រាស់ជាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាល សាលប្រជុំ និងអគារមន្ទីរអដ្ឋកោណ, តំបន់ទីពីរ សម្រាប់ប្រើប្រាស់ជាទីលានព្យុហយាត្រា សម្រាប់សាងសង់អគារស្នាក់នៅ របស់នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៤អគារ និងតំបន់ទីបី ប្រើប្រាស់សម្រាប់ជាទីតាំងបម្រុង នាពេលអនាគត។ មានច្រកចេញចូលសរុបចំនួន៧កន្លែង ក្នុងនោះផ្នែកខាងមុខ មានច្រកចេញចូលចំនួន៣កន្លែង ច្រកធំកណ្តាល ជាច្រកខ្លោងទ្វារជ័យ ច្រកខាងស្ដាំជាច្រកខ្លោងទ្វារឈ្នះឈ្នះ និងច្រកខាងឆ្វេងជាច្រកខ្លោងទ្វារសន្តិភាព មានរបងព័ទ្ធជុំវិញ ប្រវែងប្រមាណ៣.៦០៣ម៉ែត្រ និងមានចំណតរថយន្តចំនួន៥០០ចំណត និងចំណតទោចក្រយានយន្ត មួយចំនួនទៀត។
នាយឧត្តមសេនីយ៍ ឥតសារ៉ាត់ បានបញ្ជាក់ថា៖ ការរចនាប្លង់ស្ថាបត្យកម្មអគារ អគ្គបញ្ជាការដ្ឋាន ត្រូវបានរចនាឡើង ក្នុងទម្រង់រចនាប័ទ្មស្ថាបត្យកម្មខ្មែរទំនើប ឬហៅថារចនាប័ទ្មសហសម័យកម្ពុជា ដោយរចនារួមបញ្ចូលគ្នា រវាងរចនាប័ទ្មសម័យទំនើប និងខ្មែរបុរាណ ដែលវិចិត្រពិចិត្រលម្អដោយគ្រឿងលម្អស្ថាបត្យកម្មខ្មែរ ដើម្បីបង្ហាញពីការវិវឌ្ឍរីកចម្រើន និងភាពសម្បូរបែប នៃសំណង់ស្ថាបត្យកម្មខ្មែរ រួមនឹងការអភិវឌ្ឍប្រទេសជាតិប្រកបដោយសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជាអ្នកមគ្គុទេសក៍ឯក ស្ថាបនិក នៃសន្តិភាព និងការអភិវឌ្ឍ និងការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ សំណង់មានច្រកចូលខាងមុខលម្អដោយខ្លោងទ្វារអមដោយសសរចំនួន៤ដើម មានរចនាប័ទ្មអង្គរវត្ត តាំងរំលេចដោយនិមិត្តសញ្ញា អគ្គបញ្ជាការ នៃខ.ភ.ម ផ្នែកខាងលើលម្អដោយផ្តែររចនាប័ទ្មព្រៃក្មេង អមដោយប្រាសាទចម្លង និងបញ្ចប់ដោយដំបូលពិត មានស្លាប់មួយជាន់ មានគ្រឿងលម្អ ស្ថាបត្យកម្មលម្អផង។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា៖ នៅតួអគារទាំងមូល មានលម្អដោយក្បាច់ផ្កាចន្ទន៍ អមដោយសសរ និងក្បាច់ផ្សេងៗ អគារបែរមុខទៅទិសខាងកើត មានបណ្ដោយតួអគារ ២៣៩,៣៨ម៉ែត្រ និងទទឹង១៦៩,៦៦ម៉ែត្យ មានចំនួន៧ជាន់ ការសាងសង់សំណង់អគារអគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម មានរយៈពេល៣៦ខែ។
ថ្លែងនៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា៖ ការបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី នៃខ.ភ.មនាថ្ងៃនេះ គឺជាសមិទ្ធិផល ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចអនុញ្ញាត និងផ្តល់ទីតាំងនេះ ក្នុងការសាងសង់អគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែង របស់ខ.ភ.ម ហើយក៏សូមគោរព និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដួចផ្ដើមគំនិត ក្នុងការកសាងអគ្គបញ្ជាការដ្ឋាននេះឡើង នៅក្នុងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង សំដៅលើកកម្ពស់វិស័យការពារជាតិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមសភាពការណ៍តំបន់ និងនៅលើសកលលោក។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ អគ្គមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងល្អជាមួយនឹងសាមីស្ថាប័ន ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់, ក្រសួងរ៉ែ និងថាមពល ពិសេសក្រសួង និងស្ថាប័នអាជ្ញាធរដែនដីរាជធានីភ្នំពេញ និងសមត្តកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមយ៉ាងសកម្ម ចាប់តាំងពីដំណាក់កាលពិនិត្យ ពិភាក្សាលើឯកសារបច្ចេកទេស និងហិរញ្ញវត្ថុ ការចរចាកិច្ចព្រមព្រៀង រហូតឈានដល់ការបញ្ចុះបឋមសិលា ចាប់ផ្តើមបើកការដ្ឋានសាងសង់នាពេលនេះ។ ការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី នាពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដំណើរការបោះជំហានយ៉ាងស្វាហាប់ ក្នុងរយៈពេល៥ខែគត់ ដែលបាននាំមកនូវសមិទ្ធិផលគួរជាទីមោទនៈ ជូនដល់ជាតិមាតុភូមិនៃយើង។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កងទ័ព គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញលើការអភិវឌ្ឍ រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេច កំណត់យកមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាអាទិភាពគន្លឹះ សម្រាប់ទិសដៅបន្តនៃការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ដែលបានបង្ហាញឲ្យឃើញថា ការអភិវឌ្ឍ និងការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធកងទ័ព នៅតែជារបៀបវារៈដ៏សំខាន់ សម្រាប់ការរៀបចំ និងពង្រឹងកែលម្អកន្លែងបំពេញការងារប្រចាំថ្ងៃ ប្រព័ន្ធគ្រប់គ្រងការងារ និងបែងចែកមុខងារតួនាទីការទទួលខុសត្រូវ របស់អង្គភាពនីមួយៗ ឲ្យបានច្បាស់លាស់ មានសមត្ថភាពវៃឆ្លាត និងការគោរពវិន័យ។
ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា៖ ខ.ភ.មបានជំរុញការកសាង និងការធ្វើទំនើបកម្មអង្គភាព កងទ័ព ឲ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដែលជាអាទិ៍ មានការកសាងទីស្ដីការក្រសួងការពារជាតិថ្មី ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅក្នុងខេត្តកំពង់ឆ្នាំង ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម រួមជាមួយនឹងការសាងសង់បន្ទាយជំរំ ជម្រក លេណដ្ឋាន ផ្លូវ មន្ទីរពេទ្យ នៅតាមបណ្តាកងឯកភាពមួយចំនួនទៀត នៅក្នុងខ.ភ.ម។ ការបញ្ចុះបឋមសិលាសាងសង់អគារអគ្គបញ្ជាការដ្ឋាននាពេលនេះ គឺបានបង្ហាញថា សន្តិភាព ស្ថិរភាព នយោបាយ និងការបង្រួបបង្រួមជាតិ ឯកភាពទឹកដីទាំងស្រុង ដែលកើតចេញពីការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន គួរឲ្យកត់សម្គាល់ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមនិងវប្បធម៌។ ឈរលើភាពរីកចម្រើន និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ តម្រូវឲ្យខ.ភ.មបន្តខិតខំពង្រឹងពង្រីកសមត្ថភាព កសាងហេដ្ឋារចនាសម្ព័ន្ធ រៀបចំកន្លែងធ្វើការងារប្រចាំថ្ងៃ ឲ្យមានតម្លាភាព ស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាកងទ័ព បណ្ដាប្រទេស នៅក្នុងតំបន់ និងអន្តរជាតិ ទើបរាជរដ្ឋាភិបាល ក្រសួងការពារជាតិ សម្រេចសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មីនៅលើទីតាំងនេះ។ ឯកឧត្ដមរដ្ឋមន្ដ្រី ជឿជាក់ថា៖ សំណង់អគារអគ្គបញ្ជាការដ្ឋានថ្មីនេះ ក្រោយសាងសង់រួច នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន របស់អគ្គបញ្ជាការដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕












































