កងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងប្រកាសសមាសភាពក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ។
យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីចាត់បញ្ជូនថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ៣៥២នាក់ ចូលរួមប្រកួតកីឡាចំនួន ២៣ប្រភេទ ដែលជាលទ្ធផល កីឡាកងយោធពលខេមរភូមិន្ទទទួលបាន មេដាយសរុបចំនួន ១០២គ្រឿង ក្នុងនោះមេដាយមាស ៣១គ្រឿង (ស្មើនឹង៣៨% នៃមេដាយមាសសរុប), មេដាយប្រាក់ ២៥គ្រឿង និងមេដាយសំរឹទ្ធ ៤៦គ្រឿង។ ជាមួយគ្នានេះ បានជួយសម្របសម្រួលដល់ការស្នើសុំការលើកទឹកចិត្តបញ្ចូលក្របខណ្ឌ និងតម្លើងឋានន្តរសក្តិជូនដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលមានស្នាដៃក្នុងព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិលើកទី៣ និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចំនួន ១១៤នាក់។ បានសហការជាមួយស្នងការហ្វឹកហ្វឺន ក្រសួងការពារប្រទេសវៀតណាម ដើម្បីគាំទ្រលើការងារវិស័យកីឡា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ កាន់តែមានភាពប្រសើរឡើង។ បានបន្តកិច្ចអនុស្សារណៈយោគយល់ រវាងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជាមួយសាកលវិទ្យាល័យ រាជផាត់ ឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារទ្វេភាគី និងឧបត្ថម្ភជាសម្ភារៈហ្វឹកហ្វាត់ ប្រកួតជូនដល់ប្រភេទកីឡា នៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។ ព្រមទាំងបានរៀបចំបែបបទ ឯកសារដើម្បីចូលជាសមាជិកក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ ទទួលបានលទ្ធផល ជាវិជ្ជមាន ជាសមាជិកបឋម ព្រមទាំងបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ កម្រិតទ្វីបអាស៊ីលើកទី ៧ នៅទីក្រុងណានឆាង ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងគ្រោងចូលរួមសន្និបាត និងមហាសន្និតបាតក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិលើកទី ៧៩ ក្នុងនាមជារដ្ឋសង្កេតការណ៍ ដើម្បីបោះឆ្នោតចូលជាសមាជិកពេញសិទ្ធិ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសតង់ហ្សានី។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បានចាត់ទុកវិស័យកីឡា គឺជាការងារអាទិភាពមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្តបញ្ហាសង្គមនានា ដូចជាការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងទង្វើអសីលធម៌ផ្សេងៗ។ លើសពីនេះកីឡារក្សាបាននូវកម្លាំងកាយរឹងមាំ សុខភាពផ្លូវកាយ ចិត្តល្អប្រសើរ ប្រាជ្ញាស្មារតីរហ័សរហួន បង្កើនផលិតភាពការងារ ភាតរភាព សុខមាលភាពក្នុងក្រុមគ្រួសារ និងលើក កម្ពស់សុខដុមនីយកម្មក្នុងសង្គមជាតិទាំងមូល។ ឯកឧត្តម បានបន្តថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សំដៅលើកកម្ពស់អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាគឺជាវិស័យអាទិភាពមួយរបស់ជាតិ ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានជម្រុញឲ្យសមាជិកក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ខិតខំយកចិត្តទុកដាក់ ជួយកសាងអភិវឌ្ឍវិស័យកីឡាកងយោធពលខេមរភូមិន្ទ សំដៅបន្តពង្រឹងប្រពៃណីដ៏ល្អត្រចះត្រចង់ ពង្រឹងគុណភាព សមត្ថភាពកីឡា ប្រកបដោយគុណវុឌ្ឍ គុណផលខ្ពស់ មានគុណធម៌ សេចក្តីថ្លៃថ្នូរ និងវិន័យម៉ឺងម៉ាត់ ដើម្បីលើកស្ទួយកិត្តិយស កិត្តិនាមវិស័យកីឡាកងយោធពលខេមរភូមិន្ទ ប្រែមុខមាត់ថ្មីលើឆាកជាតិ អន្តរជាតិនាពេលអនាគត។ ជម្រុញការបណ្តុះបណ្តាលអភិវឌ្ឍវិស័យកីឡាដល់គ្រប់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ឱ្យមានភាពរីកចម្រើនគ្រប់ប្រភេទកីឡា ទាំងការហ្វឹកហាត់ ការប្រកួតផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសទៅវិញទៅមក ទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមប្រកួត ជាផ្លូវការជាលក្ខណៈជាតិ អន្តរជាតិ ឱ្យទទួលបានលទ្ធផលល្អ ឆ្លើយតបតាមសំណូមពរ ភារកិច្ច ស្របតាមនយោបាយការពារជាតិ លើវិស័យកីឡា។ ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និតជាមួយគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ធ្វើការរៀបចំការងារកីឡាឱ្យបានហ្មត់ចត់ ដើម្បីធានាឱ្យបាននូវជោគជ័យក្នុងការចូលរួមប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ ៕




































