ក្រសួងការពារជាតិបានបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ដោយបានរំសាយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនចាស់ និងបានប្រគល់ជូន នាយឧត្តសេនីយ៏ ចាយ សាំងយុន រដ្ឋលេខាធិការ និងធ្វើជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ ក្នុងនោះ ក៏មានសមាសភាពចូលរួម នាយទាហានជាន់ខ្ពស់មកពី អគ្គបញ្ជាការ, បញ្ជាការដ្ឋានកងទ័ពជើង គោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថជាសមាជិកផងដែរ។

យោងតាមភារកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺ៖ ធ្វើជាសេនាធិការជូនរដ្ឋមន្ត្រី ក្រសួងការពារជាតិ លើសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកយោបល់ ស្នើសុំគោលការណ៍ សម្រេច ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈកម្មាធិការត្រូវចាត់តាំងអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការប្រើប្រាស់ ការជួញដូរ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមបណ្តារអង្គភាព បណ្តុះបណ្តាល ជនបង្គោល ដើម្បីអប់រំផ្សព្វផ្សាយការប្រើប្រាស់ ការជួញដូរ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តាអង្គភាព។ ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានអធិការកិច្ច ជាជំនួយការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកងយោធពលខេមរភូមិន្ទ និងត្រូវធ្វើការបូកសរុបរបាយការណ៍ ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិប្រចាំខែ ត្រីមាស ឆមាស នព្វមាស ឆ្នាំ។ សេចក្តីប្រកាសក៏បានអនុញ្ញាត្តឲ្យ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មានសិទ្ធិ បង្កើតគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមបណ្តាបញ្ជាការដ្ឋានប្រភេទទ័ព និងទ័ពជំនាញ តាមការចាំបាច់។
មានប្រសាសន៏ក្នុងឱកាសនោះ នាយឧត្តសេនីយ៏ ចាយ សាំងយុន ថ្លែងការកោតសរសើរគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំកន្លងមក។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកផែនការថ្មី គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានប្រភេទទ័ព ទ័ពជំនាញ និងមេបញ្ជាការគ្រប់អង្គភាព រួមទាំងមានការចូលរួមពីយោធិនគ្រប់រូប ត្រូវបន្តធ្វើឲ្យការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រព្រឹត្តឲ្យបានល្អប្រសើរថែមទៀត។
គួរបញ្ចាក់ថា៖ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក កងយោធពលខេមរភូមិន្ទ បានបង្កើតគណៈកម្មាធិការ គណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានរចនាសម្ព័ន្ធចាត់តាំងពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស និងកងឯកភាពទូទាំងខ.ភ.ម ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្តាប់ ការប្រើប្រាស់ ការចែកចាយ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងជួរកងយោធពលខេមរភូមិន្ទ ៕





















