សិក្ខា​សាលា​លើក​ទី​២ ស្ដី​ពី​ការ​លើក​កម្ពស់​យន្ត​ការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

អគ្គ​នាយក​ដ្ឋាន​នយោ​បាយ ​និងកិច្ចការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​ ដែល​មាន​នាយក​ដ្ឋាន​កិច្ច​ការ​អាស៊ាន​ជា​សេនា​ធិការ​ និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ បាន​រៀប​ចំ​សិក្ខា​សាលា​លើក​ទី​២ ស្ដី​ពី​ការ​លើក​កម្ពស់​យន្ត​ការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន ​​ដែល​​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ២០២៤ នៅ​ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សីហនុ​ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​ និង​ស្ថាប័ន​ការ​ពារ​ជាតិ​ នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ តំណាង​លេខា​ធិការ​ដ្ឋាន​អាស៊ាន​ និ​ង​ប្រទេស​ទីម័​រខា​ងកើត​ចូល​រួម​នៅ​ក្នុងនាម​ជា​ប្រទេស​សង្កេត​ការណ៍​។

ពិធី​បើក​សិក្ខា​សាលា​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​នយោបាយ​ និ​ង​កិច្ចការ​បរទេស​ និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ADSOM ​របស់​កម្ពុជា​ ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ។​

ថ្លែង​ក្នុង​​ពិ​ធី​បើក​​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ប្រតិភូ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ ទី​ម័រ​ខាង​កើត​ និង​តំណាង​លេខា​ធិការ​ដ្ឋាន​អាស៊ាន​ ដែល​បាន​ចូល​រួម​សិក្ខា​សាលា ដើម្បី​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​ ស្តីពី​ការ​លើក​កម្ពស់​យន្ត​ការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន​ ដែល​បាន​អនុម័ត​ដោយ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៦ កា​ល​ពី​ឆ្នាំ​២០២២ ឲ្យ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្ដែង​ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។ ទន្ទឹម​នឹ​ង​​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​ទើប​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗនេះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ក៏​បាន​បង្ហាញ​អំពី​ភាព​រី​ក​ចម្រើន​ ការ​អភិវឌ្ឍ​ និង​សិទ្ធ​សេរី​ភាព​ពេញ​លេញ​របស់​ប្រជាជន​កម្ពុជា​ ក្នុង​ការ​រៀប​ចំ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​ ក៏​ដូច​ជា​ពិធី​សាសនានានា​ ក្នុង​សម័យ​កាល​បច្ចុប្បន្ន​ ដែល​នេះ​គឺ​ពិត​ជា​ទទួល​បាន​ដោយ​សារ​ការ​លះ​បង់​ និង​ដឹក​នាំ​របស់​ សម្ដេច​តេជោ​ ហ៊ុន សែន និង​គោល​នយោបា​យ​ឈ្នះឈ្នះ ​ដ៏​មាន​គុណ​តម្លៃ​របស់​សម្ដេច​ ទើប​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ និង​សិទ្ធ​សេរី​ភាព​ក្នុង​ពេល​បច្ចុប្បន្ន​។ ឯកឧត្ត​ម​ក៏​បាន​ជម្រាប​អង្គ​សិក្ខា​សាលា​អំពី​ភាព​ជូរ​ចត់​របស់​កម្ពុជា ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ក្នុង​សម័យ​កាល​ខ្មែរ​ក្រហម​ ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​ពេ​ល​នោះ​ពិធី​បុណ្យ​សាសនា​ក៏​ដូច​ជា​ការ​អបអរសាទរ​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិ​នានា​ ត្រូ​វ​បាន​ហាម​ឃាត់​ ហើយ​សិទ្ធ​សេរីភាព​របស់​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បំបិទ​ទាំង​ស្រុង​។ ក្នុង​នាម​ជា​ប្រទេស​ដែល​​ឆ្ល​​ង​កាត់​សង្គ្រាម​ និង​ជម្លោះ​ផ្ទៃ​ក្នុង​​រ៉ាំ​រ៉ៃ​ កម្ពុជា​យល់​ច្បាស់​អំពី​ទុក្ខ​លំបាក​ និង​ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​សង្គ្រាម ហើយ​នេះ​គឺ​ជា​ហេតុ​ផល​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្រេច​ចូល​រួម​ចំ​ណែក​កង​ទ័ព​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦។ តាម​រយៈ​បទ​ពិសោធ​ និង​មេរៀន​ដែល​ទទួល​បាន​ កម្ពុជា​ដឹង​ច្បាស់​អំពី​តួនាទី​សំខាន់​​ដែល​​ស្ត្រី​បាន​រួម​ចំ​ណែក​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ ក្នុង​នោះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦មក កង​ទ័ព​មួក​ខៀវ​កម្ពុជា​ជាង​៩៥០០នាក់ បាន​ចូល​រួម​ចំ​ណែក​ ក្នុង​ការ​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ក្នុង​ប្រទេស​ចំនួន​៩ បច្ចុប្បន្ន​នេះ​កង​ទ័ព​កម្ពុជា​ មានចំនួន​៦៣៩នាក់ ក្នុង​នោះ​ស្ត្រី​១២៤នាក់ កំពុង​បម្រើ​ការ​នៅ​ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង​ លី​បង់​ សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ និង​ប្រទេស​ម៉ាលី។​ ចំពោះ​​ការ​​ចូ​ល​រួម​ចំ​ណែក​របស់​កង​រក្សា​សន្តិភាព​ជា​ស្ត្រី ​បច្ចុប្បន្ន​កម្ពុជា​ជាប់​ចំណាត់​ថ្នា​ក់​លេខ​១ក្នុង​អាស៊ាន​ និង​ចំណាត់​ថ្នាក់​លេខ​១១​​ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​ចូល​រួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​ទាំង​អស់​។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ក៏​បាន​គូស​បញ្ជាក់​ថា​៖ សហគមន៍​អន្តរជា​តិ​បាន​កំពុង​ខិត​ខំ​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ​ ប៉ុន្តែ​ការ​ចូល​រួម​របស់​ស្ត្រី​ ក្នុង​ដំណើរ​ការ​សន្តិភាព​ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ជា​មួយ​គ្នា​នេះ​ដោយ​សារ​ការ​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​ នៃ​ការ​ចូល​រួម​របស់​ស្ត្រី​ ក្នុង​គ្រប់​ដំណាក់​កាល​ នៃ​ការ​រក្សា​សន្តិភាព​ និង​ដំណាក់​កាល​កសាង​សន្តិភាពក្រោយជម្លោះ ​ទើប​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ បាន​អនុម័ត​ឯកសារ​ទស្សន​ទាន​ ស្តី​អំពី​ការ​លើក​កម្ពស់​យន្ត​ការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ លើក​ទី​១៦ នា​ឆ្នាំ​២០២២។ បន្ទាប់​មក​នៅ​ឆ្នាំ២០២៣ កិច្ច​ប្រជុំ​ADMM-បូក ក៏​បាន​អនុម័ត​សេចក្ដី​ថ្លែង​ការណ៍​រួ​ម​ ស្តី​អំពី​ស្ត្រី​សន្តិភាព​ និង​សន្តិសុខ​ ដោយ​ទទួល​ស្គាល់​ពី​តម្រូវ​ការ​ក្នុង​ការ​បន្ត​លើក​កម្ពស់​ ការ​ចូល​រួម​ ការ​ដឹក​នាំ​ប្រកប​ដោយ​ភាព​ពេញ​លេញ និង​មាន​អត្ថន័យ​របស់​ស្ត្រី​ នៅ​គ្រប់​ដំណាក់​កាល​ និង​គ្រប់​កម្រិត​ នៃ​ដំណើរ​ការ​សន្តិភា​ព​។ ជា​ចុង​ក្រោយ​ ឯកឧត្តម នាយ​ឧត្ត​ម​សេនីយ៍​ ក៏​បាន​សង្កត់​ធ្ងន់​អំពី​គោល​បំណង​ នៃ​សិក្ខា​សាលា​ ដែល​នឹង​ពិភាក្សា​បញ្ចប់​លក្ខ​ខណ្ឌ​ប្រតិបត្តិ​ ដែល​ជា​គោល​ការ​ណ៍​ណែ​នាំ​សកម្មភាព​ កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ ក្នុង​ចំណោម​រដ្ឋ​សមាជិក​អាស៊ាន​ ស្ដី​អំពី​គំនិត​ផ្ដួច​ផ្ដើម​នេះ​ ក៏​ដូច​ជា​ដើម្បី​ចែក​រំលែក​នូវ​បទ​ពិសោធ​ ក្នុង​ចំណោម​បណ្ដា​ប្រទេស​អ្ន​កចូល​រួម​ផង​ដែរ​។

សូម​រំឭក​ជម្រាប​ជូនថា​៖ គំនិត​ផ្តួច​ផ្តើម​ស្តី​ពី​ការ​លើក​កម្ពស់​យន្ត​ការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន​ ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​កម្ពុជា​ ដែល​ត្រូវ​ឯក​ភាព​នឹង​អនុម័ត​នៅ​ឆ្នាំ​២០២២ ដោយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ បង្កើត​ឡើង​ក្នុង​គោល​បំណង​ប្រមូល​ផ្ដុំ​ចង​ជា​បណ្ដាញ​មួយ​ក្នុង​ចំណោម​ស្ត្រី​ជា​អ្ន​ក​រក្សា​សន្តិភាព​អាស៊ាន​ទាំង​ឡាយ ដើម្បីរួម​គ្នា​ចែក​រំលែក​នូវ​បទ​ពិសោធ​ការ​ងារ​ បញ្ហា​ប្រឈម ​ដែល​ជួប​ប្រទះ​ក្នុង​បេសក​កម្ម​ ក៏​ដូច​ជា​ចែករំលែក​យុទ្ធ​សាស្ត្រ​នានា​ សម្រា​ប់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​តាម​រយៈ​សកម្ម​ភាព ​កិច្ច​ប្រជុំ ​សិក្ខា​សាលា ឬ​​កម្ម​វិធី​ហ្វឹក​ហ្វឺន​ និង​បណ្ដុះ​បណ្ដាល​រួម​គ្នា​ជា​ដើម​។ នៅក្នុង​ដំណើរ​ការ​សិក្ខា​សាលា​បណ្តា​ប្រទេស​ចូល​រួម​ បាន​ធ្វើ​បទ​បង្ហាញ​ពិភាក្សា​ចែក​រំលែក​នូវ​បទ​ពិសោធ​ទៅ​វិញ​ទៅ​មក​ និង​បាន​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ ​លើ​ការ​បង្កើត​បណ្ដាញ​អ្ន​ករក្សា​សន្តិភាព​​ជា​ស្ត្រី​ ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​ ក៏​ដូច​ជា​ពិគ្រោះ​យោបល់​បញ្ចប់​សេចក្ដី​ព្រាង​លក្ខ​ខណ្ឌ​ប្រតិបត្តិ​TOR សម្រាប់​អនុវត្ត​ឯកសារ​ទស្សនទាន​នេះ​ផង​ដែរ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ និងបូជាសព យោធិន២០នាក់ ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុញ្ញាត​ឲ្យ​ ​នាយក​ផ្នែក​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ កង​ទ័ព​ឥណ្ឌូ​នេស៊ី​ ចូល​ជួប​សម្តែង​ការ​គួរ​សម
ឯកឧត្ដម​ ភួង ​ស៊ី​ផាន ​អនុញ្ញាត​ឲ្យ ​ឯកឧត្តម ​ស៊ូជីរ៉ូ​ ​សៀម ​(SUJIRO SEAM) ​​ឯកអគ្គ​រដ្ឋ​ទូតសហភាព​អឺរ៉ុប​ ប្រចាំ​អាស៊ាន​ ចូល​ជួបសម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​
ឯកឧត្តម ទៀ សីហា អញ្ជើញបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទិសយោធភូមិភាគទី២(ខេត្តព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ)
ឯកឧត្តម ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការជួរមុខ យោធភូមិភាគទី១ (ព្រំដែន កម្ពុជា-ឡាវ) ខេត្តស្ទឹងត្រែង
ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ  បានអញ្ជើញចូលជូនពរឯកឧត្តម ទៀ សីហា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ឯកឧត្តម ​យន្ត ​មីន​ អនុញ្ញាត​ឲ្យ ​នាយក​ ទទួល​បន្ទុក​សេវា​កិច្ច​ការ​សន្តិសុខ​អន្តរ​ជាតិ​ អគ្គ​នាយក​ដ្ឋាន​ទាក់​ទង​អន្តរជាតិ​ និង​យុទ្ធ​សាស្ត្រ ​ក្រសួង​ការ​ពារ​ជាតិ​បារាំង​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​
ឯកឧត្តម​ ទៀ​ សីហា ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ប្រដាប់​អាវុធ​ នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥១​ យោធ​ភូមិ​ភាគ​ទី៥​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃ​ណី​ជាតិ​ខ្មែរ​