ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ឈុំ ​សុជាត ប្រតិកម្ម​ទៅ​នឹង​ការ​​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​បរទេសមួយ​​ចំនួន ដែល​បាន​ផ្សាយ​បំភ្លើស​ការ​ពិត រឿងមូល​ដ្ឋាន​ទ័ព​​បរទេស​លើ​ទឹក​ដី​កម្ពុ​ជា​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឈុំ​ សុ​ជាត រដ្ឋលេខាធិការ និងជាអ្ន​ក​នាំ​ពាក្យ​ ក្រសួង​ការ​ពារ​ជាតិ ​​បា​ន​ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​ ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​បរទេស​មួយចំនួន​ ដែល​បាន​ផ្សាយ​បំភ្លើស​ការ​ពិត​ ទាក់​ទង​នឹង​វត្តមាន​នាវា​របស់​កង​ទ័ព​ចិន​២គ្រឿង​ដែល​កំពុង​សំ​ចត​នៅ​កំពង់​ផែ ​ខេត្ត​ព្រះសីហនុ ​ខណៈ​ការ​សំ​ចត​របស់​នាវា​ចិន​២​គ្រឿង​នេះ ​គឺ​សម្រាប់​ត្រៀម​ធ្វើ​សម​យុទ្ធ​នាគ​មាស​លើក​ទី៦​ ជា​មួយ​កម្ពុជា​តែ​ប៉ុណ្ណោះ​។​ មិន​មែន​តាំង​មូល​ដ្ឋាន​ទ័ព​របស់​ចិន​លើ​ទឹក​ដី​កម្ពុ​ជា​ ដូច​ការ​លើក​ឡើង​រ​ប​ស់សា​រព័ត៌មាន​ ដែល​បម្រើ​ឲ្យ​បរទេស​ និង​ក្រុម​ប្រឆាំង​នោះ​ឡើយ​។​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឈុំ សុជាត បាន​បញ្ជាក់​​ថា​៖ នា​ថ្មី​នេះ​ៗ​ មាន​វិទ្យុ​បរទេស​មួយ ​បាន​បន្ត​ផ្សព្វ​ផ្សាយ​បំផ្លើស​ការ​ពិត​ទាំង​ស្រុង​ជា​ថ្មី​ម្តង​ទៀត ​ចំពោះ​វត្តមាន​នាវា​យោធា​ចិន​២​គ្រឿង ​ដែល​បាន​ចូល​ចត​ នៅ​មូល​ដ្ឋាន​សមុទ្រ​រាម​កង​ទ័ព​ជើង​ទឹក​កម្ពុជា ​ដោយ​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា​ «ជា​វត្តមាន​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជា​មូល​ដ្ឋាន​កង​ទ័ព​ចិន​ទី​២​ នៅ​លើ​ពិភព​លោក»​។​ ឯកឧត្តម​បាន​សង្កត់​ធ្ង​ន់​ថា​៖ «ការផ្សព្វផ្សាយ​របស់​វិទ្យុបរទេស​នេះ ​គឺ​ជា​ការ​មួល​បង្កាច់​ទាំង​ស្រុង​ ចំពោះ​សភាព​ការ​ណ៍​ជាក់​ស្តែង ​និង​មាន​ចេតនា​បំភាន់​ដល់​សាធារណ​ជន​ជាតិ​ និង​អន្តរ​ជាតិ​ ឱ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​សកម្មភាព ​និង​អធិប​តេយ្យ​របស់​ព្រះ​ជា​ណាចក្រ​កម្ពុជា​ ជា​ពិសេស​វត្ត​មាន​នាវាយោធា​របស់ចិន ​ដែល​បាន​ចូល​មក​ជួយ​ហ្វឺក​ហ្វឺន​បណ្តុះ​បណ្តាល​កង​ទ័ព​ជើង​ទឹក​កម្ពុជា ​និង​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សម​យុទ្ធ​នាគ​មាស​ ដែល​ជា​លំហាត់​រួម​គ្នា​ រវាង​កង​ទ័ព​កម្ពុជា​-​ចិន ​លើក​ទី​៦ ​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ ​ក្រោម​ប្រធា​ន​បទ​ (ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​រួម ​និង​ការ​សង្គ្រោះ​មនុស្ស​ធម៌​)

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ឈុំ សុជាត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​ វត្ត​មាន​នាវា​ចិន​២​គ្រឿង​ខាង​លើ​នៅ​កម្ពុជា​ ជា​ការ​ឯកភាព​គ្នា​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ កម្ពុជា​-​ចិន​ ដោយ​ចិន​នឹង​បណ្តុះ​បណ្តាល​អំពី​ជំនាញ​បច្ចេក​ទេស​ក្នុង​ការ​ប្រើ​ប្រាស់​នាវា ​ក៏​ដូច​ជា​បច្ចេក​វិទ្យា​ថ្មីៗ​ផ្សេង​ទៀត​ ដល់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ ដែល​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ ឱ្យ​កាន់​តែ​ខ្លាំ​ង​ក្លា​ ខណៈ​ដែល​ប្រទេស​ទាំង​២ គឺ​ជា​ដៃ​គូយុ​ទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ​និង​កំពុង​កសាង​សហគមន៍​ជោគ​វាសនា​រួម​ ហើយ​ការ​ចូល​នៃ​នាវា​ចិន​នេះ ​ក៏​ជា​ការ​តេស្ត​សាក​ល្បង​ចំពោះ​កំពង់​ផែ​រាម​ ដែល​ភាគី​ចិន​កំពុង​ជួយ​សាង​សង់​ឱ្យ​កម្ពុជា ​ហើយ​កម្ពុជា​ក៏​គ្រោង​នឹង​ទិញ​នាវា​បែប​នេះ​ ដើម្បី​បម្រើ​ឱ្យ​វិស័យ​យោធា​នៅ​ពេល​ខាង​មុខ​ផង​ដែរ​។​ មិន​មែន​ជា​ការ​តាំង​មូល​ដ្ឋាន​ទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​សារ​ព័ត៌​មាន​បរទេស​ ដែល​មាន​និន្នា​ការ​នយោបាយ​មួយ​ចំនួន​ចុះ​ផ្សាយ​ឡើយ​។ ឯកឧត្តម​ នាយ​ឧត្តមសេ​នីយ៍​ បាន​លើក​ឡើង​ទៀត​ថា​៖ ពាក់​ព័ន្ធ​នឹ​ងការ​ចោទ​ប្រកាន់​អំពី​មូល​ដ្ឋាន​កង​ទ័ព​បរទេស​នេះ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​កន្លង​ទៅ​ដឹក​នាំ​ដោយ​ សម្តេច​តេជោ ​ហ៊ុន ​សែន ​ហើយ​បច្ចុប្បន្ន​បន្ត​ដឹក​នាំ​ដោយ ​សម្តេច​ធិបតី ​ហ៊ុន ​ម៉ា​ណែត​ បាន​បញ្ជាក់​ម្ត​ង​ហើយ​ម្តង​ទៀត​ថា​៖ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូល​ដ្ឋាន​កង​ទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ ​ ហើយ​កម្ពុជា​ក៏​មិន​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​ជា​ដាច់​ខាត​។​

តាម​រយៈ​សារ​ប្រតិកម្ម​នេះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឈុំ សុជាត ក៏​បាន​រំលឹក​ផង​ដែរ​ថា​៖ កាល​ពី​ថ្ងៃទី​០៩​ ខែ​មេសា ​ឆ្នាំ​២០២៤ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ ក្នុង​នាម​ជា​មេដឹក​នាំ​កម្ពុជា ​ក៏​បាន​ចេញ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ជុំ​វិញ​ករណី​នេះ​ ដោយ​កម្ពុជា​មាន​ភាព​ចាំ​បាច់​ ដែល​ត្រូវ​មាន​មូល​ដ្ឋាន​កង​ទ័ព​បរទេស​នោះ​ឡើយ​។​ សម្តេចបាន​ចោទ​សួរ​ថា​៖ «តើ​កម្ពុជា​ត្រូវ​ការ​កង​ទ័ព​ចិន​មក​ធ្វើ​អ្វី?​ និង​ដើម្បី​អ្វី​? តើ​កម្ពុជា​ឆោត​ល្ងង់​រហូត​ដល់​យក​កង​ទ័ព​ចិន ​មក​នៅ​ក្នុង​ប្រទេស​រប​ស់​ខ្លួន ​ដែល​វា​ផ្ទុយ​ជា​មួយ​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​ឬ? ​និង​តើ​ចិន​ឆោត​ល្ងង់​រហូត​យក​កង​ទ័ព​ខ្លួន​មក​នៅ​កម្ពុជា​ ដែល​វា​ផ្ទុយ​ជា​មួយ​គោល​ការ​ណ៍​គោរព​ឯករាជ្យភា​ព​កម្ពុជា​ពី​សំណាក់​ចិន​ឬ?​»​។​ ដោយ​ឡែក​នៅ​ក្នុង​ពិធី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹ​ម​គោ​យក​ទឹក​ដោះ​គិរី​សួគ៌ ​ស្ថិត​ភូមិ​ឱភា​សាំង​ ឃុំ​កណ្តឹង​ ស្រុក​បាទី ​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា ​ឆ្នាំ​២០២៤ ​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន ​ម៉ា​ណែត ​នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក៏​បាន​បញ្ជាក់​២​ចំណុច​ផង​ដែរ​ នោះ​គឺ ​«ទី១៖ ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​គ្មាន​ឱ្យ​មូល​ដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​ខ្លួន​ទេ ​ ហើយ​កម្ពុជា​គ្មាន​មហិច្ឆតា ​ឬ​គ្មា​ន​គោល​គំនិត ​ហើយ​គ្មាន​ភាព​ក្លាហាន ​ក្នុង​ការ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ខ្លួន​ឯង​នោះ​ទេ ​​ យើង​មិន​ឱ្យ​ប្រទេ​ស​ណា​ដាក់​មូល​ដ្ឋាន​ទ័ព​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ ​និង ទី២៖​ យើង​មិ​ន​ឱ្យ​ប្រើ​ប្រាស់​ប្រទេស​យើង​ជា​មូល​ដ្ឋាន​ប្រឆាំង​នឹង​ប្រទេស​ណា​នោះ​ទេ ​កុំ​ថា​ដល់​មូល​ដ្ឋាន​ទ័ព​ សូម្បី​តែ​ធ្វើ​សកម្មភាព​ផ្សេងៗ​ ប្រឆាំង​ប្រទេស​ណា​មួយ​ក៏​យើង​មិ​ន​ឱ្យ​នោះ​ដែរ​»​។

យ៉ាង​ណាក៏​ដោយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឈុំ សុ​ជាត ក៏​បាន​សង្ឃឹម​ថា​៖ ការ​បញ្ជាក់​ជំហ​រ​យ៉ាង​ច្បាស់​លាស់​ម្ត​ង​ហើយ​ម្ត​ង​ទៀត​របស់​កម្ពុជា ​នឹង​អាច​លុប​បំបាត់​ការ​បំភ្លៃ ​ការ​បំផ្លើស​ព័ត៌​មាន​របស់​សារព័ត៌​មាន​បរទេស ​ និង​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន ​ពាក់​ព័ន្ធ​នឹង​មូល​ដ្ឋាន​កង​ទ័ព​បរទេស​នេះ​ត​ទៅ​ទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ