របាយការណ៍បូកសារុបការងារខែកុម្ភៈ និងទិសដៅ ខែមីនា ឆ្នាំ២០១៩ ត្រូវបានក្រសួងការពារជាតិ លើកយកមកប្រជុំឆ្លង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំបានប្រព្រឹត្ត ទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ សំ វ៉ាន់ថន អគ្គលេខាធិការ ក្រសួងការពារជាតិ បានអានរបាយការណ៍បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមានឡើងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗក្នុងខែកុម្ភៈកន្លងមក ដែលបានកើតឡើងនូវព្រឹត្តិការណ៏ធំៗ ជាតិ និងអន្តរជាតិ។ របាយការណ៍ក៏បានលើកឡើងផងដែរ ពីលទ្ធផលការងារ នៃកិច្ចការពារ សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាន នៅក្នុងរយៈពេល១ខែ កន្លងទៅក្រោមកិច្ចសហការ ជាមួយកំលាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ។ ចំណែកលទ្ធផលការងារកែទំរង់កងយោធពលខេមរភូមិន្ទវិញ នៅក្នុងរយៈពេលខែកុម្ភៈនេះ របាយការណ៍បានបញ្ជាក់ថា៖ បានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញ នៅតាមបណ្តាសាលា និងកងឯកភាពនានា នៅទូទាំងប្រទេសផងដែរ។ ខ.ភ.ម បានធ្វើម្ចាស់ការលើការពង្រឹង និងការពារនៅតាមបណ្តោយព្រំដែន និងបណ្តាកោះមួយចំនួន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស ជិតខាង។ យើងបានម្ចាស់ការ និងសហប្រតិបត្តិការបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំង សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីឲ្យភូមិ, ឃុំ មានសុវត្តិភាព។ សំរាប់ទិសដៅ អនុវត្តបន្តនៅក្នុង ខែ មីនា របាយការណ៍បានដាក់ចេញ នូវទិសដៅអោយគ្រប់បណ្តា អង្គភាពកងយោធពលខេមរភូមិន្ទ បន្តអនុវត្តផែនការកែទំរង់កងយោធពលខេមរភូមិន្ទ បន្តពង្រឹង ប្រៀបការពារជាតិ នៅ តាមព្រំដែន ត្រៀមគ្រប់លក្ខណៈចុះជួយសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះធម្មជាតិកើតឡើង និងបន្តរួមសហការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានអោយបាន ល្អប្រសើរ ពិសេសត្រៀមចូលរួមក្នុងការធ្វើលំហាត់សមយុទ្ធនាគមាស២០១៩ កម្ពុជា-ចិន នាពេលខាងមុខផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ព្រមទាំងសមាជិកអង្គប្រជុំទាំងអស់ ក៏បានធ្វើការពិភាក្សាលើខ្លឹមសារ របាយការណ៍ បូកសរុបការងារ ខែកុម្ភៈ និងទិសដៅខែមីនា ដើម្បីដាក់ចេញអោយអនុវត្តសំរេចបានលទ្ធផលល្អបន្ថែមទៀត។ បន្ទាប់មក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសតែងតាំងមុខដំណែង និងធ្វើការបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៏ជូនចំពោះ ឯ.ឧ ភួង ស៊ីផាន, ឯ.ឧ ព្រំ ឌិន, ឯ.ឧ អ៊ុំ បុត្រ, ឯ.ឧ ប៊ុន សេង ជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលព្រះមហាក្សត្រទើបបានតែងតាំងកាលពីពេលថ្មីៗកន្លងមកនេះផងដែរ ៕