ព័ត៌មាន

លោក​ជំទាវ​ ដាំ ​ដា​រី​នី ​ប្រជុំ​ផែន​ការ​ប្រារព្ធ​សិក្ខា​សាលា​បូក​សារុប​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​
នាយកដ្ឋានព័ត៌មាន(៣)
201
768 លោក​ជំទាវ​ ដាំ ​ដារីនី​ ប្រជុំ​ផែន​ការ​ប្រារព្ធ​សិក្ខាសាលា​បូក​សារុប​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​

    ក្រសួង​ការ​ពារ​ជាតិ​បាន​រៀប​ចំ​ផែន​ការ​ ដើម្បី​ប្រារព្ធ​ធ្វើ​សិក្ខា​សាលា​បូក​សរុប​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព ​រវាង​អង្គភាព​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ី​វិល​ ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ​កន្លង​​មក​ហើយ​  គឺ​ចាប់​តាំង​ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៩​។ ដែល​ពិធី​នេះ​នឹង​គ្រោង​ប្រារព្ធ​ធ្វើ​នា​ពេល​ខាង​មុខ​នេះ ​ស្ថិត​ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​​អគ្គ​មហាសេនា​បតី​តេ​ជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​ 

     នៅ​​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ប្រគល់​​តួ​នា​ទី និង​ភារ​កិច្ច​ជូន​ដល់​សមា​ជិក​ក្រុម​ការ​ងារ​សម្រប​សម្រួល​កិច្ច​ការ​ សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គ​ភាព​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ជា​មួយ​ស្ថាប័ន​អង្គ​ភាព​ស៊ីវិល ដែល​មាន​ លោក​ជំ​ទាវ​ ដាំ ​ដា​រីនី ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន បាន​ដាក់​ផែន​ការ​ជូន​ដល់​ស្ថាប័ន​ អង្គ​ភាព​ពាក់​ព័ន្ធ​​ទាំង​អស់ ត្រូវ​​សហការ​​ក្នុង​​ស្មារតី​​ទទួល​​ខុស​​ត្រូវ​ អនុវត្ត​ភារ​កិច្ច​របស់​ខ្លួន​នូវ​រាល់​ដំណាក់​កាល​ទាំង​ក្នុង​ជំហាន​ប្រុង​ប្រៀប​ ក៏​ដូច​ជា​ក្នុង​ពេល​ដំណើរ​ការ​សិក្ខា​សា​លា​។ ក្នុង​ដំណាក់​កាល​ប្រុង​ប្រៀប​ ស្ថាប័ណ្ណ​អង្គភាព ​និង​យោធិន​ពាក់​ព័ន្ធ​ទាំង​អស់​ ពិសេស​ផែន​ការ​នេះ​ ត្រូវ​រាយ​ការណ៍​ជា​ប្រចាំ​ជូន​ប្រធាន​ក្រុម​សម្រប​សម្រួល​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​ នូវ​លទ្ធផល​កិច្ច​ការ​របស់​ខ្លួន​តាម​កាតព្វ​កិច្ច​ដែល​បាន​ប្រគល់​ឲ្យ ទាំង​លទ្ធ​ផល​សម្រេច​ និង​ការ​លំបាក ឬ​ឧបសគ្គ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់ ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ជា​ស្ថាពរ​ ក្នុង​ការ​ប្រារព្ធ​ធ្វើ​សិក្ខា​សាលា​នេះ​។​ សិក្ខា​សាលា​បូក​សរុប​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ី​វិល​រយៈ​ពេល៣​ឆ្នាំ​នេះ​ នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​តាម​ការ​គ្រោង​ គឺ​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ​ នា​សប្តាហ៍​ទី​៣ នៃ​ខែ​មិនា​ ឆ្នាំ២០១៩​។ ហើយ​ចំពោះ​គោល​បំណង​សំខាន់​របស់​អង្គ​សិក្ខា​សាលា​គឺ​៖​

     ១/ ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធ​ផល​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​រយៈ​ពេល៣​ឆ្នាំ​កន្លង​ទៅ​។

     ២/ លើក​ទឹក​ចិត្ត​ដល់​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ ឲ្យ​បន្ត​ និង​ពង្រឹង​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ឲ្យ​បាន​សកម្ម​ បន្ថែម​ទៀត​។​

     ៣/ ​ពង្រឹង​ និង​ពង្រីក​សមត្ថ​ភាព​លើ​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ និង​តម្រង់​ទិស​ឲ្យ​មាន​គុណ​ប្រយោជន៍​ ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​។

     ៤/ ​គៀង​គរ​ ទាក់​ទាញ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ នូវ​ការ​រួម​ចំណែក​របស់​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​ក្នុង​​ការ​កែ​ទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​ពិសេស​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម ​ក្នុង​គ្រួសារ​យោធិន​ ទាំង​​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ការ​ពារ​ជាតិ​ ក៏​ដូច​ជា​ក្នុង​ការ​ត្រៀម​​នឹង​នៅ​ពេល​ចូល​និវត្តន៍​ទៅ​រស់​នៅ​ក្នុង​សង្គម​ស៊ី​វិល​។​

    ៥/​ តាម​រយៈ​អង្គ​សិក្ខា​សាលា​នេះ​ នឹង​ទាក់​ទាញ​ស្វែង​រក​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ថ្មី​ៗ​បាន​បន្ថែម​ទៀត​។​​

    ៦/​ វាយ​តម្លៃ​ត្រឹម​ត្រូវ​នូវ​គុណ​សម្បត្តិ​ និង​​រកឃើញ​នូវ​គុណ​វិបត្តិ​ និង​ចំណុច​ខ្សោយ​កន្លង​មក​ដើម្បី​​លើក​ទឹក​ចិត្ត​ និង​តម្រង់​ទិស​កែ​លម្អ​ឡើង​វិញ​ឲ្យ​ទាន់​ពេល​វេលា​។​

    បើ​យោង​តាម​ផែន​ការ​ នៃ​ការ​ប្រារព្ធ​ធ្វើ​អង្គ​សិក្ខា​សាលា​នេះ ​សមាស​ភាព​ សមា​ជិក​អង្គ​សិក្ខា​សាលា ​ដែល​គ្រោង​នឹង​អញ្ជើញ​ចូល​ក្នុង​អង្គ​សិក្ខា​សាលា​មាន​៖ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ អគ្គ​បញ្ជាការ​ដ្ឋាន​ បញ្ជា​ការ​ដ្ឋានទាំង​៣ប្រភេទ​ទ័ព​ និង​ទ័ព​ជំនាញ​ចំណុះ​អគ្គ​បញ្ជាការ​ដ្ឋាន និង​ចំណុះ​កង​ទ័ព​ជើង​គោក​ មេ​បញ្ជា​ការ​យោធភូមិ​ភាគ​ទាំង​អស់​ ​មេ​បញ្ជាការ​តំបន់​ប្រតិ​បត្តិការ​សឹក​រង​ខេត្ត​ មេ​បញ្ជា​ការ​កង​ពល​ធំ ​កង​ពល​តូច​ អង្គ​ភាព​សម្ព័ន្ធ​មេ​ត្រី​ភាព ​នឹង​ដៃ​គូ​សម្ព័ន្ធ​មេ​ត្រី​ភាព ​តំណាង​ស្ថា​ប័ន​អង្គ​ភាព​ចំណុះ​អគ្គ​​បញ្ជាការ​ដ្ឋាន​ បញ្ជា​ការ​ដ្ឋាន​ទាំង៣ប្រភេទ​ទ័ព អភិ​បាល​ខេត្ត​រាជ​ធានី​ទាំង​អស់​ តំណាង​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ ដែល​មាន​ចំនួន​សរុប​ប្រមាណ​៧០០​នាក់​ ដែល​ត្រូវ​ចូល​រួម​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ