ព័ត៌មាន

ឯកឧត្តម ​នាង​ ផាត​ គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព ​ឯកឧត្តម​ កុយ​ ​ប៊ុន​ថា​
នាយកដ្ឋានព័ត៌មាន(៣)
411
721 ឯកឧត្តម ​នាង​ ផាត​ គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព ​ឯកឧត្តម​ កុយ​ ​ប៊ុន​ថា​

     ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ ​លោក​ជំទាវ​ អ៊ុន​ អូន​ ជា​ភរិយា នៃ​ក្រុម​គ្រួសារ​សព​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ កុយ ​ប៊ុន​ថា​ ព្រឹ​កថ្ងៃ​ព្រហស្បត៌ិ​ ទី​១៧ ​ខែ​មករា​ ឆ្នាំ​២០១៩​ ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ដឹក​នាំ​ដោយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​រដ្ឋលេខា​ធិការ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ និង​ផ្តល់​កិត្តិយស​បំពាក់​ឋានន្តរសក្តិ​ ថ្នាក់​នាយ​ឧត្តមសេនីយ៍ ​ជូន​សព​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ កុយ ​ប៊ុន​ថា ​ជា​កិច្ច​បច្ឆា​មរណៈ ​និង​ផ្តល់​គ្រឿង​ឥស្សរិយយស​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ថ្នាក់​ជា​តូប​ការ​ ជូន​សព​ នាយ​​ឧត្តម​សេនីយ៍ ​កុយ ​ប៊ុន​ថា​ ផង​ដែរ​។​ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​រដ្ឋលេខា​ធិការ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព ​ឯកឧត្តម​ កុយ​ ​ប៊ុន​ថា​

      ឯកឧត្តម​ រដ្ឋលេខា​ធិការ​ក៏​បាន​ ជូន​សារ​ក្រសួង​ការ​ពារ​ជាតិ​ ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រ​ម ជា​មួយ​ក្រុម​គ្រួសារ​សព​ ចំពោះ​ការ​បាត់​បង់​នូវ​ ស្វាមី​ ជា​ឪពុក​ ជា​ជីតា ​ជា​ទីគោរព​ស្រឡាញ់​ស្មើ​ជីវិត​។ សូម​បញ្ជាក់​ថា​៖  សព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​កុយ ​ប៊ុន​ថា​ អតីត​រដ្ឋមន្ត្រី​ ក្រសួង​ការ​ពារ​ប្រទេស ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ ដែល​បាន​ទទួល​មរណ​ភាព​ វេលា​ម៉ោង១១:៣៥​នាទី ​ព្រឹក​ថ្ងៃ​អង្គារ​ ១០​កើត ​ខែ ​បុស្ស ​ឆ្នាំ​ច ​សំរឹទ្ធី​ស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ​ខែ​មករា​ ឆ្នាំ​២០១៩​ ក្នុង​ជន្មាយុ៦៧​ឆ្នាំ​ ដោយ​រោគា​ពាធ​។​ សព​ ឯកឧត្ត​ម នាយ​ឧត្តមសេនីយ៍ ​កុយ ​ប៊ុន​ថា​ ត្រូវ​បាន​ក្រុម​ការ​ងារ​ រៀប​ចំ​បុណ្យ​សព​ ថ្នាក់​ឧត្តម​សេនីយ៍​ ឧត្តម​នាវី​ កង​យោធពល​ខេមរ​ភូមិន្ទ​ សហការ​ជា​មួយ​ក្រុម​គ្រួសារ​សព​ បាន​រៀប​ចំ​តម្កល់​ធ្វើ​បុណ្យ​ទក្ខិណា​នុប្បទាន​ទៅ​តាម​ប្រពៃណី​ ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​យើង​ និង​បែប​ពិធី​ការ​កង​ទ័ព​នៅ​ វត្ត​ចំប៉ា ​ស្ថិត​ក្នុង​សង្កាត់​ ក្បាល​កោះ ​ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ​។​ សព ​នាយ​ឧត្តម​សេនីយ៍ ​កុយ ​ប៊ុន​ថា​ ត្រូវ​បាន​ក្រុម​គ្រួសារ​ នឹង​​រៀប​ចំ​ពិធី​បូជា​នៅ​ឈាបណ​ដ្ឋាន​ វត្ត​ចំប៉ា ​នា​ព្រឹក​ថ្ងៃ​១៨​ ខែ​មករា ​ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សាវ៉ន​ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​ អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិកា​រៀប​ចំ​បុណ្យ​សព​ បាន​អញ្ជើញគោរព​វិញ្ញាណ​ក្ខ័ន្ទឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​កុយ ​ប៊ុន​ថា

     បន្ទាប់​មក​ប្រតិភូ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​សព​ថ្នាក់​ ឧត្តមសេនីយ៍ ​ឧត្តម​នាវី​ ក្រសួង​ការ​ពារ​ជាតិ ​ដឹក​នាំ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សាវ៉ន​ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​ អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិកា​រៀប​ចំ​បុណ្យ​សព​ បាន​អញ្ជើញ ​ដាក់​កម្រង​ផ្កា​ គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ព្រម​ទាំង​បាន​នាំ​យក​ថវិកា​គោល​នយោបាយ​របស់​ក្រសួង​ការ​ពារ​ជាតិ​ចំនួន ​ជាង​៣២​លាន​រៀល ​ប្រគល់​ជូន​លោក​ជំទាវ​ តំណាង​ក្រុម​គ្រួសារ​សព​ ឯកឧត្តម​ កុយ ​ប៊ុន​ថា ​ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​ទៅ​តាម​ប្រពៃ​ណី​ព្រះ​ពុទ្​ធសាសនា​ខ្មែរ​យើង​ និង​បែប​ពិធី​ការ​កង​ទ័ព​។​

      ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សាវ៉ន​ បាន​បញ្ជាក់​ថា​៖ ថវិកា​ឧបត្ថម្ភ​សម្រាប់​ ពិធី​បុណ្យ​សព​នា​ពេល​នេះ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ ចំពោះ​សុខ​ទុក្ខ​យោធិន​គ្រប់​រូប ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​បង​ប្អូន​គ្រួសារ​អតីត​យុទ្ធជន​ យុទ្ធនារី ​ទាំង​អស់​ ទោះ​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​ ឬ​ចូល​និវត្តន៍​ហើយ​ក៏​ដោយ ​រាជ​រដ្ឋាភិបាល ​តាម​បី​បាច់​ថែ​រក្សា​ជា​និច្ច​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ដល់​ញាតិ​មិត្ត នៃ​ក្រុម​គ្រួសារ​សព​។​ ក្នុង​កម្ម​វិធី​គោរព​វិញ្ញាណក្ខ័ន្ធ​សព​ ឯកឧត្តម ​កុយ ​ប៊ុន​ថា ​នា​ព្រឹក​ថ្ងៃ​ទី១៧ ​ខែ​មករា​ នេះ​ដែរ​ ក៏​មាន​គណៈ​ប្រតិភូ​បណ្តា​ស្ថាប័ន​នា​នា​ មាន​ព្រឹទ្ធ​សភា ​រដ្ឋសភា ​កាក​បាទ​ក្រហម​កម្ពុជា ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ទៀត​ បាន​ចូល​រួម​រំលែក​ទុក្ខ​ ជា​មួយ​លោក​ជំទាវ និង​ក្រុម​គ្រួសារ​សព​ ឯកឧត្តម ​កុយ ​ប៊ុន​ថា ​យ៉ាង​ក្រៀម​ក្រំ​ និង​សោក​ស្តាយ​ជា​ទី​បំផុត​ ចំពោះ​ការ​បាត់​បង់​នូវ ​ឧត្តម​ស្វាមី​ ជា​ឳពុក ​ជីតា ​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នា​ពេល​នេះ។​

     ឯកឧត្តម​ កុយ​ ប៊ុន​ថា ​គឺ​ជា​កុល​បុត្រ​ខ្មែរ​ ​ជា​វីរបិតា​ម្នាក់​ និង​ជា​អតីត​នាយ​ទាហាន​ជាន់​ខ្ពស់​មួយ​រូប​ ដែល​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​ ដើម្បី​បុព្វ​ហេតុ​ជាតិ​ និង​មាតុ​ភូមិ​ជា​ទី​ស្នេហា​នៃ​យើង​ រហូត​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​ភាព​សុខ​សាន្ត​ជូន​ប្រជាជន​កម្ពុជា​។​ ទោះ​បី​ឯកឧត្ត​ម​បាន​លា​​ចាក​​លោក​យើង​នេះ​ទៅ​ហើយ​ក្តី​ ក៏​វីរភាព​ និង​គំរូ​ល្អ​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន​របស់​ឯកឧត្តម​ ស្ថិត​នៅ​ចង​ចាំ​ជា​និច្ច​ ចំពោះ​វីរភាព​ដ៏​អង់​អាច​ក្លាហាន ​និង​ការ​លះ​បង់​ដ៏​ខ្ពង់​ខ្ពស់​នា​រយៈ​ពេល​កន្លង​មក​នេះ។​ សូម​ឧទ្ទិស​បួង​សួង​ឲ្យ​ដួង​វិញ្ញាណ​ក្ខ័ន្ធ​សព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​កុយ​ ប៊ុន​ថា​ បាន​ចាប់​កំណើត​ក្នុង​ឋាន​សុគតិ​ភព​គ្រប់​ៗ​ជាតិ​ កុំ​បីឃ្លៀង​ឃ្លាត​ឡើយ​  ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ