ព័ត៌មាន

ឯកឧត្តម​ នាង ផាត ​ជួប​ប្រតិភូ​និស្សិត​យោធា​បង់​ក្លា​ដែស​
នាយកដ្ឋានព័ត៌មាន(៣)
41
632 ឯកឧត្តម​ នាង ផាត ​រដ្ឋលេខាធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​វរសេនីយ៍​ឯក​ ម៉ាមូត​ កាបៀ ​(Mahmud Kabir)និស្សិត​មហា​​វិទ្យាល័យ​ ​បញ្ជាការ​សេនា​ធិការ​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​សាធារណ​រដ្ឋ​ប្រជាមានិត​​បង់​ក្លា​ដែស

     កាល​ពី​ថ្ងៃ​ទី២៦ ​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋលេខាធិការ​ ក្រសួង​ការ​ពារ​ជាតិ​ តំណាង​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​អនុញ្ញាតិ​ឲ្យ​ប្រតិភូ​និស្សិត​មហា​​វិទ្យាល័យ​ ​បញ្ជាការ​សេនា​ធិការ​  នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​សាធារណ​រដ្ឋ​ប្រជាមានិត​​បង់​ក្លា​ដែស​ ដឹក​នាំ​ដោយ ​លោក​វរសេនីយ៍​ឯក​ ម៉ាមូត​ កាបៀ ​(Mahmud Kabir) ចូល​ជួប​សម្តែង​ការ​គួរ​សម​​ ក្នុង​​ខណៈ​មក​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​។

     លោក​វរសេនីយ៍​ឯក​ ម៉ាមូត ​កាបៀ ​(Mahmud Kabir) បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​ ឯកឧត្តម​ នាង ផាត​ ដែល​បាន​អនុញ្ញាតិ​ឲ្យ​គណៈប្រតិភូ​និស្សិត​យោធា ​សាកល​វិទ្យាល័យ​ការពារ​ជាតិ ​បង់​ក្លា​ដែស​ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ស្វែង​យល់​ពី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នា​ពេល​នេះ​។​ លោក​បាន​ឲ្យ​ដឹង​ថា​៖ សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​បង់​ក្លា​ដែស​ បាន​ផ្តល់​ការ​​អប់រំ​​ទាំង​អស់​​ដល់​​កង​ទ័ព​​បង់​ក្លា​ដែស ​និង​មាន​ទទួល​និស្សិត​បរទេស​មក​ចូល​រៀន​ផង​ដែរ​។​ បច្ចុប្បន្ន​មាន​​និស្សិត​​បរទេស​៤៥​រូប ​មក​ពី​បណ្តា​​ប្រទេស​នា​នា ​បាន​និង​កំពុង​​សិក្សា​នៅ​សាកល​វិទ្យាល័យ​​នេះ​។​ ក្នុង​នាម​តំណាង​​សាកល​វិទ្យាល័យ ​លោក​បាន​អញ្ជើញ​មន្ត្រី​ខ.ភ.ម ​ទៅ​សិក្សា​នៅ​​សាកល​វិទ្យា​​ល័យ​ការ​ពារ​ជាតិ​បង់​ក្លា​ដែស​ផង​ដែល​។​

     ក្នុងនាមសម្តេច​ពិជ័យសេនា ​ទៀ បាញ់, ​ឯកឧត្តម​ នាង ផាត ​បាន​សម្តែ​ង​​ការ​ស្វាគមន៍​​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រតិភូ​និស្សិត​មហា​វិទ្យាល័យ​បញ្ជាការ​សេនា​ធិការ ​នៃ​​សាកល​វិទ្យាល័យ​​ការ​ពារ​ជាតិ ​សាធារណ​រដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែស​ ដែល​បាន​មក​​បំពេញ​​ទស្សន​​កិច្ច​សិក្សា​ស្វែង​យល់​​​នៅ​កម្ពុជា។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​រង​​នូវ​​ការ​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្គ្រាម​ និង​ការ​កាប់​​សម្លាប់​ពី​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។​ ក្រោយ​ថ្ងៃ​៧​ ​​មករា ​១៩៧៩ ក្រោម​ការ​​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន និ​ង​សម្តេ​ច​តេជោ ​ហ៊ុន សែន​ បាន​​កសាង​​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​​ចេញ​ពី​គំនរ​ផេះ​ផង់​ចំណុច​សូន្យ​រហូត​មាន​ការ​រីក​ចម្រើន​​ដល់​​បច្ចុ​ប្បន្ន​។​ កម្ពុជា​ធ្លាប់​ជា​ប្រទេស​ទទួល​កម្លាំង​កង​រក្សា​សន្តិភាព​ អង្គការ​សហ​ប្រទេសជាតិ​ ឆ្នាំ១៩៩១ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​​បាន​ចាត់​បញ្ជូន​កង​កម្លាំង​​ប្រមាណ​ជាង​៥​ពាន់​នាក់​ទៅ​​ចូល​រួម​ថែ​រក្សា​​សន្តិភាព ​​ក្រោម​ឆ័ត្រ​​​របស់​អង្គការ​សហប្រជា​ជាតិ​ នៅ​បណ្តា​ប្រទេស​​ជា​ច្រើន​លើ​សាកល​លោក។​ ​ឯកឧត្តម ​នាង ផាត ​ក៏​បាន​ចាត់​ទុក​ថា​ ដំណើរ​ទស្សកិច្ច​សិក្សា​​របស់​​ប្រតិភូ​​និស្សិត​យោធា​​បង់​ក្លា​ដែស​នៅ​កម្ពុជា​នា​ពេល​នេះ ​​ពិត​ជា​ផ្លាស់​ប្តូរ​ដក​បទ​ពិសោធន៍​​ល្អ​ៗ​​ពី​​ខ.ភ.ម ​ពិសេស​​ការ​ពង្រឹង​​ចំណង​មិត្តភាព​ និង​​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​ផង​ដែរ​រវាង​​​កម្ពុជា​ និង​​បង់​ក្លា​ដែស​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ