ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដឹក​នាំ​គណៈប្រតិ​ភូ​ក្រសួង​ការ​ពារ​ជាតិ​ចូល​រួម​ក្នុង​វេទិកា​សៀង​សាន​លើក​ទី​៨ ​នៅ​ទី​ក្រុង​ប៉េ​កាំង​
នាយកដ្ឋានព័ត៌មាន(៣)
58
613 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដឹក​នាំ​គណៈប្រតិ​ភូ​ក្រសួង​ការ​ពារ​ជាតិ​ចូល​រួម​ក្នុង​វេទិកា​សៀង​សាន​លើក​ទី​៨ ​នៅ​ទី​ក្រុង​ប៉េ​កាំង​

     នៅ​​ថ្ងៃ​ទី​២៥ និង​២៦​ ខែ​តុលា ​ឆ្នាំ២០១៨​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ដឹក​នាំ​​គណៈ​ប្រតិភូ​​​ក្រសួង​​ការពារជាតិចូលរួម​ក្នុងវេទិកាសៀងសានលើកទី៨ នៅទីក្រុងប៉េកាំង ដែលនៅ​ក្នុងវេទិកា​នេះ​​មាន​​ការ​អញ្ជើញ​​ចូល​រួម​ពី​​​​ប្រមុខ​ថ្នាក់​ដឹក​នាំ​ការ​ពារ​ជាតិ​ មន្ត្រី​ជាន់​ខ្ពស់​យោធា ​ស្ថាប័ន​សិក្សា​ស្រាវ​ជ្រាវ​ អង្គការ​​អន្តរជាតិ​នា​នា​ មក​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ អឺរុប ​អាហ្វ្រិក​ ប្រមាណ​២៤ប្រទេស។​ វេទិកា​សៀង​សាន​លើក​ទី៨​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធាន​បទ​ “កសាង​ភាព​ជា​ដៃ​គូ​សន្តិ​សុខ​ថ្មី​ ផ្អែក​លើ​សមភាព​ ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​-ឈ្នះ​”​។​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

     ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​វេទិកា​សៀង​សាន​លើក​ទី៨ ​ក្រោម​ប្រធាន​បទ​ស្តី​ពី​​បញ្ហា​ប្រឈម ​និង​កិច្ច​សហប្រតិបត្តិការ​របស់​កង​កំលាំង​រក្សា​សន្តិភាព​អង្គការ​សហប្រជា​ជាតិ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​ថា​ ៖​ យើង​មិន​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ស្ថាន​ភាព​មួយ​ដែល​ ដៃ​ម្ខាង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ហើយ​ដៃ​​ម្ខាង​ទៀត​ដាក់​ទណ្ឌ​កម្ម​ ឬ​គំរាម​កំហែង​នោះ​ទេ​។ ជា​ការ​ពិត​ណាស់ ​មាន​តែ​កិច្ច​សហប្រតិបត្តិការ​​ឈ្នះ-ឈ្នះ ​ប៉ុណ្ណោះ ​ដែល​អាច​ឱ្យ​ប្រទេស​ទាំង​អស់​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​ដុមរម​នា​បាន​។ សម្តេច​ពិជ័យ​​សេនា​​ ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖​​ នៅ​ពេល​ឮ​ពាក្យ​ថា“ឈ្នះ-ឈ្នះ” និង“ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​”​នេះ ​គឺ​បាន​ធ្វើ​ឱ្យ​នឹក​ឃើញ​ដល់​នយោបាយ​ឈ្នះ-ឈ្នះ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​បញ្ចប់​សង្រ្គាម​ស៊ី​វិល​នៅ​កម្ពុជា ​ហើយ​មួយ​ផ្នែក​នយោបាយ​ឈ្នះ-ឈ្នះ​ គឺ​ផ្តោត​លើ​ការ​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​គ្នា​នេះ​ឯង​។ ​សម្តេច​បាន​​បញ្ជាក់​ទៀត​ថា៖ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្រ្គាម​ អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍​ ហើយ​យើង​ទើប​តែ​ទទួល​បាន​សន្តិភាព​ពេញ​លេញ​នៅ​ចុង​ឆ្នាំ​១៩៩៨​ប៉ុណ្ណោះ ​ដោយ​នយោបាយ​ឈ្នះ-ឈ្នះ​។​ តាម​រយៈ​វេទិកា​សៀង​សាន​នេះ ​សម្តេច​ពិជ័យ​​សេនា​​ ទៀ បាញ់ ​បាន​លើក​យក​បទ​ពិសោធន៍​ចំនួន​៣ ​ដែល​កម្ពុជា​បាន​ឆ្លង​​កាត់​មក​​បញ្ជាក់​ជូន​កិច្ច​ប្រជុំ​​ ដែល​បទ​ពិសោធន៍​ទី​មួយ​ គឺ​ពេល​ខ្លះ​គេ​មិន​អាច​យក​មធ្យោបាយ​យោធា​តែ​មួយ​មុខ​ទៅ​ដោះ​ស្រាយ​បញ្ហា​បាន​ឡើយ​  ពោល​​​គឺ​គេ​​មិន​​អាច​​យក​​សង្រ្គាម​ទៅ​បញ្ចប់​សង្រ្គាម​ទេ​ ប្រសិន​បើ​ភាគី​ទាំង​អស់​នៅ​តែ​រឹង​ទទឹង​​ទាម​ទារ​ឱ្យ​មាន​ឈ្នះ​ មាន​ចាញ់​នោះ ​សង្រ្គាម​នឹង​នៅ​តែ​បន្ត​ទោះ​ក្នុង​ទ្រង់​ទ្រាយ​តូច​ក្តី ​ធំ​ក្តី ​ប្រភេទ​ជា​ឧទ្ទាម​ ឬ​ប្រែ​ក្លាយ​ទៅ​ជា​សកម្មភាព​ភេរវកម្ម​ផង​ដែរ​ ទាល់​តែ​មាន​ស្ថាន​ភាព​ឈ្នះ-ឈ្នះ ទើប​សង្រ្គាម​ងាយ​នឹង​​បញ្ចប់​ ហើយ​យើង​អាច​មាន​ស្ថាន​ភាព​ឈ្នះ-ឈ្នះ ទាល់​តែ​មាន​ភាព​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។​ នៅ​ក្នុង​ស្ថាន​ភាព​សង្រ្គាម​ដែល​ប្រទេស​ជា​ច្រើន​បាន​ជួប​ប្រទះ​សព្វ​ថ្ងៃ​នេះ ​គឺ​គេ​លំបាក​នឹង​ជំរុញ​ឱ្យ​មាន​ស្ថាន​ភាព​ឈ្នះ-ឈ្នះនេះ​​ណាស់​ ព្រោះ​គេ​ប្រយុទ្ធ​គ្នា​រាល់​ថ្ងៃ ​មិន​អាច​កសាង​ការ​ទុក​ចិត្ត​គ្នា​បាន​នោះ​ឡើយ។​ ​គឺ​ក្នុង​ន័យ​នេះ​ហើយ​ ដែល​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​មាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​កសាង​បរិស្ថាន​នយោ​បាយ​មួយ​ ដែល​មាន​ស្ថិរភាព​ ដែល​អាច​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​អស់​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ ហើយ​ចាប់​ផ្តើម​កសាង​ការ​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បន្តិច​ម្តង​ៗ​ ​ឈាន​ទៅ​រក​ការ​បញ្ចប់​សង្រ្គាម​។​ បទ​ពិសោធន៍​ទី២របស់​កម្ពុជា ​សម្តេច​ពិជ័យ​​សេនា​​ ទៀ បាញ់ ​បាន​បញ្ជាក់​ថា៖​ គឺ​ ដោយ​សារ​តែ​កម្ពុជា​បាន​ឆ្លង​កាត់​សង្រ្គាម​រ៉ាំរ៉ៃ ​យើង​យល់​ច្បាស់​ណាស់​​អំពី​ការ​លំបាក​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ដែល​មាន​សង្រ្គាម​​។ ដោយ​ឈរ​លើ​មូល​ដ្ឋាន​មនុស្ស​ធម៌ ​និងភាព​តរ​ភាព​ខ្ពស់​បំផុត​នេះ​ហើយ​ ទើប​កម្ពុជា​បាន​សម្រេច​ចិត្ត​បញ្ជូន​កម្លាំង​ទៅ​បរទេស​ ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​របស់​អ.ស.ប។ ឆ្នាំ​២០១៨​នេះ ​គឺ​ជា​ខួប​លើក​ទី​១២​ នៃ​ការ​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ចូល​រួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អ.ស.ប ដែល​មាន​កម្លាំង​សរុប​ចំនួន​៥,៥៧៨នាក់ (នារី​២៦៧​នាក់)​ ​លើ​ជំនាញ​បោស​សំអាត​មីន ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​អាវុធ​ហត្ថ​ វិស្វកម្ម​សំណង់ ​វិស្វកម្ម​ព្រលាន​យន្ត​ហោះ ​នាយ​ទាហាន​សេនាធិការ​ និង​សង្កេត​ការណ៍​។​ បច្ចុប្បន្ន​កម្លាំង​កំពុង​បំពេញ​បេសកកម្ម​មាន​ចំនួន​៨១០​នាក់​ (នារី៦៥​នាក់​)​ នៅ​ក្នុង​៥​ប្រទេស​ រួម​មាន​៖​ ស៊ូដង់ ​ស៊ូដង់​ខាង​ត្បូង ​ម៉ាលី​ សាធារណរដ្ឋ​អាហ្វ្រិក​​កណ្តាល​ និង​លីបង់​។​ ជា​មួយ​នឹង​បទ​ពិសោធន៍ ​ឆ្លង​កាត់​សង្រ្គាម​ស៊ីវិល ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​កម្ពុជា ​យល់​ច្បាស់​​ណាស់​​អំពី​ការ​លំបាក​​ក្នុង​​សង្រ្គាម​ ក៏​ដូច​ជា​តម្លៃ​នៃ​សន្តិភាព​។​ កម្ពុជា​បាន​លើក​កម្ពស់​តួនាទី​ស្រ្តី​ក្នុង​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​ផង​ដែរ​ ព្រោះ​យើង​គិត​ថា ​ការ​បញ្ចូល​សមាស​ភាព​ស្ត្រី​ក្នុង​ការ​ងារ​នេះ ​ក៏​ដូច​ជា​ការ​រក្សា​លំ​នឹង​យេន​ឌ័រ​ ជា​កត្តា​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជៀស​វាង​ជម្លោះ ​និង​ការ​ក្សាភាព​អហិង្សា​នៅ​មូល​ដ្ឋាន​ ព្រោះ​ថា​កង​ទ័ព​ជា​នារី ​នឹង​បន្ថែម​នូវ​ចំណេះ​ដឹង​ និង​របៀប​ដោះ​ស្រាយ​បញ្ហា​ដែល​ពេល​ខ្លះ​នាយ​ទាហាន​ជា​បុរស​ពុំ​បាន​នឹក​ដល់​។​ បន្ថែម​ពី​លើ​នេះ​ការ​បញ្ចូល​កម្លាំង​​ស្រ្តី​ក្នុង​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​ ជា​កត្តា​មួយ​ដែល​កាត់​បន្ថយ​ការ​រំលោភ​ និង​ជួញ​ដូរ​ផ្លូវ​ភេទ ​ព្រោះ​កង​ទ័ព​នារី​ នឹង​ដើរ​តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ និង​បង្ការ​កា​ររំលោភ​បំពាន​ដោយ​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​។​ មេរៀន​ទី​៣​ ដែល​​ដក​ស្រង់​ពី​បទ​ពិសោធន៍​កម្ពុជា​គឺ​ ទំនាក់​ទំនង​រវាង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព ​និង​ការ​ប្រឆាំង​ភេរវកម្ម​​ រឿង​ទាំង​ពីរ​នេះ​ស្តាប់​ទៅ​ហាក់​ដូច​ជា​មិន​ទាក់​ទង​គ្នា​ ម្យ៉ាង​ទៀត​មាន​មតិ​ខ្លះ​គិត​ថា​ ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​មិន​មាន​ប្រយោជន៍​ ខ្ជះ​ខ្ជាយ​ធន​ធាន ​រី​ឯ​អំពើ​ភេរវកម្ម​ គឺ​ត្រូវ​យក​​កម្លាំង​​យោ​ធា​​មក​បង្រ្កាប​ទើប​បាន​ ប៉ុន្តែ​​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​គិត​ថា​ប្រសិន​បើ​គ្មាន​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​ទេ​នោះ ​ប្រាកដ​ជា​នឹង​មិន​មាន​ស្ថិរភាព​នយោបាយ​ឡើយ ​ហើយ​​ស្ថាន​ភាព​បែប​នេះ ​នឹង​បង្កើត​ជា​ឱកាស​​ឱ្យ​ក្រុម​ភេរវករ​យក​ប្រទេស​នោះ​ធ្វើ​ជា​មូល​ដ្ឋាន​សុវត្ថិភាព​ និង​វាយ​ប្រហារ​ទៅ​កាន់​តំបន់​ផ្សេងៗ​ផង​ដែរ​។​

     នៅ​ក្នុង​កិច្ច​ប្រជុំ​វេទិកា​សៀង​សាន​លើក​ទី៨នេះ ​​វាគ្មិន​មក​ពី​បណ្តាល​ប្រទេស​ដ៏ទែ​ទៀត​​ ក៏​បាន​​ចូល​​រួម​ពិភាក្សា​ផ្លាស់​ប្តុរ​យោបល់ ​ដែល​ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​ស្តី​ពី​គំនិត​ថ្មីៗ​ និង​​យុទ្ធសាស្រ្ត​ថ្មី​​ សំរាប់​អភិបាល​​កិច្ច​សន្តិ​សុខ ​ការ​គំរាម​កំហែង​ដោយ​ភេរវកម្ម ​និង​វិធាន​ការ​ប្រឆាំង ​និង​​ទស្សនៈ​វិស័យ​​ដែល​ទាក់​ទង​​ទៅ​នឹង​​កិច្ច​សហ​ប្រតិបត្តិ​ការ​​​សន្តិ​សុខ​លំហរ​សមុទ្រ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ