នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ដដែលនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឱ្យ ឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាង រដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ដែលបានអនុវត្តបានយ៉ាងល្អប្រសើរ ក្នុងនាមជាបងប្អូន និងជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា។ ឯកឧត្តម ក៏បានលើកឡើងថា៖ កម្ពុជាគឺជាប្រទេសមួយ ដែលបានទទួលជោគជ័យក្នុងការគ្រប់គ្រង និងទបស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ បានយ៉ាងល្អ ពិសេសបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល ប្រជាជន ប្រទេសកម្ពុជា ដែលបានជួយគាំទ្រជួយដល់ប្រទេស និងប្រជាជនឡាវ នាពេលកន្លងមក ពិសេសការជួយឧបត្ថម្ភនូវវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់ប្រជាជនឡាវ។ ក្នុងនាមឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំកម្ពុជា ឯកឧត្តម បានប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ឲ្យកាន់តែជីតស្និត និងរឹងមាំងថែមទៀតទៅថ្ងៃអនាគត។
ជាកិច្ចឆ្លើយតប សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើន នៃចំណងមិត្តភាព សាមគ្គីភាពប្រទេសទាំងពីរ កម្ពុជាឡាវ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ៖ ខាងមុខនេះកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅពាក់កណ្តាលឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីការពារប្រទេសឡាវមកចូលរួមក្នុងកិច្ចប្រជុំនេះ ហើយយើងនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាតទៅទៀត។ ទន្ទឹមនឹងនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់អំពីជំហរ របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ លើបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជា បញ្ហាវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែនផងដែរ ៕