ព័ត៌មាន

​កិច្ច​ប្រជុំ​ទ្វេ​ភាគី ​តាម​ប្រព័ន្ធ​វីដឺអូ​ខុនហ្រ្វ៊ែន (​Video​ Co​n​fer​ence​)​ រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​-​​​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
210
2048 ​កិច្ច​ប្រជុំ​ទ្វេ​ភាគី ​តាម​ប្រព័ន្ធ​វីដឺអូ​ខុនហ្រ្វ៊ែន (​Video​ Co​n​fer​ence​)​ រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​-​​​វៀត​ណាម

       កិច្ច​ប្រជុំ​ទ្វេ​ភាគី ​តាម​ប្រព័ន្ធ​វីដឺអូ​ខុន​ហ្រ្វ៊ែន ​(Video ​Con​fer​ence​)​ និង​ពិធី​ចុះ​ហត្ថ​លេខា ​លើ​ពិធី​សារ​កិច្ច​សហ​ប្រតិបត្តិការ​ឆ្នាំ ​២០២០ ​- ​២០២១ ​រវាង​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ជា​មួយ​ នាយ​ឧត្តម​សេនីយ៍ ​ង៉ូ ​ស៊ុន​ លិច្ស​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស ​នៃសា​ធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​​ព្រឹក​​ថ្ងៃ​ទី​០៨ ខែ​មករា​ ឆ្នាំ​២០២១ ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​។​ ​កិច្ច​ប្រជុំនេះ​ ក្នុង​គោល​បំណង​ “រួម​គ្នា​វាយ​តម្លៃ​លទ្ធផល​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ​២០២០​ និង​ពិនិត្យ​ពិភាក្សា​លើ​ផែន​ការ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២១ ​រវាង​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និ​ង​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​”​​។

       តាម​រយៈ​កិច្ច​ប្រជុំ​ទ្វេភាគី​នោះ ​ឯកឧត្តម​ ង៉ូ ​ស៊ុន​លិច្ស ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ បាន​វាយ​តំលៃ​ខ្ព​ស់ចំពោះ​កម្ពុជា​ ដែល​បាន​ចូល​រួម​គាំទ្រ​យ៉ាង​សកម្ម ​ក្នុង​សកម្ម​ភាព​ដែល​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម​បាន​រៀប​ចំ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន ​ឆ្នាំ​២០២០​ ជា​ពិសេស ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​។ ​ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ ​ការ​ចូល​រួម​ផ្លាស់​ប្ដូរ​យោបល់​ របស់​នាយ​ទាហាន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក្នុង​ពេល​កន្លង​មក​ ក៏​ដូច​ជា​សម្ដេ​ច​ពិជ័យ​សេនា​​ផ្ទាល់​ បាន​រួម​ចំ​ណែក​យ៉ាង​សំខាន់​ ធ្វើ​អោយ​កិច្ច​ប្រជុំសំរេច​បាន​ជោគ​ជ័យ​នៅ​វៀត​ណាម​ក្នុង​ឆ្នាំ​២០២០​ ក៏​ដូច​ជា​ជោគ​ជ័យ​រួម​នៅ​ក្នុង​អាស៊ាន​ទាំង​មូល​។ ឯកឧត្តម រ​ដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រត្តិការ​ រវា​ង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ បើ​ទោះ​បី​ជា​ក្នុង​ឆ្នាំ​២០២០ ​ជួប​វិបត្តិ​ជំងឺ​កូវីដ​-​១​៩​ ប៉ុន្តែ​កង​ទ័ព​ទាំង​ពី​របាន​អនុវត្ត​ទៅ​តាម​ពីធី​សារ​កិច្ច​សហការ រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពី​បាន​ល្អ​ ក្នុង​នោះ​មាន​វិស័យ​បណ្ដុះ​បណ្ដាល ​ការ​ជួយ​ឧបត្ថម្ភ​ជួយ​គ្នា​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជម្ងឺ​កូវីត​-​១​៩ ​កិច្ច​សហប្រតិបត្តិការ​ រវា​ង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ ​ការ​រុក​រក​អដ្ឋិធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​ជួ​យ​ដល់​ប្រជាជន​កម្ពុជា​ កាល​ពី​សម័យ​សង្គ្រា​ម​ និង​បាន​ធ្វើ​មាតុ​ភូមិ​និវត្តិ​ទៅ​វៀត​ណាម​វិញ​។​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​


       ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី ​តាម​ប្រព័ន្ធ​វីដឺអូ ខុន​ហ្រ្វ៊ែន ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​សម្តែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការ​ងារ​ពិធី​សារ​ ដែល​បាន​រៀប​ចំ​ផែន​ការ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២១​បាន​រួច​រាល់​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ភារកិច្ច​ចំនួន​៣​ រួម​មាន​​៖​ -ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ -​កិច្ច​សហប្រតិបត្តិការ​គ្រ​ប់​គ្រង​ការ​ពារ​ព្រំ​ដែន​គោក​ និង​ព្រំ​ដែន​សមុទ្រ​ និង​កិច្ច​សហប្រតិបត្តិ​ការ ​ភស្តុភារ​ បច្ចេក​ទេស ​ឧស្សា​ហ​កម្ម​ ការ​ពារ​ជាតិ​ សម្រាប់​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារជា​តិ​ ប្រទេស​ទាំង​ពីរ ​ពិនិត្យ​សម្រេច​។ ទាក់ទ​ង​ទៅនឹ​ង​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០២០​ រវា​ងក្រសួង​ការ​ពារ​ប្រទេស​កម្ពុជា​ ​វៀត​ណាម ​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ថា៖​​ នៅ​ក្នុង​ឆ្នាំ​២០២០​ កន្លង​មក​នេះ ​ប្រទេស​យើង​ទាំង​ពីរ​ជួប​ការ​លំបាក​ បណ្តាល​មក​ពី​ការ​រាត​ត្បាត​នៃ​ជម្ងឺ​កូវីដ​១៩​ គ្រោះម​ហន្តរាយ​ធម្មជាតិ​ និង​ជម្ងឺ​ផ្សេងៗ ​បាន​នាំ​មក​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ ដែល​មិ​នធ្លាប់​មាន​ពី​មុន​មក​ ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី ​មាន​ភាព​រអាក់​រអួល ​អនុវត្ត​មិន​បា​នគ្រ​ប់ជ្រុង​ជ្រោយ​តាម​ផែន​កា​រគ្រោង​ទុក ​ទៅ​តាម​ពិធីសារ ដែ​ល​បាន​ឯកភាព​គ្នា​កន្លង​មក​​។ ប៉ុន្តែ​ប្រទេសយើ​ង​ទាំ​ងពីរ ​បាន​ជម្នះ​គ្រប់​ឧបសគ្គ​ បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​ចាំ​បាច់មួ​យ​ចំនួន​ ដែល​អាច​ធ្វើ​ទៅ​បា​ន ដូច​ជា​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ កិច្ច​សហប្រតិបត្តិ​ការ​កង​ទ័ព​ជើង​ទឹក​ កិច្ច​សហប្រតិបត្តិ​ការ​កង​កម្លាំង​ព្រំ​ដែ​ន ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ កា​រ​បណ្តុះ​បណ្តាល​ និង​ហ្វឹក​ហាត់​ ការ​រុក​រក​វេច​ខ្ចប់​ និង​ធ្វើ​មាតុ​ភូមិ​និវត្ត​អដិ្ឋធាតុ​យុទ្ធជន​ពលី​វៀត​ណាម​ ការ​ពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ ​ទទួល​លទ្ធផល​ជា​ផ្លែ​ផ្កា​។ សម្តេច​ពិជ័យ​សេនា​ បាន​វាយ​តំលៃ​ចំពោះ​ការ​អនុវត្ត​ផែន​កា​រកិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ​២០២០​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​៖ កង​ទ័​ពប្រទេស​ទាំង​ពី​រ នៅ​តែ​បន្ត​សហការ​រួម​គ្នា​យ៉ាង​ស្និត​រមួត​ ក្នុង​ភាព​អ្ន​កជិត​ខា​ងល្អ​ មិត្ត​ភាព​ជា​ប្រពៃណី ​សំដៅ​លើក​កម្ពស់​ទំនាក់​ទំនង​ឲ្យ​ដល់​កម្រិត​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ យូរ​អង្វែង​ ក្នុង​គោល​បំណង​ពង្រឹង​ និង​ពង្រីក​ចំណង​មិត្ត​ភាព​ ស្មារតី​សាមគ្គី​ភាព​ជា​ភាតរៈ​ និ​ង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការ​ពារ​ជា​តិ នយោ​បាយ​ សន្តិសុខ ​សេដ្ឋកិច្ច​ និង​សង្គម ​វប្បធម៌​ ដែល​ជា​កត្តា​គន្លឹះ ​សម្រា​ប់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ បម្រើ​ឲ្យ​កិច្ចការ​តំបន់ ​និង​អន្តរជាតិ ​ក្នុង​ការ​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ​និង​ពហុ​ភាគី​។​

       ទាក់​ទង​ទៅ​នឹង​ផែន​ការ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២១​ រវាង​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ និង​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ សម្តេច​ពិជ័យ​សេ​នា បាន​ជម្រុញ​អោយ​ការ​អនុវត្ត​ពិធី​សារ​ផែន​ការ​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ​២០២១​នេះ​ ឲ្យ​បាន​កាន់​តែ​សកម្ម​ និង​មាន​ប្រសិទ្ធ​ភាព​ ពី​ព្រោះ​ជា​មូល​ដ្ឋាន​គ្រឹះ​ មិន​អាច​ខ្វះ​បាន​ សម្រាប់​អភិវឌ្ឍន៍​ និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀត​ណាម​។

       តាម​រយៈ​ការ​វាយ​តម្លៃ​អំពី​លទ្ធផល ​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ​ ២០២០ ​ក៏​ដូច​ជា​ដាក់​ទិស​ដៅ​ទៅ​ណែនាំ​ឆ្នាំ ​២០២១ ​នេះដែ​រ​ ឯកឧត្តម ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ក៏​បាន​លើក​ឡើង​អំពី​ការ​រៀប​ចំ​អោយមា​ន​​កិច្ច​​ប្រជុំ​មិត្តភាព​ការ​ពារ​ជាតិ​ព្រំ​ដែន ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​លើក​ទី​​១ ​ក្នុង​ឱកាស​ដែល​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​។ តាម​រយៈ​កិច្ចប្រជុំ​នេះ​ដែល​ រដ្ឋមន្ត្រី​ទាំង​ពី​របាន​ឯកភាព​ក្នុង​ការ​បង្កើន​កិច្ច​សហប្រត្តិការ​រវាង​បណ្ដា​យោធ​ភូមិ​ភាគ​ នៅ​តាម​បន្ទាត់​ព្រំ​ដែន​ និង​កម្លាំង​គ្រប់​គ្រង​ការ​ពារ​ព្រំ​ដែន​ក្នុង​ការ​ទប់​ស្កាត់​ ប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន​ ការ​ជួញ​ដូរ​គ្រឿង​ញៀន ​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ល្បាត​រួម​គ្នា​ត្រួត​ពិនិត្យ​អោយ​បាន​ហ្មត់​ចត់​តាម​ខ្សែ​ព្រំ​ដែន​ តាម​ច្រក​របៀង ​ដើម្បី​ទប់​ស្កាត់​បណ្ដា​សកម្មភាព​ នាំ​ចេញ ​នាំ​ចូល​ខុស​ច្បាប់​ និង​រួម​ចំ​ណែក​ទប់​ស្កាត់​​ ប្រឆាំង​ជំងឺ​កូវីដ​-​១៩​ ក្នុង​ប្រទេស​នី​មួយ​ៗ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ