ព័ត៌មាន

ឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីវិធានការពង្រឹង អនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
នាយកដ្ឋានព័ត៌មាន(៣)
121
1685 ឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីវិធានការពង្រឹង អនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

      នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ បានប្រារព្វពិធីផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីវិធានការពង្រឹង អនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់ កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ក្រោមអធិបតី ឯកឧត្ដម ឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងទឹក តំណាង ឯកឧត្ដម ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំងមាន ការចូលរួមពី ឯកឧត្ដម អស់លោក នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក ចំនួន៤៥០នាក់ បានចូលរួម។

 ឯកឧត្ដម ឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងទឹក តំណាង ឯកឧត្ដម ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ


      ថ្លែងទៅកាន់ពិធីផ្សព្វផ្សាយ ឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង បានមានប្រសាសន៍ថា៖ កងយោធពលខេមរភូមិន្ទ ជាកងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចបម្រើប្រទេសជាតិ មាតុភូមិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺការពារ កសាង ជាតិមាតុភូមិ ដើម្បីផលប្រយោជន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទមានភារកិច្ច ចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និង ជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬមានគ្រោះមហន្តរាយផ្សេងៗ។ ដើម្បីអនុវត្តច្បាប់ស្ដីពីលក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងអនុក្រិត្យ ស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ខាងលើអោយមានប្រសិទ្ធភាព ធានាដល់ការបំពេញភារកិច្ចជូនប្រទេសជាតិ កងយោធពលខេមរភូមិន្ទនិយាយរួម និងនិយាយដោយលែក កងទ័ពជើងទឹក ត្រូវគោរពវិន័យឱ្យបានម៉ឹងម៉ាត់ មានសាមគ្គីភាព និង ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង នៅគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

      ឯកឧត្តម វណ្ណ ប៊ុនលៀង បានបញ្ជាក់ទៀតថា៖ ដើម្បីឱ្យយោធិន នៃកងយោធពលខេមរភូមិន្ទ គោរព វិន័យបានយ៉ាងម៉ឹងម៉ាត់ មានភក្ដីភាព ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ចំពោះជាតិមាតុភូមិ និង ការឯកភាពគ្នា ដោយសេចក្ដីថ្លៃថ្នូរ យោធិនគ្រប់រូប ត្រូវគោរពឱ្យបានម៉ឹងម៉ាត់ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃ ខ.ភ.ម. អនុក្រិត្យ ស្ដីពីបទវិន័យទូទៅសម្រាប់ ខ.ភ.ម. និងលំហាត់របៀបយោធា នៃកងយោធពលខេមរភូមិន្ទ ដែលសេចក្ដីណែនាំបានដាក់ចុះ ដើម្បីឱ្យយោធិនគ្រប់រូបគោរពវិន័យកាន់តែម៉ឹងម៉ាត់ ល្អប្រសើរថែមទៀត។

      សូមបញ្ជាក់ថា៖ នៅក្នុងសេចក្តីណែនាំរបស់ក្រសួងការពារជាតិ បានណែនាំដល់យោធិនគ្រប់កងឯកភាព ត្រូវចូលរួមក្នុងការអនុវត្តនូវចំណុចសំខាន់ៗរួមមាន ៖

      ទី១- យោធិនគ្រប់រូបដែលចង់បកស្រាយជាសាធារណៈ ជាអាទិ៍ការសរសេរ ការធ្វើសន្តិសីទ ឬ សេចក្ដីថ្លែងការណ៍ នូវបញ្ហានយោបាយ ការសម្ងាត់យោធា ឬការចោទប្រកាន់ជនបរទេស ឬអង្គការ អន្តរជាតិណាមួយ ត្រូវមានការអនុញ្ញាតពីរដ្ឋមន្រី្តក្រសួងការពារជាតិ និងភាពជាយោធិន ការប្រើសិទ្ធិ កូដកម្ម ឬបាតុកម្ម ត្រូវបានហាមឃាត់ (ដូចមានចែងក្នុងជំពូកទី២ មាត្រា១០ និង១៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ)។

      ទី២- ការដាក់ទណ្ឌកម្ម ចំពោះយោធិនណា ដែលមានកំហុស យោធិនត្រូវទទួលទណ្ឌកម្មយោធា ដោយមិនគិតពីការផ្ដន្ទាទោសតាមផ្លូវតុលាការ។

      .ទណ្ឌកម្មខាងផ្នែកវិន័យដែលកំណត់ដោយបទវិន័យទូទៅក្នុងកងយោធពលខេមរភូមិន្ទ

      .ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ ដូចមានចែងក្នុងជំពូកទី៧

      យោធិនគ្រប់រូប ក្នុងពេលបម្រើការងារ ត្រូវស្លៀកពាក់ឯកសណ្ថានដែលមានសក្ដិ ស្លាកសញ្ញា បរិក្ខាររួមផ្សំផ្សេងៗ តាមការងារចាំបាច់ និងតាមការកំណត់របស់មេបញ្ជាការ ឬការកំណត់ក្នុងពិធីនីមួយៗ។ ការធ្វើដំណើរក្រៅបរិវេណអគារ ដាច់ខាតត្រូវពាក់មួក និងការត្រួតពិនិត្យការស្លៀកពាក់ គឺការទទួលខុសត្រូវជាអចិន្រៃ្តយ៍នៅគ្រប់លំដាប់ថ្នាក់នៃឋានានុក្រុម។ សេចក្តីណែនាំរបស់ក្រសួងការពារជាតិ បានណែនាំដល់យោធិនគ្រប់រូប នូវចំណុចសំខាន់ៗជាច្រើនទៀត ដើម្បីអោយយោធិនទាំងអស់គោរព និងអនុវត្តអោយបាន ដើម្បីជៀសវាងការប្រព្រឹត្តនូវកំហុសឆ្គងផ្សេងៗ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ