ព័ត៌មាន

ពិធី​ប្រកាស​សមាស​ភាព​ អនុ​គណៈ​កម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
81
1592 ពិធី​ប្រកាស​សមាស​ភាព​ អនុ​គណៈ​កម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​កោះ​កុង​

      កាល​ពី​ថ្ងៃទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២០​ កន្លង​ទៅនេះ​ នៅ​ខេត្ត​កោះកុង ​បាន​ប្រារព្ធ​ពិធី​​ប្រកា​ស​​សមាស​​ភាពអនុគណៈ​កម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​កោះកុង​ ដែល​​ពិ​ធីប្រកាស​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​សាង​សាង់​វិមាន​ឈ្នះ ឈ្នះ។

លោក​ជំទា​វ មិថុនា ​ភូថង ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង 


      លោក​ជំទា​វ មិថុនា ​ភូថង ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា៖​ ខេត្ត​កោះ​កុង មាន​ទីតាំង​ស្ថិត​នៅ​ភាគ​និរតី​ នៃ​ប្រទេស​កម្ពុជា ​មានចំ​ងាយ ​២៩០​គីឡូម៉ែត្រ ពី​​រាជ​ធា​នី​ភ្នំពេញ​ មាន​ព្រំ​ប្រទល់ខាង​កើត​ជាប់​ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​កំពង់​ស្ពឺ​ ខាង​លិច ​និង​​ខា​ង​ត្បូង​​ជា​ប់ឈូង​សមុទ្រថៃ​​ ខាង​ជើង​ជាប់នឹង​ខេត្ត​ពោសាត់។​ ខេត្ត​កោះកុ​ង​មាន​ផ្ទៃ​ដីសរុប​ ១០,០៤៥.៥៨​គីឡូ​​ម៉ែត្រ​ការ៉េ​។ ដែន​ដី​រដ្ឋ​បាល​ខេត្ត​កោះកុងត្រូវ​បាន​បែង​ចែក​ជា​ក្រុង​១​, មាន​៣​សង្កាត់, មានស្រុក​៦, មាន២៦ឃុំ ​និង​មាន​ភូមិ​ចំនួន​១១៩​ភូមិ​។​ ប្រជា​ពល​រដ្ឋ​ខេត្ត​កោះកុង​ ​មា​នមុ​ខ​​របរធ្វើ​នេសាទ​ ធ្វើជំនួញ ​ធ្វើស្រែចំការ និង​រក​អនុផល​ព្រៃឈើ ​វារីវប្បកម្ម​ និង​ កម្មករ​រោង​ចក្រ​។​ លោក​ជំទាវ​ បានបញ្ជាក់ថា៖ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លៀសវៃ ​ប្រកប​ដោយគ​តិ​បណ្ឌិត​របស់​ ​សម្តេច​​តេជោ​ ហ៊ុន ​សែន​ បាន​ដាក់​ចេញនូវ​គោល​នយោ​បាយឈ្នះ ឈ្នះ​ បាន​ធ្វើអោយ​​ប្រទេស​​ជា​តិ​​ទាំ​ង​មូល​ ​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​មាន​​ស្ថេរភា​ព​នៅទូ​ទាំង​​ប្រទេ​ស ​ធ្វើអោយ​​ប្រជាពលរដ្ឋ​​ទាំង​អស់​ ​ទទួលបា​នសេ​ចក្តី​សុខ​សប្បាយ​រីក​រាយ​ និង​មាន​ឱកាស​ធ្វើការ​អភិវឌ្ឍ​ទូទាំង​ប្រទស​ ក្នុង​នោះខេ​ត្ត​កោះកុ​ង ​ក៏មា​នការ​​អភិវឌ្ឍ​គួរ​អោយ​កត់​សំគាល់​ លើ​គ្រប់​វិស័យ​ផង​ ជាក់​ស្តែង​កន្លង​​ម​ក​ខេត្ត​កោះកុ​ង​​ ទទួល​បាន​នូវស​មិទ្ធផល​សំខាន់ៗ​ ជា​ច្រើន​ ទាំង​រចនាសម្ព័ន​ និង​ទទួល​​ការ​វិនិយោគ​​ជា​​បន្ត​បន្ទាប់​ ​ដែល​បាន​រួម​ចំណែ​ក​​ប្រែក្លាយ​ទឹក​ដី​​ខេត្ត​កោះ​កុង​​ អោយ​ក្លាយ​ទៅ​​ជា​ទឹក​ដី​ ​ដែ​ល​មា​ន​ភាព​​​​ទាក់​ទាញ​ស្រស់​បំព្រង​ និង​មាន​ផា​សុខភាព​ សក្ត័សម​ជា​ខេត្ត​ដែល​​ប្រសិទ្ធ​នាម​ថា៖​​ ជា​តារារះ​នៅ​ទិស​និរតី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​​ លោក​ជំទាវ​ មិថុនា ​ភូ​ថង ​បាន​បន្តថា៖​ នៅ​​ពេល​​នេះ​ប្រជាពលរដ្ឋ​ខេត្ត​កោះ​កុង​ មាន​សេចក្តី​រំភើប​រីក​រាយ​ ដែល​បាន​ទទួល​​នូវ​សមិទ្ធផល​​​ជា​ប្រវត្តិ​​សាស្ត្រ​ថ្មី​មួយ​ទៀត​ មិន​អាច​កាត់​ថ្លៃ​បាន​ គឺ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ​ដែល​​នឹ​ង​​ត្រូ​វ​​កសាង​នៅលើ​ទឹក​ដី​ខេត្ត​កោះ​កុង​ នា​ពេល​ខាង​មុខ​​នេះ​ ហើយសមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​​  បាន​​ផ្តល់​​កិត្តិយស​បន្ថែម​ទៀត ​លើ​មុខ​មាត់​ថ្មី ​បន្ថែម​លើ​ទឹក​ដី​ខេត្ត​កោះកុ​ង ​ដែល​ជា​ទឹកដី​​ធ្លាប់​​មា​ន​ប្រវត្តិ​​សាស្ត្រ​ ​រួ​ម​ចំ​ណែក​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

 សម្តេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​សាង​សាង់​វិមាន​ឈ្នះ ឈ្នះ


      នៅ​ក្នុង​ឱកាស​នោះ ​បន្ទា​ប់​ពី ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯ​ក ខៀវ ​ឆេន​ នាយក​​ខុទ្ទការ​ល័យ​ ​សម្តេច​​​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​ឡើង​អាន​​សេចក្តី​សំរេច​ស្តី​ពី​​កា​របង្កើត​គណៈ​កម្មការ​​សាង​សង់​​ស្តូប​​អនុស្សាវរីយ៍​​នយោ​បាយ​ឈ្នះ ឈ្នះ ​នៅខេ​ត្ត​កោះកុង ​ដែល​នៅ​ក្នុង​សេចក្តី​សំរេច​បាន​តែង​តាំង​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន ​លើត ​រដ្ឋលេខា​ធិការ​ក្រសួង​​កា​រពារ​ជាតិ​ ជា​​ប្រធាន​​គណៈកម្មការ​​សាង​សង់​​ និង​តែង​តាំង​អនុ​ប្រធាន​ចំនួន ​២០​រូប​ ព្រម​ទាំង​សមាជិក​អនុគណៈកម្មការ​​សា​ង​សង់​ ចំនួន​១២៣​រូប​ រួច​មក​។ ថ្លែង​ក្នុង​ពិធី​ប្រកាស​​សមាស​ភាព​អនុគណៈកម្មការ ​សាង​សង់​ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះ​កុង​​​នាពេល​​នោះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ បាន​អរគុណ​សន្តិភាព​ អរគុណ​នយោបាយឈ្នះ ឈ្នះ ដឹង​គុណ​ស្ថាប​និក​ និង​ប្រតិបត្តិក​រ​នយោ​បាយ​ឈ្នះ​ ឈ្នះ ​ដែល​បាន​បង្កើត​សន្តិភាព​នៅ​កម្ពុជា​​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ សម្តេច​ពិជ័យ​សេនា​ បាន​ញ្ជាក់​ថា៖ ​កម្មវិធី​ផ្សព្វ​ផ្សាយ​​នៅ​​ពេល​នេះ​ គឺការប្រកាស​​ចេញនូវ​​អនុគណៈ​កម្មការ​​ ដើម្បី​សាងស​ង់នូវ​ស្តូប​អនុស្សាវរីយ៍ ​នយោបាយឈ្នះ ឈ្នះ ក្នុង​ខេត្ត​កោះកុង។ សម្តេច​​ពិជ័យ​សេនា​ បន្ត​ថា៖ ​គណៈកម្មការ​សាង​សាង់ ​វិមាន​ឈ្នះ ឈ្នះ នឹង​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបា​យ​ឈ្នះ ​ឈ្នះ​ ​នៅតាម​តំបន់​ជា​ច្រើន​កន្លែង​ ក្នុ​ងនោះមាន​តំបន់​ដែល​​បា​នបញ្ចប់​សង្រ្គាម​ចុង​​ក្រោ​យគេ ​ក្រោម​​គោល​នយោបាយ ​ឈ្នះ ​ឈ្នះ​ នៅ​អន្លុង​វែង​ ខេត្ត​ឧត្ត​មាន​ជ័យ​ និង​តំបន់​មួយ​ទៀត​ដែល​​បា​នបំផ្ទុះ​ធំ​ជាង​​គេ​ ក្នុង​ការ​​អនុវត្តិ​​នយោ​បាយ​​ឈ្នះ ឈ្នះ​ ដែល​មាន​ការ​ចូលរួម​​​ពីប្រតិបត្តិការ​ជា​​ច្រើន​ គឺ​តំបន់​ប៉ៃលិ​ន និង​តំបន់​ចាប់​​ផ្តើម​អនុវត្តិ​​នយោបាយ​ឈ្នះ ឈ្នះ​ គឺ​តំបន់​ឱរ៉ាល់ ​ខេត្ត​កំពង់​ស្ពឺ ​​ដែ​លមាន​កង​ពល​លេខ​១៨​ របស់​ឯកឧត្តម​ កែវ​ ពង់​

    សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖​ ​​​ការ​សាង​សង់​​ស្តូប​អនុស្សាវរីយ៍ ​នយោ​បាយ​ឈ្នះ ឈ្នះ​ នៅខេត្ត​កោះ​កុង​មុន​​គេ​​​នាពេល​នេះ​ គឺ​​ដើម្បី​ដក​ពិសោធលើ​ការ​សាង​សង់​ ថា​​តើ​ក្នុង​ដំណើរ​ការ​សាង​សង់​​ស្តូប​ ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង​នេះ​ មាន​​ជួប​ការ​​លំបាក​អ្វីខ្លះ​ អាច​ពុះពារ​ បាន​កំរិត​ណា ​ហើយ​ល្បឿន​នៃ​ដំណើរ​ការ​សាង​សង់នេះ​​ប្រព្រឹត្ត​​ទៅ​​យ៉ា​ង​ដូច​ម្តេច​ដែរ​។ សម្តេច​ពិជ័យ​សេនា ​បាន​​សង្កត់​ធ្ងន់​ថា៖ ​ក្រោយ​ពី​​បាន​​អនុវត្តិ​​នយោ​បាយ​ឈ្នះ ឈ្នះ ​ខេត្ត​កោះកុ​ង​បាន​ទទួល​នូវ​សមិទ្ធផល​ថ្មី​មួយ​គឺ​ស្ពាន​ កោះកុង ​ឆ្លង​​​ពីក្រុង​​ខេមរ​ភូមិន្ទ​ ទី​រួម​ខេត្ត​កោះ​កុង​ ទៅ​ស្រុក​មណ្ឌល​សីម៉ា​ ដែល​ជា​ស្ពាន​​វែ​ងជាង​​គេ​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​។ ​សម្តេច​ពិជ័យ​សេនា ​បាន​ជំរុញ​ដល់​​ក្រុម​ការ​ងារ​​សា​ងសង់​​ស្តូប​អនុស្សាវរីយ៍​ នយោបាយ​ឈ្នះ ឈ្នះ ​នៅខេ​ត្តកោះ​កុង​​ត្រូវ​ស្រាវ​ជ្រាវ​​យ​កខ្លឹម​សារ ​ប្រវត្តិ​សាស្ត្រ​ ដែល​​មា​ននៅ​ក្នុង​​ខេត្ត​កោះកុង​ ​ម​កចារឹក​​ អោយ​មាន​ភាព​លេច​​ធ្លោ​នៅ​ស្តូប​អនុស្សាវរីយ៍​ នយោបាយ​ឈ្នះ ឈ្នះ ​ដែលនឹ​ង​ត្រូវ​សាង​សង់​នៅខេ​ត្ត​កោះ​កុង​នាពេ​លនេះ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ​សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​ថ្លែងអំណរគុណ ​ដល់​​សប្បុរសជន​ក្នុង​​អនុគណៈ​កម្មការ​សាងស​ង់​​ស្តូបអ​នុស្សាវរី​យ៍​នយោ​​បាយ​ឈ្នះ ឈ្នះ​ ដែល​​បា​ន​ជួ​យឧបត្ថម្ភ​ គាំទ្រ​ដល់​ដំណើរការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ​នៅ​​ខេត្ត​កោះ​កុង​នេះ។

     សូម​បញ្ជាក់ថា៖ ​ការសាងសង់​ស្តូបអនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​កោះកុងនេះ​ នឹង​សាង​សង់​យក​តាម​ទំរង់​ ៣​-​៥-​៧​ ដូច​សំណង់​វិមាន​ឈ្នះ ឈ្នះ​ នៅ​រាជធានី​ភ្នំពេញ​។​ កា​សាង​សង់​ស្តូប​នេះ​មាន​កំពស់​ ៤៣​ម៉ែត្រ ឋិត​នៅ​លើភ្នំ​ ក្នុ​ង​ភូមិ​បឹង​ឃុន​ឆាំង​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ តាម​ដង​ផ្លូវ​ជាតិ​លេខ​៤៨ ​ដែល​ស្ថិត​នៅ​ចំងាយ​ជាង​១០​គីឡូ​មែត្រ​ ពី​ក្រុង​ខេមរភូមិន្ទ ​ទី​រួម​ខេត្ត​កោះកុង