ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បិទ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​បុគ្គលិ​ក​
នាយកដ្ឋានព័ត៌មាន(៣)
37
1328 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បិទ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​បុគ្គលិ​ក​

    សិក្ខាសាលាបូកសរុបលទ្ធផលការងារបុគ្គលិក រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើក​ទិស ដៅការងារសម្រាប់ ៥ឆ្នាំបន្ត (២០២០-២០២៤) បានប្រារព្ធពិធីបិទនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានវត្តមានចូលរួម​ផង​​ដែរ​ពី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គ​នាយក​ដ្ឋានយោធសេវា និងជានាយក​ នាយក​ដ្ឋានបុគ្គលិក 


     តាមរបាយការណ៍បូកសរុបលទ្ធផល អង្គសិក្ខាសាលា ស្តីពីការងារបុគ្គលិក នៃកងយោធ​ពលខេម​រភូមិន្ទ ថ្លែងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គ​នាយក​ដ្ឋានយោធសេវា និងជានាយក​ នាយក​ដ្ឋានបុគ្គលិក បានឲ្យដឹងថា៖ អង្គ​សិក្ខា​សាលា​បានដំណើរការអស់រយៈពេល ១ ថ្ងៃកន្លះ ចាប់ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ អង្គសិក្ខាសាលាបានរៀបចំឡើង​ក្នុងគោលបំណង​ ដើម្បីផ្សព្វផ្សាយ លទ្ធផលការងារបុគ្គលិក រយៈពេល៥ឆ្នាំកន្លងមក និងទិសដៅការងារអនុវត្ត៥ឆ្នាំបន្ត ដើម្បីឆ្លុះបញ្ចាំង ​ឲ្យបានគ្រប់​ជ្រុង​​ជ្រោយ​នូវអ្វីដែលយើងអនុវត្តបានសម្រេច និងបញ្ហាប្រឈមអ្វីខ្លះ​ដែល​កំពុងជួបប្រទះ​អនុវត្ត​មិនទាន់បានល្អ។ សិក្ខាសាលានាពេលនេះ បានផ្តល់ឱកាសឲ្យតាមបណ្តា ស្ថាប័ន កងឯកភាព ផ្តល់មតិយោបល់កែ​លម្អ​លើ​ទិស​ដៅ ​និងវិធានការសម្រាប់អនុវត្ត​នាពេល​ខាងមុខ​ឲ្យមាន​លក្ខណៈកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងសេចក្តី​ត្រូវការចាំបាច់ជាក់ស្តែង និង​អាច​អនុវត្ត​បានយ៉ាងមានប្រសិទ្ធភាព។ ក្នុងនោះជំនាញនីមួយៗ​បាន​រៀប​ចំ​ឯកសារ​ធ្វើការណែនាំបន្ថែម អំពីការងារជំនាញមួយចំនួនដល់អង្គសិក្ខាសាលា ដើម្បីជាមូលដ្ឋាន​ក្នុងការពង្រឹង​សមត្ថភាព​ជំនាញបុគ្គលិក ស្របតាមសេចក្តីត្រូវការ សំណូមពរ ភារកិច្ច និងទិសដៅ​កំណែទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ 


    តាងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យ​សេនា ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ​ដល់នាយទាហាន មេបញ្ជាការ មេបញ្ជាការ​រង គ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុង​​កង​យោធពល​ខេមរ​ភូមិន្ទ ​ដែល​បាន​ខិត​ខំ​​ពុះពារ​អនុវត្ត​ភារកិច្ច​សម្រេចបានជោគជ័យ ក្នុងរយៈពេល៥ ឆ្នាំ ​កន្លង​មកនេះ។​ សម្តេចពិជ័យសេនា បាន​គូសបញ្ជាក់ថា៖ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួង ការ​ពារ​​ជាតិ បានយក​ចិត្តទុក​ដាក់ធ្វើការកែទម្រង់កាន់តែស៊ីជម្រៅថែមទៀត ទាំងរចនាសម្ព័ន្ធចាត់តាំង តួនាទីភារកិច្ច តាម​រយៈការអភិវឌ្ឍ ធនធានមនុស្សឲ្យមានជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព ប្រកបដោយ​ប្រសិទ្ធ​ភាព​ បានលើក​កម្ព​ស់​គុណភាពការងារ ប្រកបដោយការទទួលខុសត្រូវ និងបាន​ធ្វើការ​កែប្រែឥរិយាប​ថ​បត់​បែន​ ប្រកប​ដោយភាពឈ្លាសវៃ តាមស្ថានភាពប្រទេសជាតិ​មាន​ការ​វិវត្តន៍រីកចម្រើនលើគ្រប់វិស័យ ដែលជា ការ​ឆ្លើយ​តបទៅនឹង​តម្រូវការចាំបាច់របស់​កងយោធ​ពល​ខេមរភូមិន្ទ សំដៅបម្រើជាតិ និងប្រជាពលរដ្ឋ កាន់​តែ​ប្រសើរ​ឡើង ​ដោយទឹក​ចិត្តមោះមុត មានភក្តីភាព និងមានសីលធម៌វិជ្ជាជីវៈ​។ ក្រសួង​ការពារជាតិនៅ​តែចាត់​ទុក​ការងារគ្រប់គ្រង​ចំនួនទ័ព គឺជាអាទិភាពដ៏សំខាន់បំផុត សម្រាប់បម្រើឲ្យវិស័យការពារជាតិ។

     ចំពោះមុខនេះ កងយោធពលខេមរភូមិន្ទ ត្រូវខិតខំលើកកម្ពស់គុណភាព សមត្ថភាព​របស់​ខ្លួនឲ្យមានការ​រីក​​ចម្រើនលើគ្រប់វិស័យ ស្របតាមសភាពការណ៍ជាតិ អន្តរជាតិ មានការវិវត្ត​រីកចម្រើននៅក្នុងដំណាក់កាលថ្មី ដូចនេះ ត្រូវពង្រឹងស្មារតីសម្រេចឆន្ទៈ គោរពក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងគ្រប់គ្រងចំនួនទ័ព ឲ្យ​ធានាបានទាំងបរិមាណ និងគុណភាព ដើម្បីត្រៀមលក្ខណៈអនុវត្ត​ភារ​កិច្ច​ ដែល​រាជរដ្ឋា​ភិ​បាល​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ប្រគល់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់។

     ដើម្បី​សម្រេចបាននូវចក្ខុវិស័យខាងលើ សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យ​នាយ​ទាហានទាំងអស់ ដែល​ធ្វើ​ជាសេនាធិការជូនមេបញ្ជាការគ្រប់ជាន់ថ្នាក់ លើការងារ​បុគ្គលិក​ត្រូវយក​ចិត្តទុកដាក់លើកកម្ពស់ ការគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់​របស់រដ្ឋ និងច្បាប់​ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកង យោធ​ពល​ខេម​រភូមិន្ទ ពិសេស​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាពនូវអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់, បាវចនា២​របស់​សម្តេចតេជោ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ​ ក្នុង​ស្មារតីឯករាជ្យ និងអនុសាសន៍​​សំខាន់ៗ​​១​០ចំណុច​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងពិធីរំឭកខួប​អនុស្សាវរីយ៍​លើក​ទី​២០ ថ្ងៃបង្កើត​បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងមក ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ