កាលពីថ្ងៃទី១១ ខែមិថុនា បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានធ្វើពិធីប្រជុំបូកសរុបការងារយោធាឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការការងារយោធាឆ្នាំ២០១៩ និងពិធីបំពាក់ឋានន្តរសក្កិដល់នាយទាហាន នាយទាហានរង របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ។
លោក ឧត្តមសេនីយ៍ត្រី កុយ សិរីវុឌ្ឍី នាយសេនាធិការ មេបញ្ជាការ-រង បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ក៏បានឡើងអានរបាយការណ៍បូកសរុប ស្តីពីការលទ្ធផលការងារឆ្នាំ២០១៨ ដែលសម្រេចបានរួមមាន៖ ការងារប្រតិបត្តិការសឹក -ការងារបុគ្គលិក -ការងារបច្ចេកទេស -ការងារហ្វឹកហ្វឺន -ការងារវិស្វកម្ម -ការងារសម្ពន្ធ័មេត្រីភាព និងការងារសង្គម។ ក្រោយពីបានតាមដានស្តាប់របាយការណ៍ឆ្នាំ២០១៨ ទិសដៅឆ្នាំ២០១៩ រួចមក បណ្តាអង្គភាពរថក្រោះ-រថពាសដែក ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បានឡើង និងមានយោបល់ពាក់ពន្ធ័ទៅលើការងារប្រឈមនានា និងការងារលំបាកមួយចំនួនក្នុងការអនុវត្តន៍ភារកិច្ចឆ្នាំ ២០១៨ កន្លងមក លើការងារគ្រប់គ្រង លើការងារហ្វឹកហ្វឺន និងលើការងារធានាបច្ចេកទេស។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ បានបញ្ជាក់បន្ថែមអំពីការអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ និងបានលើកឡើងពីការដោះស្រាយនូវការងារលំបាកមួយចំនួន ជាមួយការងារចាំបាច់ជាបន្ទាន់មួយ ក្នុងការអនុវត្តន៍ការងារជាបន្តទៅថ្ងៃខាងមុខ។ ក្នុងឱកាសនោះដែរបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ក៏បានប្រកាស និងបំពាក់ឋានន្តរសក្កិជូនដល់ នាយទាហាន នាយទាហានរង ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនដល់អង្គភាព នាពេលកន្លងមក មានចំនួន ២១នាក់ ក្នុងនោះមាន៖ ថ្នាក់អនុសេនីយ៍ឯកចំនួន ០៤នាក់ -ថ្នាក់អនុសេនីយ៍ទោចំនួន ០៥នាក់ -ថ្នាក់អនុសេនីយ៍ត្រីចំនួន ០៨នាក់ -ថ្នាក់នាយចំណង់ចំនួន ០៤នាក់។
ឯកឧត្ដម ឡាញ់ កៅ បានមានប្រសាសន៍ថា៖ កងទ័ពរថក្រោះ គឺជាកងទ័ពជំនាញដ៏សំខាន់មួយ ក្នុងចំណោមជំនាញទាំងឡាយរបស់កងទ័ព ដែលទាមទារឲ្យនាយទាហាន ពលទាហាន មានការយកចិត្តទុកដាក់សិក្សារៀនសូត្រ លើកកម្ពស់សមត្ថភាពជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពលើកិច្ចការពង្រឹងខឿនការពារជាតិមាតុភូមិ និងប្រជាជន។ ឯកឧត្ដម ក៏បានផ្តាំផ្ញើរដល់នាយទាហាន និងពលទាហានបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន និងមានភាពស្មោះត្រង់ដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ៕