ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះយោធាចារ្យ និងសិក្ខាកាម វគ្គសិក្សាបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី ៤ ឆ្នាំ ២០២៣នេះ ពិតជាទទួលបាននូវពុទ្ធិថ្មីៗពីការបំប៉នចំណេះដឹង និងជំនាញ បន្ថែមទៀតដល់សិក្ខាកាមទាំងអស់ គួរឱ្យកោតសរសើរ ។ ការសិក្សាទទួលបានលទ្ធផលគាប់ប្រសើរ ដូចក្នុងរបាយការណ៍រៀបរាប់របស់ នាយក នាយកដ្ឋានហិរញ្ញវត្ថុបានបញ្ជាក់ជូនមុននេះ។ ពិធីនេះប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាល”បាយ័ន”ទីស្តីការក្រសួងការពារជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្តទៀតថា៖ រយៈពេលកន្លងមក ទោះបីព្រះរាជាណាចក្រកម្ពុជាទទួលរងគ្រប់ផលប៉ះពាល់ ដោយឥទ្ធិពលវិបត្តិជំងឺកូវីដ-១៩ នយោបាយសកលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមានការធ្លាក់ចុះ មួយចំនួនក៏ដោយ តែប្រទេសកម្ពុជានូវតែរក្សាបានកំណើនសេដ្ឋកិច្ចមកវិញជាបណ្ដើរៗ។ ទន្ទឹមនិងនេះកងយោធពលខេមរភូមិន្ទដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកការពារបូរណភាព ទឹកដី ខឿនសេដ្ឋកិច្ចជាតិ និងការអនុវត្តគ្រប់ការងារទាំងអស់ ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ប្រគល់ឲ្យទទួលជោគជ័យជាបន្តបន្ទាប់។ ដោយឡែកការងារធានារបស់ភស្តុភារ ហិរញ្ញវត្ថុជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបាន ត្រូវតែចាត់តាំងអ្នកបម្រើ និងផ្គត់ផ្គង់ដល់យោធិនគ្រប់រូបឲ្យបានល្អជារៀងរាល់ថ្ងៃ ទាំងប្រាក់បៀវត្ស ថវិកាសម្ភារៈ ការហូបចុកស្នាក់នៅជាដើម។ ដើម្បីបម្រើការងារនេះបានល្អទាន់ពេលវេលា ចាំបាច់ត្រូវមានប្រភពធនធានមនុស្ស មានជំនាញច្បាស់លាស់ សម្រាប់ប្រតិបត្តិ និងអនុវត្តធ្វើសកម្មភាពដោះស្រាយ បើកផ្ដល់ទាន់ពេលវេលា ជូនកងយោធពលខេមរភូមិន្ទ។ ឥឡូវនេះវគ្គសិក្សាយើង ត្រូវបញ្ចប់ទាំងស្រុង សិក្ខាកាមទាំងអស់ ពេលត្រឡប់ទៅបម្រើការងារតាមបណ្ដា កងឯកភាពវិញ ធ្វើយ៉ាងណាត្រូវប្រកាន់ខ្ជាប់ នូវគំរូល្អមានសាមគ្គីផ្ទៃក្នុងស្អិតល្មួត មិនប្រព្រឹត្តអំពើអបាយមុខ ល្បែងស៊ីសង និងការសេពគប់គ្រឿងញៀនជាដើម។
គួររំឮកផងដែរថា៖ វគ្គសិក្សានេះមានរយៈពេលចំនួន ៣ខែ មានសិក្ខាកាមសរុប ៩៦នាក់ ក្នុងនោះនារី ១៧នាក់ បោះបង់ការ សិក្សាមួយនាក់។ លទ្ធផលនៃការសិក្សាទទួលបាននិទ្ទេសល្អណាស់ ៥នាក់ និទ្ទេសល្អ ៦៦នាក់ និទ្ទេសល្អបង្គួរ ១៣នាក់ និងមធ្យម ១១នាក់។ នេះជារបាយការណ៍ហ្វឹកហ្វឺនអានដោយ ឧត្តមសេនីយ៍ទោ គឹម សុវណ្ណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ លើកក្នុងកម្មវិធីបិទវគ្គ ជាការឆ្លុះបញ្ចាំងនូវឆន្ទៈ ប្រឹងប្រែងរៀនសូត្រ របស់សិក្ខាកាម។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី កុសល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយកដ្ឋានហិរញ្ញវត្ថុ ដែលបន្តបើកវគ្គបណ្ដុះបណ្ដាលនាវេលានេះ។ ខ្ញុំផ្ទាល់ជាអ្នករៀបចំចាត់ចែងឡើង កាលនូវកាន់តំណែងជានាយក នាយកដ្ឋានហិរញ្ញវត្ថុ នារយៈពេលកន្លងមក សូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានផ្ដល់ទីកន្លែងប្រារព្ធពិធីបិទនាពេលនេះ។ បន្ទាប់មក ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៏បានប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីទាំងអស់ប្រកបដោយសេចក្តីសោមនស្សរីករាយបំផុត ៕












