នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារត្រីមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ។
ក្នុងរបាយការណ៍បូកសរុបការងារ ដែលបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវឌ្ឍន៍រីកចម្រើនថ្មីៗ ក្នុងត្រីមាសទី១កន្លងមក ដែលកងយោធពលខេមរភូមិន្ទយើង បានចូលរួមបំពេញភារៈកិច្ច សហការការពារជាមួយស្ថាប័ននានា ក្នុងឱកាសបង្កើតក្បាលម៉ាស៊ីនដឹកនាំ នៃរាជរដ្ឋាភិបាល ទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែ ក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការការពារសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសម្រេចបានក្នុងរយៈពេល១ត្រីមាសកន្លងទៅ ក្រោមកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ការពារប្រជាជន។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ កងយោធពលខេមរភូមិន្ទបានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យ ដែលតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន នូវសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ កងយោធពលខេមរភូមិន្ទបានធ្វើជាម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។
បណ្ដាស្ថាប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទពីរ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភ័ស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស កែច្នៃជួសជុលថែទាំ លើកកម្ពស់សុវត្ថិភាព គុណភាពគ្រឿងបំពាក់ ការងារសុខាភិបាលបានលើកកម្ពស់សុខុមាលភាព បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្ដាញផ្លូវគមនាគមន៍ ស្ពានលូ និងសំណង់ផ្សេងៗក្នុងកងទ័ព។ បានគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ធ្វើការងារល្អលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសកលលោក ការងារកសាង និងដំណើរការវិមានឈ្នះឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារ មួយចំនួនទៀត ដោយសម្រេចបានលទ្ធផលល្អ ៕























