ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងស្ថាប័នចំណុះក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទជាច្រើនរូប នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទីស្ដីការក្រសួងការពារជាតិ។

ប្រតិភូថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថាប័នចំណុះក្រសួងការពារជាតិ ដែលបានអញ្ជើញជូនពរនេះមាន២៣ស្ថាប័ន៖ អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានយោធសេវា, អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, មជ្ឈមណ្ឌលជាតិ, អាជ្ញាធរជាតិអាវុធគីមី, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, អគ្គនាយកដ្ឋានភ័ស្តុភារ-ហិរញ្ញវត្ថុ,សកលវិទ្យាល័យការពារជាតិ, នាយកដ្ឋានបុគ្គលិក, វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ, នាយកដ្ឋាននីតិកម្ម, នាយកដ្ឋានសាវនកម្មផ្ទៃក្នុង, ស្ថាប័នតុលាការយោធា, ស្ថាប័នអយ្យការយោធា, នាយកដ្ឋានអធិការកិច្ច, នាយកដ្ឋានវិស្វកម្ម, នាយកដ្ឋានបញ្ជូនសារ, នាយកដ្ឋានអភិវឌ្ឍន៍, នាយកដ្ឋានភូមិសាស្ត្រ, មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ។ ប្រតិភូថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋានមាន២៦ស្ថាប័នគឺ៖ អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, កងទ័ពជើងទឹក, កងទ័ពជើងអាកាស, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ទីចាត់ការបុគ្គលិក, ទីចាត់ការហ្វឹកហ្វឺន, ទីចាត់ការកលយុទ្ធ, ទីចាត់ការផែនការ, ទីចាត់ការបំភ័ន្តអក្ខរៈ, ទីចាត់ការព្រំដែន, ទីចាត់ការការពារគីមីសាស្ត្រ, ទីចាត់ការឃោសនាព័ត៌មាន, ទីចាត់ការបច្ចេកទេស, ទីចាត់ការសុខាភិបាល, ទីចាត់ការជនចលនូប្បត្ថម្ភ, ទីចាត់ការអភិវឌ្ឍ, ទីចាត់ការហិរញ្ញវត្ថុ, វិទ្យាស្ថានទ័ពជើងគោក, សាលានាយទាហានសកម្ម, បញ្ជាការកាំភ្លើងធំ, បញ្ជាការដ្ឋានរថក្រោះ, បញ្ជាការដ្ឋានការពារអាកាស, បញ្ជាការដ្ឋានបញ្ជូនសារ និងបញ្ជាការដ្ឋានវិស្វកម្ម។
នៅក្នុងឱកាសដ៏មហាបវរសួស្ដីសេរីមង្គល នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថាប័នចំណុះក្រសួងការពារជាតិ ក៏ដូចជាឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងមេបញ្ជាការ មេបញ្ជាការរងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងក្រុមគណៈប្រតិភូទាំងអស់ សុទ្ធតែបានសម្ដែងនូវក្ដីរីករាយក្រៃលែង ហើយបានប្រសិទ្ធិពរជ័យសិរីមង្គល ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យសិរីមង្គល វិបុលសុខ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងឧត្ដុងឧត្ដមនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ បានសម្តែងនូវមនោសញ្ចេតនាស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយទឹកចិត្តសោមនស្សរីករាយ និងមោទនភាពខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានខិតខំប្រឹងប្រែងសម្រេចបាននាពេលកន្លងទៅ ក្នុងកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី បានយ៉ាងគង់វង្សឋិតថេរគ្រប់កាលៈទេសៈ ពង្រឹងខឿនការពារជាតិរបស់ប្រជាជនរឹងមាំខ្លាំងក្លា និងធ្វើឲ្យប្រជាជនបានរស់នៅដោយសុខដុមរមនា លើទឹកដីរបស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ឆ្លៀតនៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជាមួយនឹងក្ដីនឹករលឹក និងប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះនាយទាហាន ទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចនៅតាមអង្គភាព កម្មសិក្សាការីនៅប្រទេស សូមមានសុខភាពល្អ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ និងសម្រេចបានស្នាដៃថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ព្រមទាំងបានជូនពរចំពោះនាយទាហាន ពលទាហាន ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងលំនៅឋាន សូមមានសុខភាពល្អ ឆាប់ជាសះស្បើយ និងអាចវិលត្រឡប់មកបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមជូនជាតិមាតុភូមិជាបន្តទៀតផងដែរ ៕
















































