ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុញ្ញាតឲ្យ ឧត្ដមសេនីយ៍ឯក Patrick STEIGER នាយក ទទួលបន្ទុកសេវាកិច្ចការសន្តិសុខអន្តរជាតិ អគ្គនាយកដ្ឋានទាក់ទងអន្តរជាតិ និងយុទ្ធសាស្ត្រ ក្រសួងការពារជាតិបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅស្ដីការក្រសួងការពារជាតិ។
ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ យន្ត មីន បានវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកឧត្តម ឧត្តមសនីយ៍ឯក Patrick STEIGER ដែលបានមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ហើយបានចាត់ទុកថា បានរួមចំណែកក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ រវាងក្រសួងការពារជាតិកម្ពុជា និងបារាំង នាពេលបច្ចុប្បន្ន និងទៅអនាគត បានកាន់តែប្រសើរឡើងថែមទៀតនៅគ្រប់ជ្រុងជ្រោយ។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា៖ ផ្អែកតាមសភាពការណ៍ក្រសួងការពារជាតិ សូមវាយតម្លៃខ្ពស់ ចំពោះឧត្តមសេនីយ៍ឯក Patrick STEIGER នាយក ទទួលបន្ទុកសេវាកិច្ចការសន្តិសុខអន្តរជាតិ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ ក្រសួងការពារជាតិបារាំង ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ យន្ត មីន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងទ័ព និងប្រជាជនបារាំង ដែលតែងបានជួយឧបត្ថម្ភគាំទ្រ និងផ្តល់ជំនួយផ្សេងៗ ជាហិរញ្ញវត្ថុ ជាបច្ចេកទេស និងការហ្វឹកហ្វឺន រួមចំណែកពង្រឹងសុវត្ថិភាពដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក។ ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា៖ បារាំង និងកម្ពុជាធ្លាប់មានប្រវត្តិជួយគ្នាជាយូរលង់មកហើយ ចាប់តាំងពីសង្គ្រាមលោកលើកទី២ រហូតដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ សុទ្ធសឹងជាវត្តមានបារាំងជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។
ឧត្តមសនីយ៍ឯក Patrick STEIGER នាយក ទទួលបន្ទុកសេវាកិច្ចការសន្តិសុខអន្តរជាតិ អគ្គនាយកដ្ឋានទាក់ទងអន្តរជាតិ និងយុទ្ធសាស្ត្រ ក្រសួងការពារជាតិបារាំង បានមានប្រសាសន៍ថា៖ នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា ហើយដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំផ្នែកនយោបាយ នៃប្រទេសបារាំង ដើម្បីផ្លាស់ប្តូរបទពិសោធ និងចែករំលែកព័ត៌មានមួយចំនួន នៅលើផ្នែកយុទ្ធសាស្ត្រការពារជាតិជាមួយគ្នា។ ឧត្តមសេនីយ៍ឯក បានបន្តថា៖ ឆ្លងតាមរយៈនៃការផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ពីថ្ងៃនេះទៅ យើងនឹងយល់បានច្បាស់អំពីតម្រូវការ និងថាតើអ្វីទៅដែលជាកត្តាយុទ្ធសាស្ត្រ ដែលយើងត្រូវសហប្រតិបត្តិការ និងការធ្វើកិច្ចការការងារជាមួយគ្នាបន្តទៀត។ ក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ យន្ត មីន និងឧត្តមសេនីយ៍ឯក Patrick STEIGER នាយកទទួលបន្ទុកសេវាកិច្ចការសន្តិសុខអន្តរជាតិ អគ្គនាយកដ្ឋានទាក់ទងអន្តរជាតិ និងយុទ្ធសាស្ត្រ ក្រសួងការពារជាតិបារាំង ក៏បានពិភាក្សាការងារទូទៅ អំពីទំនាក់ទំនងកម្ពុជា-បារាំង ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ការបណ្ដុះបណ្ដាលធនធានមនុស្ស រយៈពេលវែង-ខ្លី ការចូលចតនាវា និងកិច្ចសហប្រតិបត្តិការរបស់ក្រុមសៀវភៅសការពារជាតិ កម្ពុជា-បារាំង ផងដែរ ៕













