បន្ទាប់ពីបានអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន និងពលទាហាន ដែលកំពុងឈរជើងបំពេញភារៈកិច្ចការងារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី១ រួចមក នៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អគ្គនាយក អគ្គនាយករង និងនាយទាហាន នាយទាហានរង នៅក្នុងស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត បានបន្តដំណើរចុះសាកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី២ រួមមានវរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង វរសេនាតូចលេខ១ និងលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង និងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅវរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរបានស្ដាប់នូវរបាយការណ៍អង្គភាពវរសេនាតូចលេខ៣ ចំណុះតំបន់ប្រតិបត្តិការសឹករងព្រៃវែង ដែលអង្គភាពនេះបានបង្កើតឡើងនៅឆ្នាំ១៩៩៤ មានឈ្មោះថាវរសេនាតូចការពារព្រំដែនលេខ២០២ ចូលមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានកែសម្រួលប្តូរឈ្មោះមកជាកងវរសេនាតូចលេខ៣ មានភារៈកិច្ចការពារព្រំដែន នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង។ លើការងារកសាងអង្គភាពក្នុងរយៈពេលកន្លងមកនេះ អង្គភាពកសាងផ្ទះស្នាក់នៅបានចំនួន៣២ខ្នង, ការិយាល័យធ្វើការចំនួន២ខ្នង, សាលប្រជុំចំនួន១ខ្នង, អគារបញ្ជាការចំនួន១ខ្នង, ឃ្លាំងចំនួន១ខ្នង, ផ្ទះបាយចំនួន៤ខ្នង, បន្ទប់សម្ភារៈផ្ទះបាយចំនួន១ខ្នង, ស្រះទឹកចំនួន៦កន្លែង, អណ្ដូងទឹកចំនួន១២កន្លែង, ខ្លោងទ្វារចំនួន៤, រោងយាមចំនួន១ និងរបងថ្មប្រវែង២៦៥ម៉ែត្រ។

នៅក្នុងឱកាសនោះបន្ទាប់ពីបានជួបសំណេះសំណាលសាកសួរសុខទុក្ខ ចុះពិនិត្យលើជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានកងវរសេនាតូចលេខ៣រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យបង្គោលព្រំដែន កម្ពុជា និងវៀតណាម លេខ២០៨ នៅឃុំញរ ស្រុកកំពង់រោទិ៍ និងបង្គោលព្រំដែនលេខ២០៩ ស្ថិតនៅក្នុងព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងផងដែរ។ សូមបញ្ជាក់ថា៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការកសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ ក្នុងពេលកន្លងមក រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលបានស្ថាបនាដោយកងវិស្វកម្មអគ្គបញ្ជាការ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមក ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ បច្ចុប្បន្ននេះតំបន់ព្រំដែនទូទាំងខេត្តព្រៃវែង ក៏ដូចជាខេត្តស្វាយរៀង ដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានធ្វើឲ្យខេត្តព្រៃវែង និងខេត្តស្វាយរៀង រក្សាបាននូវព្រំដែនសន្តិភាពប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ជួយគ្នាទៅវិញទៅមក បានប្រែក្លាយតំបន់ព្រំដែនប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ទៅជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍគួរជាទីមោទនៈ។

បន្ទាប់ពីបានចុះពិនិត្យបង្គោលព្រំដែននៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងរួចមក ឯកឧត្តម ទៀ សីហា និងប្រតិភូអមដំណើរបានបន្តចុះទៅសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀងជាបន្តទៀត។ គ្រប់ទីកន្លែងដែលឯកឧត្តម ទៀ សីហា បានអញ្ជើញទៅដល់ក្នុងដំណើរចុះសាកសួរសុខទុក្ខកងទ័ព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់នាយទាហាន ពលទាហានយោធភូមិភាគទី២ទាំងអស់ និងបានជូនពរឆ្នាំថ្មីដល់នាយទាហាន ពលទាហានទាំងអស់ សូមឲ្យទទួលបាននូវសិរីសួស្ដី ជ័យមង្គល សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាឈ្លាសវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជូនដល់ជាតិមាតុភូមិ។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន ពលទាហានយោធភូមិភាគទី២ទាំងអស់ ក្នុងការបំពេញនូវភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនដល់ប្រជាពលរដ្ឋ ក្នុងពេលកន្លងមក។ ឆ្លៀតនៅក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងនាយទាហាន នាយទាហានរង និងពលទាហាននៅវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងស្វាយរៀងនាឱកាសនោះ ឯកឧត្តម ទៀ សីហា បានជំរុញឲ្យរដ្ឋបាលខេត្តស្វាយរៀង ឲ្យរកទីតាំងសមស្រប ដើម្បីសាងសង់សួនប្រវត្តិការ ដើម្បីឲ្យអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនដល់ពេលបច្ចុប្បន្ននេះ ៕




























































