ពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ (២៩ ធ្នូ ឆ្នាំ១៩៩៨-២៩ ធ្នូ ឆ្នាំ២០២៣) និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ឆ្នាំ២០១៨-២៩ ធ្នូ ឆ្នាំ២០២៣) បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបង្ហាញឲ្យឃើញអំពីការសម្រេចបាននូវសមិទ្ធិផលជាច្រើន សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ ជាពិសេសសមិទ្ធិផលវិមានឈ្នះ ឈ្នះ ដែលបង្ហាញអំពីការរៀបរាប់នៅរាល់ព្រឹត្តិការណ៍ និងការវិវឌ្ឍនៃដំណើរជាតិខ្មែរ និងប្រវត្តិសាស្ត្រខ្មែរ សម្រាប់យុវជន និងប្រជាជនជំនាន់ក្រោយ។ ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យប្រវត្តិសាស្ត្រសរសេរពីវីរៈជន និងប្រតិបត្តិករពិត ដែលបានរួមចំណែកក្នុងដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា បង្កើតសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក រួមជាមួយប្រតិបត្តិករជាច្រើនរូបបានរួមចំណែក។ ការចូលរួមអបអរសាទរ នឹងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពីមោទនភាពជាតិថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងជាកាតព្វកិច្ចមួយ រួមចំណែកពីក្រសួងស្ថាប័ន ក្នុងការបង្ហាញអំពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលមានការរីកចម្រើន ក្នុងសម័យកាលសន្តិភាព ស្របតាមទិសស្លោក មានសន្តិភាពមានការអភិវឌ្ឍន៍ ពោលគឺជាសមិទ្ធផលនៃការរីកចម្រើនក្រោមម្លប់នៃសន្តិភាពពេញលេញ ដើម្បីឲ្យប្រវត្តិសាស្ត្រសរសេរ និងចរិតពីយើង សម្រាប់មនុស្សជំនាន់ក្រោយ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទេសក៍ឯក នៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រតិបត្តិករ ក្នុងស្មារតីអនុវត្តប្រកបដោយភាពជឿជាក់ ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមក។
ថ្លែងក្នុងពិធីដ៏មហោឡារិកនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ នូវមនោសញ្ចេតនាគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន រហូតសម្រេចបានជោគជ័យដ៏ធំធេង ដែលការនេះបាននាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចធិបតីបានសម្ដែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅ ជាមួយនឹងការគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំសប្បុរសជន និងជនរួមជាតិទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការកសាង វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីជាតិខ្ពស់បំផុត តាមរយៈការចូលរួមបរិច្ចាគទាំងកម្លាំងកាយចិត្ត សម្ភារៈ ថវិកា យ៉ាងសស្រាក់សស្រាំ ក្រោមបាវចនាកតញ្ញូ សុខដុម ការចូលរួម នៃវិមានឈ្នះ ឈ្នះ របស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ថ្លែងបញ្ជាក់ថា៖ ពិតណាស់សម្ដេចតេជោជាស្ថាបនិកមគ្គុទេសក៍ឯក ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រនយោបាយឈ្នះ ឈ្នះ និងដឹកនាំការប្រតិបត្តិដោយវៃឆ្លាត ប៉ុន្តែនយោបាយឈ្នះ ឈ្នះ មគ្គទេសក៍ឯកម្នាក់ឯង មិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។ សម្តេចបញ្ជាក់បន្ថែមថា៖ ប្រតិបត្តករស្នូល ថ្នាក់ដឹកនាំ ដែលមានលើវេទិកានេះ គឺជាតួអង្គសំខាន់នៅក្នុងការចូលរួមដោយស្មោះត្រង់ បើសិនជាគ្មានការចូលរួមដោយស្មោះត្រង់ យើងមិនអាចបញ្ចប់សង្គ្រាម និងធានាបាននូវនិរន្តរភាព នៃសន្តិភាពបានទេ។ មួយផ្នែកទៀតព្រមជាមួយនឹងការកោតសរសើរ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់ភាគីទាំងអស់ នៃគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា៖ វិមានឈ្នះ ឈ្នះ សង់ឡើងជានិមិត្តរូប នៃសន្តិភាព សង់ដើម្បីខ្មែរទាំងអស់គ្នា គឺជានិមិត្តរូបសន្តិភាពនៅលើទឹកដីដ៏បវររបស់យើង ហើយសន្តិភាពនេះនឹងនៅតែបន្តទៅមុខ ដើម្បីយើងបន្តការអភិវឌ្ឍ។
ជាងនេះទៀត សម្ដេចធិបតីបានគូសរំលេច នូវផលប្រយោជន៍ពិតប្រាកដ នៃនយោបាយឈ្នះ ឈ្នះ ក្នុងនេះទី១៖ សង្គ្រាមជម្លោះប្រដាប់អាវុធ ការស្លាប់ របួស និងការព្រាត់ប្រាស់ដោយសង្គ្រាម ត្រូវបានបញ្ចប់ទាំងស្រុង រហូតដល់ពេលបច្ចុប្បន្ននេះ។ ទី២៖ ជោគជ័យដ៏ធំបំផុត គឺការធ្វើសមាហរណកម្មកងទ័ព អតីតបួនភាគី មកនៅតែមួយភាគី គឺជាកងទ័ពតែមួយ។ ទី៣៖ ការឯកភាពទឹកដីលើកដំបូង ជាប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។ ទី៤៖ ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍។ ទី៥៖ ការបញ្ចប់សង្គ្រាមកម្ពុជា បានរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្តរជាតិ ត្រង់ចំណុចនេះ សម្ដេចធិបតីគូសបញ្ជាក់បន្ថែមថា៖ នយោបាយឈ្នះ ឈ្នះ មិនបានផលត្រឹមតែយើងទេ កម្ពុជាមានសន្តិភាពតំបន់ក៏មានសន្តិភាពដែរ ដោយសារកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់។ សម្ដេចធិបតីបន្ថែមទៀតថា៖ នៅពេលដែលកម្ពុជាមានសន្តិភាព កម្ពុជាបានពង្រឹងខ្លួននូវតួនាទីចូលរួមក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ចូលរួមនៅក្នុងការថែរក្សាសន្តិភាពនៅប្រទេសផ្សេងៗទៀត នៅលើពិភពលោក។ បច្ចុប្បន្នយើងមានកងទ័ពជាង៨០០០នាក់ហើយ ដែលចេញទៅបេសកកម្មនៅក្រៅប្រទេស ដើម្បីចូលរួមថែរក្សាសន្តិភាព ហើយក្នុងនេះកងទ័ព កងដោះមីនរបស់យើង បានចូលរួមបង្ហាត់បង្រៀនការដោះមីនមនុស្សធម៌ ជូនទៅដល់ប្រទេសដែលមានសង្គ្រាមមួយចំនួន។ ដូច្នេះផ្លែផ្កាសម្រាប់នយោបាយឈ្នះ ឈ្នះ មិនត្រឹមតែបានសម្រាប់ប្រជាជាតិខ្មែរ កូនចៅខ្មែរបច្ចុប្បន្ន និងទៅអនាគតនោះទេ ប៉ុន្តែថែមទាំងចែកផ្លែផ្កាទៅដល់ប្រទេសផ្សេងៗ នៅក្នុងតំបន់ និងនៅលើពិភពលោកទៀតផង។ ចំណុចទី៦៖ ការបញ្ចប់សង្គ្រាម អាចឲ្យយើងលើកតម្កើងសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ សម្រាប់ប្រជាពលរដ្ឋ ដែលជាគោលដៅសំខាន់បំផុត។ ទី៧៖ ការបញ្ចប់សង្គ្រាមនាំមកដោយការបង្រួបបង្រួមជាតិ ផ្តល់ឱកាសមាសពេជ្រសម្រាប់ឲ្យយើង ប្រមូលផ្ដុំកម្លាំងមនុស្ស កម្លាំងប្រាជ្ញា និងកម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ សម្តេចបញ្ជាក់បន្ថែមថា៖ ផលទាំងអស់នេះ គឺមិនមែនសម្រាប់តែបច្ចុប្បន្នទេ ប៉ុន្តែសម្រាប់កូនខ្មែរទៅអនាគត រាប់រយរាប់ពាន់ឆ្នាំបន្តទៅទៀត ដែលយើងត្រូវប្ដេជ្ញាថែរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជាតិ ដើម្បីឲ្យសន្តិភាពដែលបានបញ្ចប់សង្គ្រាម៥០០ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងបានទទួលផលជាបន្តបន្ទាប់ នៅថ្ងៃអនាគតជាប់ជំនាន់តទៅទៀត សម្រាប់កូនខ្មែរ នេះគឺជាផលយូរអង្វែង នៃសន្តិភាពរបស់យើង។
សម្តេចអធិបតិបន្តថា៖ ក្រោមម្លប់ត្រជាក់នៃសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឲ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។ កម្ពុជាដែលធ្លាប់នៅក្នុងសោកនាដកម្មនៃសង្គ្រាម និងការរួមរឹតដោយភាពក្រីក្រ បានក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញ រឹងមាំ ប្រជាពលរដ្ឋរាប់លាននាក់ ត្រូវបានរំដោះរួចផុតពីភាពក្រីក្រ បានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥។ បច្ចុប្បន្នកម្ពុជាស្ថិតនៅលើមាគ៌ា នៃការអភិវឌ្ឍប្រកបដោយសង្ឃឹមក្លៀវក្លា រំពឹង និងកាន់តែជឿជាក់ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ កម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទនភាពជាតិ ឲ្យឈានកាន់តែខ្ពស់ឡើង តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។ ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ដែលស្ថាបនិកសន្តិភាព និងបងប្អូនជនរួមជាតិទាំងអស់ ខិតខំរកបានយ៉ាងលំបាក និងការលះបង់ធំធេងបំផុត ឲ្យបានស្ថិតស្ថេរគង់វង្ស។ បន្ថែមលើនេះសម្ដេចធិបតី បានផ្តល់នូវចំណុចគួរយកចិត្តទុកដាក់មួយចំនួន ដោយលើកទឹកចិត្តឲ្យមានការបន្តស្រាវជ្រាវ ចងក្រងនូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះ ឈ្នះ និងដំណើរការពាក់ព័ន្ធនឹងការស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយសារអ្នកសរសេរ និងអ្នកដែលចងក្រងនេះ គឺជាអ្នកដែលប្រតិបត្តិផ្ទាល់ ហើយអាចដឹងព័ត៌មានច្រើន ដែលត្រូវបានប្រមូលធាតុផ្សំបន្ថែមទៀត ដើម្បីចងក្រងទុកឲ្យកូនចៅរាប់រយឆ្នាំទៀត បើមិនដូច្នោះទេនៅក្នុង២០-៣០ឆ្នាំ ៥០ឆ្នាំទៀត ឯកសារថ្មីគឺបានត្រឹមតែអ្នកសរសេរពីការស្រាវជ្រាវបន្តប៉ុណ្ណោះ ហេតុនេះសម្រេចបន្តស្រាវជ្រាវយកចិត្តទុកដាក់បន្ថែមទៅលើកិច្ចការនេះ។ ចំណុចមួយទៀតសម្តេចធិបតី លើកទឹកចិត្តឲ្យបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ ឈ្នះ តាមរយៈការធ្វើសិក្ខាសាលា វេទិកាផ្សេងៗ ក៏ដូចជាបញ្ជ្រាបខ្លឹមសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងនយោបាយឈ្នះ ឈ្នះ ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សានុសិស្សបានយល់កាន់តែស៊ីជម្រៅ និងស្គាល់តម្លៃនយោបាយឈ្នះ ឈ្នះ ផងដែរ។ សម្ដេចអធិបតីក៏ជំរុញឱ្យបន្តស្រាវជ្រាវ និងរៀបចំវិមានឈ្នះ ឈ្នះ នៅតាមបណ្ដាបុណ្យសំខាន់ៗ ក៏ដូចជារៀបចំតំបន់ប្រវត្តិសាស្ត្រយោធាសំខាន់ៗ មួយចំនួន ដែលមានតម្លៃសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ជាតឹកតាងប្រវត្តិសាស្ត្រ សម្រាប់ការធ្វើទស្សនកិច្ចសិក្សា។ មួយចំណុចទៀតសម្ដេចនាយករដ្ឋមន្ត្រី ឱ្យបន្តយកចិត្តទុកដាក់ក្នុងការកៀងគរ និងស្វែងរកដៃគូ ក្នុងការកសាងថែទាំវិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាពរបស់ប្រទេសយើង។ សម្តេចអធិបតីក៏បានថ្លែងអំណរគុណសាជាថ្មី ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ នៅក្នុងគណៈកម្មការសាងសង់ ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ នៅក្នុងការកសាងនូវឯកសារក៏ដូចជាតឹកតាងប្រវត្តិសាស្ត្រ តាមរយៈការសាងសង់សំណង់ និងរៀបចំតាមប្រវត្តិសាស្ត្រផ្សេងៗ។
សូមជម្រាបដែរថា៖ ព្រឹត្តិការណ៍ដែលមានរយៈពេល៣ថ្ងៃ រៀបចំឡើងដោយមានកម្មវិធីសំខាន់ៗ ក្នុងការអបអរសាទរខួបលើកទី២៥ នៃទិវានយោបាយឈ្នះ ឈ្នះ និងាខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់ក្រសួងស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ, ការបាញ់កាំជ្រួច, ការប្រគំតន្ត្រីសម័យ ផ្ទាំងទស្សនីយភាពសិល្បៈ, ការតាំងពិព័រណ៍ផលិតផល និងមហោស្រពម្ហូបអាហារ រួមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀត ៕

















































