មជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលមធ្យមឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១, វគ្គបំប៉នយោធាចារ្យជំនាញភូមិសាស្ត្រជំនាន់ទី៣ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវាស់វែងគូសផែនទី និងប្រព័ន្ធនាំផ្លូវដោយផ្កាយរណប ជំនាន់ទី២, វគ្គបណ្ដុះបណ្ដាលឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១, វគ្គបំប៉នយោធាចារ្យជំនាញភូមិសាស្ត្រជំនាន់ទី៤ និងវគ្គបំប៉នជំនាញភូមិសាស្ត្រដល់នាយទាហានសិក្ខាកាម ត្រៀមបំពេញកម្មសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯក វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
យោងតាមរបាយការណ៍របស់ ឧត្ដមសេនីយ៍ទោ ទេពចំរើន សាមឺឌី នាយក នាយកដ្ឋានភូមិសាស្ត្រ បានឲ្យដឹងថា៖ វគ្គបណ្ដុះបណ្ដាលមធ្យមឋានលេខាជំនាន់ទី១ មានសិក្ខាកាមចំនួន៩៩រូប និងវគ្គបំប៉នជំនាញយោធាចារ្យផ្ទៃក្នុងជំនាន់ទី៣ ចំនួន២២រូប សរុបចំនួន១២១រូប បានបញ្ចប់ការសិក្សា ដោយជោគជ័យ និងសិក្ខាកាមម្នាក់ៗ ទទួលបាននូវចំណេះដឹង ចំណេះធ្វើថ្មីៗ ក្នុងនោះការឯកភាពនិយាមការ ដែលត្រូវប្រើក្នុងកងទ័ពដោយយកនិយាមការអុយទេអឹម(UTM) បានឯកភាពលើនិយាមការទាំង៣ប្រភេទ និងចេះប្រើប្រាស់ស្ទាត់ជំនាញ មាននិយាមការស្មើជ្រុងUTM និយាមការប៉ូល និងនិយាមការភូមិសាស្ត្រ។ សិក្ខាកាមម្នាក់ៗចេះវាយតម្លៃភូមិសាស្ត្របានត្រឹមត្រូវ ហើយចេះប្រើប្រាស់លក្ខណពិសេសជាចរិកយុទ្ធវិធីរបស់ភូមិសាស្ត្រ បម្រើឲ្យសកម្មភាពប្រយុទ្ធមានប្រសិទ្ធភាពខ្ពស់។ វគ្គនេះក៏បានបង្កើន និងបង្រៀនអំពីការប្រើប្រាស់ជីភីអេស(GPS)ផងដែរ ជាពិសេសចេះប្រមូលទិន្នន័យភូមិសាស្ត្រពីជីភីអេស(GPS) ដើម្បីកែតម្រូវបំពេញបន្ថែមឱ្យផែនទី។ ជាលទ្ធផលវគ្គបណ្ដុះបណ្ដាលមធ្យមឋានលេខា និងសេនាធិការផែនទីជំនាន់ទី១ សិក្សារយៈពេល២ឆ្នាំ មានចំនួន៩៩រូប ទទួលបាននិទ្ទេសល្អប្រសើរ១៦រូប ល្អណាស់១៦រូប ល្អ៣៩រូប ល្អបង្គួរ១៦រូប និងមធ្យម១២រូប។ វគ្គបំប៉នជំនាញឋានលេខា នៃសេនាធិការផែនទី ដោយយោធាចារ្យជំនាន់ទី៣ រយៈពេល៣ខែ មានចំនួន២២រូប ទទួលបាននិទ្ទេសល្អប្រសើរ១០រូប ល្អណាស់១១រូប និងល្អ១រូប។ ឧត្តមសេនីយ៍ទោ ទេពចំរើន សាមឺឌី ក៏បានឲ្យដឹងដែរថា៖ ថ្ងៃនេះក៏បានមានការបើកវគ្គចំនួន៤វគ្គ ក្នុងនោះរួមមានវគ្គបណ្តុះបណ្តាលការវាស់វែងគូរផែនទី និងប្រព័ន្ធនាំផ្លូវដោយផ្កាយរណប ជំនាន់ទី២, វគ្គបណ្ដុះបណ្ដាលជំនាញឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ ដល់នាយទាហាន នាយទាហានរង ទូទាំងកងយោធពលខេមរភូមិន្ទ, វគ្គបំប៉នយោធាចារ្យជំនាញភូមិសាស្ត្រ ជំនាន់ទី៤ និងវគ្គបំប៉នជំនាញសាស្ត្រ ជំនាន់ទី៤ ដល់នាយទាហានផ្ទៃក្នុង ត្រៀមទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដែលមានសិក្ខាកាមប្រមាណជាង៣០០នាក់។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឯក វ៉ាន់សារ៉ាត បានគូសបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងវគ្គបំប៉នជំនាញផែនទីភូមិសាស្ត្រឆ្នាំ២០២៤នៅពេលនេះ គឺជាការចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីកែទម្រង់កងយោធពលខេមរភូមិន្ទ អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ តាំងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឯក វ៉ាន់សារ៉ាត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន នាយកដ្ឋានភូមិសាស្ត្រ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រ ដែលបានពុះពារខិតខំយកចិត្តទុកដាក់បំពេញភារៈកិច្ច សំដៅពង្រីកវិស័យឯកទេសជាវិស័យមួយមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធភាព ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ របស់នាយកដ្ឋាន ដើម្បីរៀបចំបិទ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នជំនាញភូមិសាស្ត្រ សម្រាប់ឆ្នាំ២០២៤នេះ ជាពិសេសបានបណ្ដុះបណ្ដាលជំនាញគូរផែនទី និងនាំផ្លូវដោយប្រព័ន្ធផ្កាយរណប និងបណ្ដុះបណ្ដាលយោធាចារ្យផ្ទៃក្នុង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូ និងសិក្ខាកាម ត្រូវខិតខំយករកគ្រប់វិធីបង្រៀន និងរៀនឲ្យបានល្អ សំដៅបង្កើនសមត្ថភាព សេនាធិការបច្ចេកទេសផែនទី ឲ្យកាន់តែខ្ពស់ថែមទៀតនៅពេលបញ្ចប់វគ្គ ៕


























