នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ (Ivan STADCHENKO) អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងបង្ហាញមុខ នៅទីស្ដីការក្រសួងការពារជាតិ ក្នុងឱកាសដែលរូបលោក ត្រូវបានក្រសួងការពារប្រទេសសហព័ន្ធរុស្ស៊ី តែងតាំងជាអនុព័ន្ធយោធាថ្មីប្រចាំនៅកម្ពុជា នាអាណត្តិនេះ។
ក្នុងឱកាសនោះ លោកវីរនាវីឯក Ivan STADCHENKO បានសម្ដែងការអបអរសាទរ ចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ដែលត្រូវបានព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។ លោកបានគួសបញ្ជាក់អំពីរការមកបំពេញបេសកកម្មកាទូតយោធា នៅកម្ពុជាជាថ្មីម្ដងទៀត ដោយលោកមានការចាប់អារម្មណ៍ និងស្រឡាញ់ចំពោះវប្បធម៌ដ៏ល្អរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រ ដល់បេសកកម្មការទូតយោធារបស់លោកអនុព័ន្ធយោធាចាស់ ក្នុងរយៈពេល៤ឆ្នាំកន្លងមក ដើម្បីជំរុញឲ្យចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធរុស្ស៊ី-កម្ពុជា កាន់តែល្អប្រសើរថែមទៀត។ លើកិច្ចសហប្រតិបត្តិការវិស័យយោធា លោកវរនាវីឯក Ivan STADCHENKO បានឲ្យដឹងថា៖ ចាប់តាំងពីឆ្នាំ២០១៧មក រុស្ស៊ីបានទទួលសិក្ខាកាមយោធាកម្ពុជា ទៅធ្វើការសិក្សានៅប្រទេសរុស្ស៊ីបន្តបន្ទាប់ ប៉ុន្តែត្រូវបានអាក់ខានទៅវិញក្នុងរយៈពេល២ឆ្នាំ ដោយសារបញ្ហាប្រឈម នៃការឆ្លងរីករាលដាលជាសកលជំងឺកូវីដ-១៩។ លោកវរនាវីឯក ក៏បានស្នើដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងនូវការអរគុណដល់លោកវរនាវីឯក Ivan STADCHENKO ដែលបានជូនពរដល់ឯកឧត្តម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រហូតមកទល់ពេលនេះ កម្ពុជា និងរុស្ស៊ី នៅតែមានទំនាក់ទំនងការទូតដ៏ល្អជាមួយគ្នា ទោះក្នុងស្ថានភាពណាក៏ដោយ បើគិតមកដល់បច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នារយៈពេល៦៥ឆ្នាំមកហើយ ហើយក្នុងរយៈពេល៦៥ឆ្នាំនេះ រុស្ស៊ីបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ ថវិកា ដល់កម្ពុជាយ៉ាងច្រើន ទាំងគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យការពារជាតិរបស់កម្ពុជារហូតមក។ ឯកឧត្តមក៏បានបន្តទៀតថា៖ ជំនួយរបស់រុស្ស៊ីមកកម្ពុជាកន្លងមក វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសបានជួយយ៉ាងច្រើនលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលធនធានមនុស្សល្អៗ ហើយកំពុងបម្រើការងារនៅក្នុងជួររាជរាដ្ឋាភិបាលកម្ពុជា ពិសេសក្នុងជួរថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជំនួយទាំងនោះបានជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការជឿជាក់ថា៖ ជាមួយប្រពៃណីទំនាក់ទំនងដ៏ល្អទាំងនេះ ប្រទេសយើងទាំងពីរ នឹងធានាបាននូវការអភិវឌ្ឍទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា និងរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់។ ឯកឧត្តម បានឯកភាពចំពោះអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ក្នុងការស្នើសុំឲ្យមានសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និងរុស្ស៊ី ដោយចាត់ទុកថានេះជាកិច្ចការដ៏សំខាន់មួយដល់ការបង្កើននូវទំនាក់ទំនងល្អ ក៏ដូចជាការបង្ហាញនូវបទពិសោធន៍ និងបង្កើនសមត្ថភាព រវាងកងទ័ពប្រទេសទាំងពីរផងដែរ។ តាមរយៈលោកអនុព័ន្ធយោធាថ្មីសហព័ន្ធរុស្ស៊ីនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានស្នើឱ្យលោកអនុព័ន្ធយោធាថ្មី បន្តកិច្ចសហប្រតិបត្តិការជួយដល់កងយោធពលខេមរភូមិន្ទ លើការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ដល់កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស និងបណ្ដាទ័ពជំនាញដទៃៗទៀតរបស់កងយោធពលខេមរភូមិន្ទ ដូចដែលកងទ័ពសហព័ន្ធរុស្ស៊ីធ្លាប់ជួយកាលពីអតីតសហភាពសូវៀត ជួយដល់កងទ័ពកម្ពុជាអញ្ចឹងដែរ។
លោកវីរនាវីឯក Ivan STADCHENKO តាមរយៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ផ្ដាំផ្ញើនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសសហព័ន្ធរុស្ស៊ី ពិសេសរូបលោកផ្ទាល់ ផ្ញើជូនចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានទទួលយក ហើយក៏សូមអរគុណចំពោះលោកវីរនាវីឯក អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ចំពោះការជូនពរនេះ ហើយតាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សង្ឃឹមយ៉ាងមុតមាំថា លោកអនុព័ន្ធយោធាថ្មី និងបំពេញកិច្ចការយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-សហព័ន្ធរុស្ស៊ី ឲ្យកាន់តែមានភាពប្រសើរឡើង ៕























