សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ការកែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាន នៃស្មារតីជាតិនិយម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃខ.ភ.ម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
នៅក្នុងពិធីដ៏មហាឡារិកនោះ សម្តេចអធិបតីបានមានប្រសាសន៍ថា៖ ខួបអនុស្សាវរីយ៍២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក គឺត្រូវបានប្រារឰឡើង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន នៅលើគ្រប់វិស័យ ហើយក៏បាននិងកំពុងបន្តឈានទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសមិទ្ធិផលថ្មីៗរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ សម្ដេចអធិបតីក៏បានចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃខ.ភ.ម ដែលបានចូលរួមលះបង់នៅក្នុងបុព្វហេតុអភិវឌ្ឍជាតិកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាច ក្លាហាន មានវិន័យ និងសេចក្ដីថ្លៃថ្នូរ ហើយនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ក៏តែងបានទ្រទ្រង់ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ដែលស័ក្ដិសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។
ទន្ទឹមនឹងគ្នានេះសម្តេចធិបតីក៏បានរំឭកផងដែរ អំពីដំណើរឆ្លងកាត់របស់កម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ដែលផ្ដើមចេញពីជ័យជម្នះ ០៧ មករា រហូតដល់ប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខឥតឈប់ឈរ តាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនគ្រប់រូប។ ៤៥ឆ្នាំកន្លងទៅនេះ គឺជា៤៥ឆ្នាំ នៃសាមគ្គីភាព វីរៈភាព និងជា៤៥ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ថ្ងៃ ០៧ មករា ជាចំណុចសូន្យ នៃការផ្ដើមកសាងឡើងវិញនូវរាល់សមិទ្ធផលគ្រប់បែបយ៉ាង របស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត សិទ្ធិសេរីភាព ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ កម្ពុជាដែលពីមុនត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីជាវាលពិឃាត ជាតំបន់អសន្តិសុខ ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានក្លាយទៅជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសុខសន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គ្រងជាម្លប់ដ៏ត្រជាក់។ កម្ពុជាដែលពីមុនធ្លាប់ត្រូវបានដាក់ឲ្យឯកោ ទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើសមាហរណកម្មពេញលេញ នៅក្នុងរចនាសម្ព័ន្ធនិមាបណកម្មតំបន់ និងសកល ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរក្សាសណ្ដាប់ធ្នាប់ និងសន្តិភាពនៅក្នុងសកលលោក ក្រោមឆត្រអង្គការសហប្រជាជាតិ។ មួយវិញទៀតសម្តេចអធិបតី ក៏បានរំឭកបន្ថែមអំពីស្នាដៃ និងសមិទ្ធផលការងាររបស់កងកម្លាំងកងទ័ពជើងគោក ពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ដែលទោះបីជាទើបត្រូវបានបង្កើតឡើងរយៈពេល២៥ឆ្នាំ ប៉ុន្តែធ្លាប់បានចូលរួមនៅក្នុងគ្រប់ដំណាក់កាល នៃការវិវឌ្ឍប្រែប្រួលរបស់ប្រទេសជាតិ ជាង៤០ឆ្នាំ រាប់ចាប់តាំងពី៖ ទី១ ដំណាក់កាល នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ក្នុងឆ្នាំ១៩៧៨ ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការទប់ស្កាត់ការវិលមកវិញ នៃរបបដ៏ខ្មៅងងឹតនេះ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨, ទី២ ដំណាក់កាល នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល នឹងទទួលបានឯកភាពជាតិ ឯកភាពទឹកដី, ទី៣ ដំណាក់កាល នៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ ១៩៩៨-២០០៣ ដែលផ្ដោតទៅលើការបង្រួបបង្រួមជាតិ តាមរយៈការធ្វើសន្តិភាវូបនីយកម្ម ប្រកបដោយនិរន្តរភាព និងចិរភាព និងទី៤ ដំណាក់ការកសាងសង្គមជាតិ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណ ចន្លោះឆ្នាំ២០០៣-២០២៣ រហូតប្រទេសជាតិ មានការអភិវឌ្ឍមកដល់បច្ចុប្បន្ន ដោយបានឈានចេញពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
សម្តេចអធិបតីក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីបន្តពង្រឹងសមិទ្ធផលផ្សេងៗ និងកសាងប្រទេសឲ្យកាន់តែរីកចម្រើន នៅក្នុងនោះការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមានកងទ័ពជើងគោក នៃខ.ភ.ម ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ជាតិ គឺជាកត្តាចាំបាច់បំផុត ដើម្បីថែរក្សាបរិស្ថាន សន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅ និងឱកាស នៃការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋ។ បន្ថែមលើនេះសម្ដេចធិបតីក៏បានលើកឡើងផងដែរ អំពីសារៈសំខាន់ចាំបាច់ នៃការកែទម្រង់ខ.ភ.ម ដើម្បីឲ្យកងទ័ពក្លាយទៅជាកម្លាំងទំនើប និងមានសមត្ថភាពគ្រប់គ្រាន់ ម្ចាស់ការក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ សន្តិភាព និងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះសម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖ ការកែទម្រង់កងទ័ព ត្រូវផ្អែកលើមូលដ្ឋាន នៃស្មារតីជាតិនិយម ដែលសំដៅដល់ ទី១៖ ស្មារតី នៃភាពស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ តាមរយៈការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការថែរក្សាឲ្យបានសុខសន្តិភាព និងស្ថិរភាព ទោះក្នុងតម្លៃណាក៏ដោយ, ទី២៖ ការពង្រឹងសមត្ថភាពកងទ័ពជាតិ ដើម្បីធានាជោគជ័យ នៃការបំពេញគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងសំដៅឈានទៅសម្រេចបាននូវភាពម្ចាស់ការ លើគ្រប់វិស័យកងទ័ព និងទី៣៖ ការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ជាមួយនឹងកងទ័ព នៃបណ្ដាប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិត្យានុភាព នៃខ.ភ.មនៅលើឆាកអន្តរ។
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព និងការកសាងសំណាញ់សុវត្ថិភាព សម្រាប់ខ.ភ.ម សំដៅលើកកម្ពស់ជីវភាពកងទ័ព ដើម្បីជាការដឹងគុណដល់កងទ័ព និងលើកទឹកចិត្តដល់កងទ័ព ឲ្យអនុវត្តនូវតួនាទីភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញ វិជ្ជាជីវៈ និងមានសមត្ថភាពពេញលេញ ដើម្បីចូលរួមនៅក្នុងបេសកកម្មនានា ប្រកបដោយជោគជ័យ ក្នុងបុព្វហេតុ នៃការការពារសុខសន្តិភាព បូរណភាពទឹកដី ព្រះមហាក្សត្រ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ៕









































