សម្តេច​ធិបតី​ ហ៊ុន ​ម៉ា​ណែត ​អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ​ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម​ (២៤​ មករា ១៩៩៩ ​-​ ២៤ ​មករា​ ២០២៤)​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​៖ ការ​កែ​ទម្រង់​កង​ទ័ព​ត្រូវ​ផ្អែក​លើ​មូល​ដ្ឋាន​ នៃ​ស្មារតី​ជាតិ​និយម​ សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ ២៥ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋានកង​ទ័ព​ជើង​គោក​ នៃ​ខ.ភ.ម​ នា​ថ្ងៃ​ទី​២៤ ខែមករា​ ឆ្នាំ២០២៤។ 

        នៅ​ក្នុង​ពិធី​ដ៏​មហា​ឡារិក​នោះ ​សម្តេចអធិបតី​បាន​មាន​ប្រសាសន៍​ថា​៖ ខួប​អនុស្សាវរីយ៍​២៥ឆ្នាំ​ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ គឺ​ត្រូវ​បាន​ប្រារឰ​ឡើង​ ស្រប​ពេល​ដែល​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ សម្រេច​បាន​នូវ​សមិទ្ធិផល​ធំៗ​ជា​ច្រើន​ នៅ​លើ​គ្រប់​វិស័យ​ ហើយ​ក៏​បាន​និងកំពុង​បន្ត​ឈាន​ទៅ​មុខ ​ប្រកប​ដោយ​ភាព​ជឿ​ជាក់​ លើ​មាគ៌ា​សុខ​​សន្តិភាព​ និង​ការ​អភិវឌ្ឍ ជា​មួយ​នឹង​សមិទ្ធិផល​ថ្មីៗ​របស់​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​។ សម្ដេចអធិបតី​ក៏​បាន​ចូល​រួម​អបអរសាទរ​ និង​កោត​សរសើរ​ ចំពោះ​សកម្មភាព​ដ៏​រស់​រវើក​ និង​ស្មោះ​ត្រង់​របស់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ គ្រប់​លំដា​ប់​ថ្នាក់​ ព្រម​ទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន ទូ​ទាំង​កង​ទ័ព​ជើង​គោក​ នៃ​ខ.ភ.ម ដែល​បាន​ចូល​រួម​លះ​បង់​នៅ​ក្នុង​បុព្វ​ហេតុ​អភិវឌ្ឍ​ជាតិ​កម្ពុជា​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ អង់​អាច​ ក្លា​ហាន​ មាន​វិន័យ​ និង​សេចក្ដី​ថ្លៃថ្នូរ ហើយ​នៅ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ ក៏​​តែង​បាន​ទ្រ​ទ្រង់​ថែ​រក្សា​ការពារ​សុខ​សន្តិភាព​ ស្ថិរ​ភាព​ជាតិ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ បាន​ល្អ​ប្រសើរ​ ដែល​ស័ក្ដិ​សម​ជា​ទី​ពឹង​របស់​ប្រជាជន​ និង​សង្គម​ជាតិ​ទាំង​មូល​​។ 

        ទន្ទឹម​នឹង​គ្នា​នេះ​សម្តេច​ធិបតី​ក៏​បាន​រំឭក​ផង​ដែរ​ អំពី​ដំណើរ​ឆ្លង​កាត់​របស់​កម្ពុជា​ ក្នុង​រយៈ​ពេល​៤៥​ឆ្នាំ​កន្លង​មក​នេះ​ ដែល​ផ្ដើម​ចេញ​ពី​ជ័យ​ជម្នះ​ ០៧ មករា រហូត​ដល់​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ឥត​ឈប់​ឈរ​ តាមទិស​ដៅ​ត្រឹ​ម​ត្រូវ​ ដែល​ជា​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​ របស់​ប្រជា​ជន​គ្រប់​រូប​។ ៤៥​ឆ្នាំ​កន្លង​ទៅ​នេះ​ គឺ​ជា​៤៥ឆ្នាំ នៃ​សាមគ្គីភាព​ វីរៈភាព​ និង​ជា​៤៥ឆ្នាំ​ នៃ​ជ័យ​ជម្នះ​របស់​ប្រជាជន​កម្ពុជា​។ ថ្ងៃ ០៧ មករា ជា​ចំណុច​សូន្យ នៃ​​ការផ្ដើម​កសាង​​ឡើង​វិញ​នូវ​រាល់​សមិទ្ធផល​គ្រប់​បែប​យ៉ាង​ របស់​ប្រជា​ជន​ និង​សង្គម​កម្ពុជា​ រួម​ទាំង​អាយុ​ជីវិត​ សិទ្ធិ​សេរី​ភាព​ ប្រពៃ​ណី​ ទំនៀម​ទម្លាប់​ ជំនឿ​សាសនា​ លទ្ធិប្រជាធិប​តេយ្យ​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​សព្វ​ថ្ងៃ​នេះ​។ កម្ពុជា​ដែល​ពី​មុន​ត្រូវ​បាន​ហែក​ហួរ​ដោយ​សង្គ្រាម​ និង​ធ្លាប់​តែ​ល្បី​ជា​វា​លពិឃាត​ ជា​តំបន់​អសន្តិសុខ​ ដែល​គេ​ភ័យ​ខ្លាច​គ្រ​ប់​គ្នា​ ឥឡូវ​បាន​ក្លាយ​ទៅ​ជា​រដ្ឋ​អធិបតេយ្យ​ និង​ឯករាជ្យ​ ដែល​មាន​សុខ​សន្តិភាព​ នីតិរដ្ឋ និង​ស្ថិរភាព​នយោបាយ​ ស្រប​តាម​គោល​ការណ៍​ នៃ​លទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស​ និង​មាន​ព្រះ​មហាក្សត្រ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​ គ្រង​ជា​ម្លប់​ដ៏​ត្រជាក់​។ កម្ពុជា​ដែល​ពី​មុន​ធ្លាប់​ត្រូវ​បាន​ដាក់​ឲ្យ​ឯកោ​ ទាំង​នយោបាយ​ និង​សេដ្ឋកិច្ច​ ឥឡូវ​បាន​ធ្វើ​សមាហរណកម្ម​ពេញ​លេញ​ នៅ​ក្នុង​រចនា​សម្ព័ន្ធ​និមាបណកម្ម​តំបន់​ និង​សកល​ ព្រម​ទាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​រក្សា​សណ្ដាប់​ធ្នាប់​ និងសន្តិ​ភាព​នៅ​ក្នុង​សកល​លោក​ ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​។ មួយ​វិញ​ទៀត​សម្តេចអធិបតី ក៏​បាន​រំឭក​បន្ថែម​អំពី​ស្នាដៃ​ និង​សមិទ្ធ​ផល​ការ​ងារ​របស់​កង​កម្លាំង​កង​ទ័ព​ជើង​គោក​ ពី​អតីត​កាល​ រហូត​មក​ដល់​បច្ចុប្បន្ន​ ដែល​ទោះបី​ជា​ទើប​ត្រូវ​បាន​បង្កើត​ឡើង​រយៈ​ពេល​២៥​ឆ្នាំ​ ប៉ុន្តែ​ធ្លាប់​បាន​ចូល​រួម​នៅ​ក្នុង​គ្រប់​ដំណាក់​កាល​ នៃ​ការ​វិវឌ្ឍ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​ ជាង​៤០ឆ្នាំ​ រាប់​ចាប់​តាំង​ពី៖ ​ទី​១ ដំណាក់​កាល​ នៃ​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ ក្នុង​ឆ្នាំ​១៩៧៨ ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុលពត និង​ការ​ទប់​ស្កាត់​ការ​វិល​មក​វិញ​ នៃ​របប​ដ៏​ខ្មៅ​ងងឹតនេះ​ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៨, ទី២ ដំណាក់​កាល​ នៃ​ការ​អនុវត្ត​នយោ​បាយ​ឈ្នះ​ឈ្នះ​ ដែល​បាន​បញ្ចប់​សង្គ្រា​ម​ស៊ីវិល​ នឹង​ទទួល​បាន​ឯកភាព​ជាតិ​ ឯកភាព​ទឹក​ដី​, ទី៣ ដំណាក់​កាល​ នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ត្រី​កោណ​ ១៩៩៨-២០០៣ ដែល​ផ្ដោត​ទៅ​លើ​ការ​បង្រួប​បង្រួម​ជាតិ​ តាម​រយៈ​ការ​ធ្វើ​សន្តិភាវូបនីយកម្ម ប្រកប​​ដោ​យ​និរន្តរភាព​ និង​ចិរភាព​ និង​ទី​៤ ដំណាក់​ការ​កសាង​សង្គម​ជាតិ​ តាម​រយៈ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ ចន្លោះ​ឆ្នាំ​២០០៣-២០២៣ រហូត​ប្រទេស​ជាតិ​ មាន​ការ​អភិវឌ្ឍ​មក​ដល់​បច្ចុប្បន្ន​ ដោយ​បាន​ឈាន​ចេញ​ពី​ប្រទេស​ក្រីក្រ​ ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។

       សម្តេចអធិបតី​ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​បន្ត​ពង្រឹង​សមិទ្ធផល​ផ្សេង​ៗ និង​កសាង​ប្រទេស​ឲ្យ​កាន់​តែ​រីក​ចម្រើន​ នៅ​ក្នុង​នោះ​ការ​ចូល​រួម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ រួម​មាន​កង​ទ័ព​ជើង​គោក​ នៃ​ខ.ភ.ម ព្រ​ម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​របស់​ជាតិ​ គឺ​ជា​កត្តា​ចាំ​បាច់​បំផុត​ ដើម្បី​ថែ​រក្សា​បរិស្ថាន​ សន្តិភាព​ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ ដើ​ម្បី​ផ្តល់​ភាព​កក់​ក្តៅ​ និង​ឱកាស​ នៃ​ការ​អភិវឌ្ឍ​ជូន​ដល់​ប្រជា​ពលរដ្ឋ​។ បន្ថែម​លើ​នេះ​សម្ដេច​ធិបតី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ អំពី​សារៈ​សំខាន់​ចាំ​បាច់​ នៃ​ការ​កែ​ទម្រង់​ខ.ភ.ម ​ដើម្បី​ឲ្យ​កង​ទ័ព​ក្លាយ​ទៅ​ជា​កម្លាំង​ទំនើប​ និង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ម្ចាស់​ការ​ក្នុង​ការ​ការ​ពារ​ឯករាជ្យ​ អធិបតេយ្យ បូរណភាព​ទឹកដី​ សន្តិសុខ​ សន្តិភាព​ និ​ងការ​អភិវឌ្ឍ​ប្រទេស​។ ក្នុង​ន័​យនេះ​សម្តេច​ធិបតី​ ក៏​បាន​សង្កត់​ធ្ងន់​ថា​៖ ការ​កែ​ទម្រង់​កង​ទ័ព​ ត្រូវ​ផ្អែក​លើ​មូល​ដ្ឋាន​ នៃ​ស្មារតី​ជាតិ​និយម ដែល​សំដៅ​ដល់​ ទី១៖ ស្មារ​តី​ នៃ​ភាព​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​មាតុ​ភូមិ​ តាម​រយៈ​ការ​ការ​ពារ​ជាតិ​ សាសនា ព្រះ​មហាក្សត្រ​ និង​ការ​ថែរក្សាឲ្យ​បាន​សុខ​សន្តិភាព​ និង​ស្ថិរភាព​ ទោះ​ក្នុង​តម្លៃ​ណាក៏​ដោយ​, ទី២៖ ការ​ពង្រឹង​សមត្ថភាព​កង​ទ័ព​ជាតិ​ ដើម្បី​ធានា​ជោគ​ជ័យ​ នៃ​ការ​បំពេញ​គ្រប់​ភារកិច្ច​ជូន​ជាតិ​មាតុ​ភូមិ ​និង​សំដៅ​ឈាន​ទៅ​សម្រេច​បាន​នូវ​ភាព​ម្ចាស់​ការ ​លើ​គ្រប់​វិស័យ​កង​ទ័ព​ និង​ទី​៣៖ ការ​បង្កើន​ទំនាក់​ទំនង​សហប្រតិបត្តិការ​ ជា​មួយ​នឹង​កង​ទ័ព​ នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​លើក​កម្ពស់​កិត្យានុភាព​ នៃ​ខ.ភ.មនៅ​លើ​ឆាក​អន្តរ​។

       មុន​នឹង​បញ្ច​ប់​ សម្ដេចធិបតី​ ក៏​​បា​ន​គូស​បញ្ជាក់​បន្ថែម​ថា​៖ រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នឹង​បន្ត​ជំរុញ​អនុវត្ត​កម្ម​វិធី​កែ​ទម្រ​ង់នានា​ ដើម្បី​បន្ត​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ និង​ការ​កសាង​សំណាញ់​សុវត្ថិភាព​ សម្រាប់​ខ.ភ.ម សំដៅ​លើក​កម្ពស់​ជីវភាពកងទ័ព​ ដើម្បី​ជា​ការ​ដឹ​ង​គុណ​ដល់​កង​ទ័ព​ និង​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព ​ឲ្យ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ជា​កង​កម្លាំង​មាន​ជំនាញ​ វិជ្ជាជីវៈ និង​មាន​សមត្ថភាព​ពេញ​លេញ ដើ​ម្បី​ចូល​រួម​នៅ​ក្នុង​បេសកកម្ម​នានា​ ប្រកប​ដោយ​ជោគ​ជ័យ​ ក្នុង​បុព្វហេតុ នៃ​ការ​ការ​ពារ​សុខសន្តិភាព​ បូរណភាព​ទឹក​ដី​ ព្រះមហាក្សត្រ​ ប្រជាជន​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​កើត​ចេញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាជន​កម្ពុជា​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ