កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំំ២០២៦កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូ វិទ្យាស្ថានវិទ្យាសាស្ត្រយោធា នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ង្វៀន ឌីញជុង ប្រធាននយោបាយវិទ្យាស្ថានវិទ្យាសាស្ត្រយោធា អញ្ជើញចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ ។
ជំនួសមុខអោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ នាយទាហាននៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា នៃក្រសួងការពារប្រទេសវៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងជូនពរដល់ដំណើរទស្សនកិច្ចផ្លាស់ប្តូរទស្សនៈបទពិសោធន៍និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងថ្នាលបណ្តុះបណ្តាលធនធាន នៃកងទ័ពប្រទេសទាំងពីរ ទទួលបានជោគជ័យ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានសំដែងក្តីសោមនស្សរីករាយនិ ងអបអរសាទរ ចំពោះលទ្ធផលជាផ្លែផ្កា នៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានវិទ្យាសាស្ត្រយោធា នៃក្រសួងការពារប្រទេសវៀតណាម និងសាកលវិទ្យាល័យការពារជាតិកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានរំលឹកឡើងវិញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលមានប្រវត្តិតស៊ូយូរលង់ មានអនុស្សាវរីយ៍សាមគ្គីជិតស្និទ្ធ ស្អិតល្មួត ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ ជាពិសេសកងទ័ព និងប្រជាជនកម្ពុជា តែងចងចាំជានិច្ច នូវការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈរបស់កងទ័ព និងប្រជាជនវៀតណាម ចំពោះប្រទេសកម្ពុជា ទាំងមុន និងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមក។ ឯកឧត្តម នាយឧត្តមសេនីយ៍ មានក្តីសោមនស្សរីករាយ នឹងមើលឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អនេះ នៅតែបន្តថែរក្សាស្ថិតស្ថេរជាដរាប តាមរយៈការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអង្គការចលនាមហាជន យុវជន ដើម្បីការរស់នៅជាប្រទេសជិតខាងល្អ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះប្រទេសវៀតណាម ដែលតែងតែយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព។
ឯកឧត្តម ឯកឧត្តមសេនីយ៍ត្រី ង្វៀន ឌីញជុង ប្រធាននយោបាយវិទ្យាស្ថានវិទ្យាសាស្ត្រយោធា នៃក្រសួងការពារប្រទេសវៀតណាម បានលើកឡើងថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់ឯកឧត្តម ជាអ្នកជំនាន់ក្រោយ បានស្វែងយល់ពីអត្ថន័យ និងតម្លៃនៃចំណងមិត្តភាព និងប្រវត្តិតស៊ូ រវាងកងទ័ព និងប្រជាជន នៃប្រទេសយើងទាំងពីរ ដែលជាយូរអង្វែងណាស់មកហើយ ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរគ្រប់ជំនាន់។ បច្ចុប្បន្ននេះ ទំនាក់ទំនងនេះ បានក្លាយជាចំណងមិត្តភាពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិ ត្រូវបានចាត់ទុកជាសសរស្តមមួយ ក្នុងចំណោមកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យ ។ ឯកឧត្តម ប្រធាននយោបាយវិទ្យាស្ថានវិទ្យាសាស្ត្រយោធា នៃក្រសួងការពារប្រទេសវៀតណាម ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់គណប្រតិភូវិទ្យាស្ថានវិទ្យាសាស្ត្រ នៃក្រសួងការពារប្រទេសវៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបប្រាស្រ័យកាងារជាមួយស្ថាប័ន សាលាមួយចំនួន ដើម្បីរិះរកវិធីជំរុញកិច្ចការងារស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស អោយបានកាន់តែល្អប្រសើរឡើងថែមទៀត ៕









