ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសសមាសភាពក្រុមការងាររៀបចំពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសសមាសភាពក្រុមការងាររៀបចំពិធីសារស្តីពីផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

       យោងតាមខ្លឹមសារ ប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុមការងាររៀបចំពិធីសារស្តីពីផែនការ កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអានដោយលោក វរសេនីយ៍ទោ សាយ រតនា ជំនួយការការិយាល័យបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិក បានអោយដឹងថា៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជានាយករង នាយកដ្ឋានបុគ្គលិក ត្រូវទទួលភារកិច្ចជាប្រធានក្រុមការងារ រៀបចំពិធីសារស្តីពីផែនការ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយក្រុមការងារនេះមានអនុប្រធានពីររូបគឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ រ៉ុង រតនៈ ​អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស និងមានសមាជិក ១១រូបទៀត។

       ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍គូសបញ្ជាក់ពីសារសំខាន់ នៃក្រុមការងាររៀបចំពិធីសារស្តីពីផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងការពារជាតិ ក្នុងការពិនិត្យឯកសារ និងសម្របសម្រួលការងារទំនាក់ទំនង រៀបចំចងក្រងឯកសារពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សហការជាមួយស្ថាប័នកងឯកភាពពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងឯកសារ ពិនិត្យសេចក្តីត្រូវការចាំបាច់ជាយុទ្ធសាស្ត្រ ស្របតាមគោលនយោបាយ និងការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ ចំពោះមុខ និងទៅថ្ងៃអនាគត។

       ការសម្រួលកែសមាសភាពក្រុមការងារនាពេលនេះ គឺជាផ្នែកមួយនៃផែនការកែទំរង់ កងយោធពលខេមរភូមិន្ទ ក្នុងស្ថានការណ៍ពិភពលោកបន្តវិវត្តទៅរកភាពមិនប្រាកដប្រជាកាន់តែខ្លាំង និងប្រែប្រួលកាន់តែជ្រាលជ្រៅ ពិសេសបទឈប់បាញ់ រវាងកម្ពុជា និងថៃ នៅបន្តមាន ហើយទាហានថៃនៅតែបន្តឈ្លានពាន បន្តកាន់កាប់ខុសសច្បាប់ក្នុងតំបន់ស្ថិតជ្រៅនៅក្នុងទឹកដីកម្ពុជា។ មួយវិញទៀតកាកែសម្រួលការងារពិធីសារនេះ ក៏ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្នុងការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របតាមស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅក្នុងតំបន់ទៀតផង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ