ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុញ្ញាតឱ្យ គណៈប្រតិភូ នាយទាហានសំរាកបំប៉នសុខភាពគ្រួសារវៀតណាម ចូលជួបសម្តែងការគួរសម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូ នាយទាហានសំរាកបំប៉នសុខភាពគ្រួសារវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ឌីង វ៉ាន់ហៀប អតីតមេបញ្ជាការរង បញ្ជាការដ្ឋានវិទ្យុទាក់ទង នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។

       ជំនួសមុខអោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ នាយទាហាន នៃកងទ័ពប្រជាជនវៀតណាម និងគ្រួសារ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច សំរាកបំប៉នសុខភាពនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបាននាំយកការផ្តាំផ្ញើការសាកសួរ សុខទុក្ខ និងជូនពរដល់ដំណើរទស្សនកិច្ចសំរាកបំប៉នសុខភាពនេះ ទទួលបានសុវត្ថិភាព និងជោគជ័យប្រកបដោយសេចក្តីសប្បាយរីករាយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានសំដែងក្តីសោមនស្សរីករាយ និងចាត់ទុកថា នេះជាការទទួលភ្ញៀវដែលមានលក្ខណៈពិសេសរបស់កម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានរំលឹកពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ព និងកងទ័ព ប្រជាជន និងប្រជាជន គឺមានអនុស្សាវរីយ៍ សាមគ្គីជិតស្និទ្ធ ស្អិតល្មួត គ្រប់កាលៈទេសៈ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា៖ កងទ័ពនិងប្រជាជនកម្ពុជា ចងចាំជានិច្ចនូវ​កិច្ចសហការជួយគ្នាទៅវិញទៅមក របស់ប្រទេសយើងទាំងពីរ ពិសេសការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈរបស់កងទ័ព និងប្រជាជនវៀតណាម ចំពោះប្រទេសកម្ពុជា ទាំងមុននិងក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមក។ ឯកឧត្តមរីករាយនឹងមើលឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ របស់ប្រទេសយើងទាំងពីរ នៅតែបន្តថែរក្សា ស្ថិតស្ថេរជាដរាប ដើម្បីការរស់នៅជាប្រទេសជិតខាងល្អ ប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ជឿជាក់យ៉ាងមុតមាំថា៖ តាមរយៈគណៈប្រតិភូសំរាកបំប៉នសុខភាពនេះ ពេលត្រឡប់ទៅប្រទេសវិញ នឹងនាំយកនូវការអភិវឌ្ឍន៍រីកចំរើនរបស់ប្រទេសសកម្ពុជា ទៅផ្សព្វផ្សាយដល់ប្រជាជនវៀតណាមគ្រប់ស្រទាប់ អោយបានធ្វើដំណើរទេសចរណ៍កំសាន្តមកកាន់ប្រទេសកម្ពុជា អោយបានកាន់តែច្រើនថែមទៀត។

      លោកវរសេនីយ៍ឯក ឌីង វ៉ាន់ហៀប អតីតមេបញ្ជាការរង បញ្ជការដ្ឋានវិទ្យុទាក់ទង នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិជាច្រើនរូបទៀត ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យេគណៈប្រតិភូ នាយទាហានសំរាកបំប៉នសុខភាពគ្រួសារវៀតណាម បានចូលជួបសម្ដែងការគួរសមនាពេលនេះ។ លោកវរសេនីយ៍ឯកក៏បានថ្លែងអំណរគុណដល់ក្រុមការងារពិធីការក្រសួងការពារជាតិ ក៏ដូចជាអង្គភាពមួយចំនួន ដែលបានរៀបចំកម្មវិធីបដិសណ្ឋារកិច្ចគណៈប្រតិភូរបស់លោកនៅកម្ពុជា និងចាត់ទុកថាដំណើរទស្សនកិច្ចនេះជាអនុស្សាវរីយ៍ល្អ ដែលមិនអាចបំភ្លេចបាន។ លោកវរសេនីយ៍ឯក បានអោយដឹងថា៖ សមាជិកគណៈប្រតិភូវៀតណាមនាពេលនេះ ភាគច្រើនសុទ្ធសឹងតែជាគ្រួសារកងទ័ព ដែលបានចូលនិវត្តន៍ មកពីភូមិភាគខាងជើង ខាងត្បូង និងភូមិភាគកណ្តាល។ ចំពោះរូបលោកផ្ទាល់ ដែលជាអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមម្នាក់ ធ្លាប់បានបំពេញបេសកកម្មនៅកម្ពុជាកាលពីពេល៤០ឆ្នាំមុន លោកពិតជាសប្បាយរីករាយដោយបានមើលឃើញច្បាស់ពីការវិវត្តន៍រីកចំរើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសលោកបានចូលរួមរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងស្វែងយល់បន្ថែមពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកនេះ បានបង្ហាញថាទំនាក់ទំនងសាមគ្គីភាព មិត្តភាព កម្ពុជា វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរ និងរឹងរឹតជិតស្និទ្ធឡើងថែមទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ