នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម អិច ១៦ ស្ថិត នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ បានប្រារព្ធពិធីអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា(១២ ឧសភា ១៩៧៨- ១២ ឧសភា ២០២៦) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្តីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួម ពីគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម និងប្រតិភូខេត្តដុងណាយ ប្រទេសវៀតណាមផងដែរ។
នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅអុជធូប សុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាង្គព្រះអង្គគោកធ្លក, រួចបន្តអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅមហាចេតិយបន្តទៀត។ សូមបញ្ជាក់ថា៖ ការរៀបចំពិធីរំឮកខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នាពេលនេះ បានប្រារព្ធធ្វើឡើងក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាលនោះ សម្តេចតេជោ គ្រាន់តែជាមេបញ្ជាការទ័ពមួយរូប បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ជាមួយមិត្តរួមអាវុធ ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការតស៊ូរំដោះជាតិ និងជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឲ្យរស់ឡើងវិញ រហូតមានការរីកចម្រើនដល់សព្វថ្ងៃនេះ។ ជាការពិត ទោះបីជារយៈពេល៤៩ឆ្នាំ បានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នានៅតែចងចាំជានិច្ច ហើយថែមទាំងដិតដាមក្នុងក្រអៅបេះដូងរបស់យើងទាំងអស់គ្នាជានិច្ចជាកាល មិនអាចបំភ្លេចបានឡើយ នូវគំរូវីរភាពដឹកនាំដ៏ឧត្តុង្គឧត្តម និងគុណូបការៈដ៏ធំធេង មិនអាចកាត់ផ្តាច់បានរបស់សម្តេចតេជោ ដែលបានពុះពារដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ចេញដំណើរដើម្បីធ្វើការ តស៊ូយ៉ាងស្វិតស្វាញ ឈានឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្លែងនៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំឭកឡើងវិញខ្លះៗនូវសច្ចភាពប្រវត្តិសាស្ត្រ នៅក្នុងយុគសម័យ ដែលត្រូវបានកត់ត្រាទុកនៅក្នុងទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅ ដំណាក់កាលមួយ ដែលដំណាក់កាលទី១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ ប៉ុល ពត ដែលចលនានេះមានសម្តេចតេជោ និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ចេញពីតំបន់កោះថ្ម អិច-១៦ ព្រំដែនវៀតណាម ឈានទៅបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា អង្គភាព-១២៥ ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំង នយោបាយដំបូងគឺ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ឈានទៅសម្រេចជ័យជម្នះ ក្នុងការសង្គ្រោះ និងរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃ “៧ មករា ឆ្នាំ១៩៧៩”។ ដំណាក់កាលទី២ គឺជាដំណាក់កាលនៃការការពារ ស្តារ និងកសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យដោយដៃម្ខាងកាន់អាវុធ ការពារទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដៃម្ខាងកសាងប្រទេសជាតិ រហូតឈានដល់ដំណាក់កាលចរចាផង ប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «២៣ តុលា ១៩៩១»។ ប៉ុន្តែសន្តិភាពនាពេលនោះមិនទាន់មានភាពពេញលេញនៅឡើយ ដោយសារកម្លាំងខ្មែរក្រហមបានធ្វើពហិការមិនចូលរួមការបោះឆ្នោត និងបន្តធ្វើសង្គ្រាមបំផ្លិចបំផ្លាញ។ បន្ទាប់មកទើបឈានដល់ការដាក់ចេញនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដីដ៏ពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំកន្លងមក។ ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈប្តូរផ្តាច់ ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទ នៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមដំបូលសុខសន្តិភាព ដែលបានមកពីនយោបាយ ឈ្នះ ឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ សុខសន្តិភាព ស្ថិរភាពនយោបាយ បានគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូលក្នុងរយៈពេលជាង២៧ឆ្នាំ កន្លងមកនេះ បានបង្កលក្ខណៈសម្បត្តិ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ក្រោមម្លប់សន្តិភាព ប្រទេសជាតិមានការរីកចម្រើន បង្កើតសមិទ្ធផលជាច្រើននៅទូទាំងប្រទេស និងបានបង្កលក្ខណៈកាន់តែអនុគ្រោះដល់ការគិតគូរ តបស្នងសងគុណចំពោះអតីតយុទ្ធជន ដែលបានពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនយើង នាពេលកន្លងមក កសាងបាននូវវប្បធម៌ចែករំលែក ឈានទៅកសាងសង្គមមួយប្រកបដោយសមធម៌ និងបរិយាបន្ន ៕
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !



















