ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារជំនាញរបស់លេខាធិការដ្ឋាន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្ដីការក្រសួងការពារជាតិ បានប្រារព្ធពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងសមាសភាពលេខាធិការដ្ឋាន ក្រុមការងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ ។

       ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានលេខាធិកាដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ បានមានប្រសាសន៍ថា៖ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ទឹកដីអង្គរដ៏បវរ វីរយុទ្ធជន យុទ្ធនារី កងកម្លាំប្រដាប់អាវុធ មហាជន ប្រជាជនកម្ពុជាយើងជាច្រើន បានបូជាជីវិត របួស ពិការ បាត់បង់សមត្ថភាពការងារ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជនប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តម និងបានបន្សល់ទុកនូវស្នាដៃ គុណបំណាច់ចំពោះជាតិមាតុភូមិ និងជាគំរូដល់មនុស្សជំនាន់ក្រោយ។

       ក្នុងឱកាសនោះ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមការងាររដ្ឋបាល និងហិរញ្ញវត្ថុ ឡើងអានសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងលេខាធិការដ្ឋាន ក្រុមការងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ ​អតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិ បានយកចិត្តទុកដាក់ផ្តល់កិត្តិយសលើកទឹកចិត្ត ផ្តល់ជូននូវរបបគោលនយោបាយ សមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ។ ឯកឧត្តម បានបញ្ជាក់ថា៖ កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាពសង្គម ប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន និងក្រុមគ្រួសារប្រកបដោយភាពសុខសាន្ត សុខដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍។ កិច្ចការទាំងនោះរួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារមុខរបរ ការផ្តល់ដីសម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការជួយដោះស្រាយជីវភាពចំពោះយោធិនចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់មានធនធានដីធ្លី លំនៅដ្ឋានសម្រាប់ប្រកបរបរផ្សេងៗ។

       ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់បន្ថែមថា៖ ​ សម្តេច​តេជោ ហ៊ុន សែន គឺជាស្ថាបនិកដែលបានផ្តួចផ្តើមបង្កើត និងធ្វើជាប្រធានដឹកនាំផ្ទាល់ ចំពោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានផ្តល់អនុសាន៍មួយចំនួន ដល់គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងលេខាធិការដ្ឋាន ក្រុមការងារជំនាញគ្រប់ថ្នាក់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ ត្រូវគោរពនិងអនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏ដូចជាសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ សេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាន និងក្រុមការងារជំនាញរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ។ ជាពិសេស ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជាត្រីវិស័យមានលក្ខណៈជាយុទ្ធសាស្ត្រ ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកបដោយស្មារតីទទួលខុសត្រូវ អនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ