ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចុះសួរសុខទុក្ខគ្រួសារកងទ័ព នៅសមភូមិមុខខេត្តប៉ៃលិន ដោយមានការចូលរួមពី លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ស្នងការខេត្ត មេបញ្ជាការ មេបញ្ជាការរង និងក្រុមគ្រួសារវីរកងទ័ពមកពីតំបន់ប្រតិបត្តិការសឹករងប៉ៃលិន កងពលតូចថ្មើរជើងលេខ៥២ កងការពារព្រំដែន ៥០៤ និងវរសេនាតូច៥៥៦។
ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ បានមានប្រសាសន៍សាកសួរសុខទុក និងពាំនាំនូវការផ្តាំផ្ញើ ការនឹករលឹកដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ គ្រួសារកងទ័ពនៅសមភូមិមុខខេត្តប៉ៃលិន ដោយលោកជំទាវ បញ្ជាក់ថា៖ គ្រប់កាលៈទេសៈថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា តែងតែមានការនឹករលឹក និងយកចិត្តទុកដាក់បំផុត ជូនដល់នាយទាហាន នាយទាហានរងគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារកងទ័ពនៅសមរភូមិមុខ ដែលបានយកអាយុជីវិតឈរយ៉ាងរឹងមាំការពារទឹកដី។ លោកជំទាវ ដាំ ដារីនី បានសំណូមពរដល់ក្រុមគ្រួសារវីរកងទ័ព សូមថែរក្សាសុខភាព អោយមានកម្លាំងកាយមាំមួន និងជោគជ័យគ្រប់ភារកិច្ច ក្នុងការពារខឿនការពារជាតិ និងជាកម្លាំងចិត្តគាំទ្រស្វាមី និងក្រុមគ្រួសារពីក្រោយ។
លោកជំទាវបាននាំអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនក្រុមគ្រួសារកងទ័ពសមរភូមិមុខទាំងអស់ ដែលបានចូលរួម និងសូមថ្លែងអំណរគុណជូនដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងទាំងអស់បានអនុវត្តតាមបទបញ្ជា និងស្មារតីខ្ពស់បំរើជាតិមាតុភូមិ, ស្វាមីគឺជាវីរកងទ័ពនៅសមភូមិមុខ ភរិយាគឺជាកម្លាំងជំរុញនៅពីក្រោយ ៕















