សេចក្ដីជូនដំណឹង
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួនដែលក្នុងនោះក៏មានទំព័រហ្វេសប៊ុកបរទេសមួយចំនួនបានដាក់ឈ្មោះជាភាសាខ្មែរ និងបានបន្លំខ្លួនជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្តោយព្រំដែន ដោយបំភ្លើស បំភ្លៃការពិត និងព្រមទាំងដកស្រង់ចេញពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងបង្កឱ្យមានភាពវឹកវរ ក្នុងគោលបំណង ក្លែងបន្លំ ទាក់ទាញយក View, Like, Share និងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងន័យនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។
ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។
ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/@modgovkhm
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/@modgovkhm







