ក្រុមការងារនីតិកម្មក្រសួងការពារជាតិកម្ពុជា និងរុស្សី បានជួបគ្នានៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីពិគ្រោះយោបល់លើពង្រាងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងករណីមានវិបត្តិ។
មុនពេលចាប់ផ្តើមកិច្ចពិគ្រោះយោបល់នេះ គណៈប្រតិភូយោធានៃសហព័ន្ធរុស្សី ដឹកនាំលោកវរនាវីឯក Dmitri SEVOSTYANOV នាយករង នាយកដ្ឋានច្បាប់អន្តរជាតិ និងសកម្មភាពអាជ្ញាប័ណ្ណ នៃមជ្ឈមណ្ឌលអនុម័តសកម្មភាពសមុទ្រ នៃមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិសហព័ន្ធរុស្សី បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម ជាសាឃឿន រដ្ឋលេខធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររៀបចំពង្រាងកិច្ចព្រមព្រៀង។ កិច្ចសន្ទនាបានរំលេចអំពីទំនាក់ទំនងល្អដ៏យូរលង់ រវាងកម្ពុជា និងរុស្សី ពិសេសនៅថ្ងែ១៣ ខែឧសភា ស្អែកនេះ គឺជាទិវាគំរប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។ ភាគីទាំងពីរយល់ឃើញថាទំនាក់ទំនងនេះ គឺជាឬសគល់បន្តសំរាប់ថ្ងៃនេះ និងតទៅអនាគត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម ជាសាឃឿន រដ្ឋលេខធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររៀបចំពង្រាងកិច្ចព្រមព្រៀង មានប្រសាសន៍ថា៖ ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងវិបត្តិមនុស្សធម៌ផ្សេងៗ កំពុងកើតមានកាន់តែញឹកញាប់ និងមានភាពស្មុគស្មាញ ដូចនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ គឺជាកត្តាចាំបាច់មួយក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្តារឡើងវិញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាយន្តការសំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យជំនួយមនុស្សធម៌ ការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការគាំទ្រក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងវិបត្តិនានា។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា៖ អង្គប្រជុំនាពេលនេះ នឹងពិភាក្សាដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការគ្នាយ៉ាងជិតស្និទ្ធ និងផ្តល់នូវមតិយោបល់ស្ថាបនា ដើម្បីធានាឱ្យសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខឹម ជាសាឃឿន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមរៀបចំ និងសម្របសម្រួលឯកសារសេចក្តីព្រាង នេះឡើង ៕





















