កិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងទិសដៅអនុវត្តខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងការពារបានប្រព្រឹត្តទៅនៅថ្ងៃទឹ៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។
យោងតាមសេចក្តីសន្និដ្ឋាន និងវាយតម្លៃ នៃរបាយការណ៍បានអោយដឹងថា៖ នៅក្នុងខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ច របស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខមួយចំនួន សម្រេចបាននូវសមិទ្ធផលជាអាទី៍៖
កងយោធពលខេមរភូមិន្ទបានបន្តគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កម្ពុជាមិនទទួលស្គាល់ដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការវាយប្រហារកាន់កាប់ដោយខុសច្បាប់ពីកងទ័ពថៃ។ ទន្ទឹមនេះ បានធ្វើល្បាតជាប្រចាំតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន សរុបចំនួន១,៥៩៣លើក (ព្រំដែនកម្ពុជា-ថៃ ៧៣០លើក, កម្ពុជា-វៀតណាម ៦២៨លើក, កម្ពុជា-ឡាវ ២៣៥លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។
កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ក្នុងនោះមានទាំងសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ ជួញដូរ ប្រើប្រាស់គ្រឿងញៀន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបាននូវលទ្ធផលល្អ, ទន្ទឹមនេះបានចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផងដែរ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន៤០៦លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន២៦៣លើក។ ក្រៅពីនេះ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំរៀនសូត្រចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗ ការងាររៀបចំសំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ ដើម្បីផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវ នីតិសម្បទា ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿង បំពាក់សម្ភារៈបច្ចេកទេសនិងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ព និងគ្រួសារ ការងារគ្រប់គ្រងនិងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនង បញ្ជូនសារ ការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់អគារ គ្រប់ប្រភេទ ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារប្រវត្តិសាស្ត្រយោធា ការបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតអនុវត្តបានល្អតាមផែនការ និងលទ្ធភាពជាក់ស្តែង។
កងយោធពលខេមរភូមិន្ទក៏នៅមានចំណុចដែលត្រូវបន្តការយកចិត្តទុកដាក់គឺ៖
-បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យស្តីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទនិងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារលើគ្រប់វិស័យ ៕



















