ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ច តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ វីរកងទ័ពសមរភូមិមុខ យោធិនរបួស ជំងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។
ឯកឧត្តម ឧត្តមសេនីយឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានរាយការណ៍សង្ខេប ស្ដីពីស្ថានភាពទូទៅ និងការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងកោតសរសើរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជូនចំពោះវីរយុទ្ធជនទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី ហើយកំពុងសំរាកព្យាបាលជំងី របួសនាពេលនេះ។ ឯកឧត្តម ក៏សូមជូនពរដល់វីរយុទ្ធជនជំងឺរបួសទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងឆាប់បានជាសះស្បើយវិលត្រឡប់ទៅអង្គភាពដើមវិញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ក៏បាននាំយកអំណោយមួយចំនួន មកប្រគល់ជូនវីរកងទ័ពរងរបួសចំនួន៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន មីកញ្ចប់១កេស, ត្រីខកំប៉ុង២យួរ, ស្ករស១គីឡូក្រាម, ទឹកដោះគោ២កំប៉ុង និងថវិកា១លានរៀលផងដែរ។ សកម្មភាពនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់កងទ័ពផងដែរ។
គួរបញ្ជាក់ថា៖ យោងតាមសេចក្តីសម្រេច របស់ក្រសួងការពារជាតិ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយ នាយឧត្ដមសេនីយ៍ ទៀ សីហា បានចាត់តាំងក្រុមការងារចំពោះកិច្ច ទទួលបន្ទុកស្រាវជ្រាវ និងដោះស្រាយចំពោះការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមពាក់ព័ន្ធនឹងស្ថានភាពកងទ័ពជួរមុខ និងយោធិនពលី របួស ពិការ ក្នុងសមរភូមិ ដែលមាន៖ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាប្រធាន និងមានថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា, អគ្គនាយក អគ្គនាយកដ្ឋានភស្តុការ ហិរញ្ញវត្ថុ, នាយកមន្ទីរពេទ្យព្រះកេតុមាលា និងនាយករង ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអនុប្រធាន។
ក្រុមការងារនេះ មានតួនាទីភារកិច្ច ៖
* ជាសេនាធិការជូនក្រសួងការពារជាតិ ក្នុងការដោះស្រាយចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងស្ថានភាពកងទ័ពជួរមុខ និងយោធិនពលី របួស ពិការក្នុងសមរភូមិ
* តាមដានព័ត៌មានលើបណ្តាញសង្គម ដែលពាក់ព័ន្ធនឹងស្ថានភាពកងទ័ពជួរមុខ និងយោធិនពលី របួស ពិការក្នុងសមរភូមិ
* សហការជាមួយអគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក គណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគ ទី៤ និងស្ថាប័នចំណុះក្រសួងការពារជាតិ សិក្សាស្រាវជ្រាវ និងលើកយោបល់ ដើម្បីមានវិធានការតាម ករណីជាក់ស្តែង និងធ្វើការផ្សព្វផ្សាយ បន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតនៅលើបណ្តាញសង្គម
* ពិនិត្យសិក្សាគោលការណ៍ និងគោលនយោបាយមានស្រាប់របស់ក្រសួងការពារជាតិ និងលើកយោបល់ អំពីលទ្ធភាពពន្លាតវិសាលភាពគ្របដណ្តប់ក្នុងការជួយកងទ័ពជួរមុខ និងយោធិនពលី របួស ពិការក្នុងសមរភូមិឱ្យកាន់តែគ្រប់ជ្រុងជ្រោយ
* ពិនិត្យព្យាបាល និងចុះសួរសុខទុក្ខយោធិនរបួស ពិការក្នុងសមរភូមិដែលកំពុងសម្រាកនៅតាមមន្ទីរពេទ្យ ៕



















