ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ របស់សាកលវិទ្យាល័យការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

        ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៦-២០២៧ របស់សាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។

        សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដែលសិក្សាលើផ្នែកនៃការវិភាគស្ថានការណ៍ សន្តិសុខ ការវាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិទាំងប្រពៃណី និងមិនប្រពៃណី ការធ្វើកំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិលើឆាកអន្តរជាតិ តាមរយៈនៃការសិក្សាផ្នែកវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រពិត ភាសាបរទេស ជូនដល់យោធិននៃកងយោធពលខេមរភូមិន្ទ និងភាសាខ្មែរជូនដល់និស្សិតយោធាបរទេសផងដែរ។

        យោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍វឌ្ឍនភាពការងារ និងលទ្ធផលវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល ឆ្នាំ២០២៥ និងបន្តបើកវគ្គសិក្សាឆ្នាំ២០២៦-២០២៧ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯកដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានឱ្យដឹងថា៖ វគ្គសិក្សាឆ្នាំ២០២៥-២០២៦ សាកលវិទ្យាល័យការពារជាតិ បានអនុវត្តន៍ការងារ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន បានចំនួន១១វគ្គ ដែលមាននិស្សិត និងសិក្ខាកាមជាតិ និងអន្តរជាតិសរុប ចំនួន ៦០៤នាក់ និងវគ្គបន្តសម្រាប់ឆ្នាំ សិក្សា២០២៦-២០២៧ ចំនួន ១៣វគ្គ ដែលមាននិស្សិត និងសិក្ខាកាម ចំនួន ៣០៧នាក់ និងវគ្គថ្មីចំនួន ១៤វគ្គ ដែលមាននិស្សិត និងសិក្ខាកាម ចំនួន ៧៦៣នាក់ ក្នុងនោះនិស្សិតយោធាបរទេស មានចំនួន ៩៥នាក់ ដែលមកពី៤ប្រទេសគឺ ប្រទេសវៀតណាម ចំនួន ៦២នាក់,  ប្រទេសឡាវ ចំនួន ២០នាក់, សហភាពមីយ៉ាន់ម៉ា ចំនួន ១១នាក់ និងប្រទេសចិន ចំនួន ០២នាក់។

        ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ បុគ្គលិកសិក្សា នាយទាហាន ពលទាហាន នៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ច ស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ នៃខ.ភ.ម ដែលបានដើរតួនាទីយ៉ាងសំខាន់លើការងារបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងខាងចំណេះដឹងទូទៅ ស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ជំរុញដល់ការឈានចូល និងទទួលយកបដិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា វិទ្យសាស្ត្រសម័យទំនើប នវានុវត្តន៍យោធានៅក្នុងតំបន់ និងសកលលោក ដើម្បីធានាចីរភាពនៃការអភិវឌ្ឍក្នុងវិស័យការពារជាតិ។

        ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគោរពអរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលជាច្រើនជាពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមអរគុណថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ និងឯកជន បណ្តាសេនានុព័ន្ធ អនុព័ន្ធយោធានានា ដែលបានបរិច្ចាគនូវធនធាន និងសម្ភារៈជួយដល់សាកលវិទ្យាល័យការពារជាតិរបស់យើង។ ទាំងនេះ គឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី នៃមាតុភូមិរបស់យើង និងកិច្ចសហប្រតិបត្តការជាលក្ខណៈអន្តរជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ