លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន យោធិននារី និងគ្រួសារកងទ័ព នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី លើកទឹកចិត្តដល់បងប្អូនកងទ័ពទាំងអស់ នៅសមរភូមិមុខសូមបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចការពារជាតិ និងប្រជាជនឱ្យបានរឹងមាំ។ លោកជំទាវ បានថ្លែងដូចនេះ នៅក្នុងការអញ្ជើញប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ និងចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន យោធិននារី និងគ្រួសារកងទ័ព  យោធិននារី នៅទិសជួរមុខ នាឱកាសបុណ្យចូលឆ្នាំថ្មី នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។

       លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានមានប្រសាសន៍ពាំនាំផ្ដាំផ្ញើការសួរសុខទុក ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនវីរកងទ័ព យោធិនទាំងអស់ ដោយសេចក្តីនឹករលឹក និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការបំពេញភារកិច្ចយ៉ាងក្លាហាន និងការលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី និងការរក្សាសន្តិភាពជូនជាតិមាតុភូមិ។

       ក្នុងនោះដែរលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់បងប្អូនកងទ័ពទាំងអស់នៅសមរភូមិមុខ ដែលកន្លងមកបានការពារទឹកដី ជាតិមាតុភូមិ ពីការឈ្លានពាន ព្រមទាំងសូមបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចការពារជាតិ និងប្រជាជនឱ្យបានរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់សមរភូមិក្រោយក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកជួយទំនុកបម្រុងគ្រប់កាលៈទេសៈ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងការពារជាតិបានបន្តថា៖ ការចុះត្រួតពិនិត្យនេះ គឺជាយន្តការមួយ ដើម្បីធានាបាននូវការថែទាំសុខុមាលភាពកងទ័ពជួរមុខ និងបង្កើនសាមគ្គីភាព ក្នុងកងយោធពលខេមរភូមិន្ទ និងបង្ហាញពីការយកចិត្តទុកដាក់ផ្ទាល់ពីថ្នាក់ដឹកនាំការពារជាតិ ចំពោះសុខទុក្ខ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពយោធិននារី ដើម្បីជាការលើកកម្ពស់តួនាទីយោធិននារី និងគ្រួសារកងទ័ព។ ហើយការចុះសួរសុខទុក្ខដល់យោធិននារី និងគ្រួសារកងទ័ពជួរមុខនាពេលនេះ ជាផ្នែកមួយនៃកិច្ចការងារសង្គមកិច្ច និងការលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារទឹកដី។

      លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ក្រសួងការពារជាតិតែងតែផ្តល់អាទិភាព និងជំរុញការលើកកម្ពស់យេនឌ័រ ដើម្បីឱ្យយោធិននារីមានឱកាសស្មើភាពក្នុងការទទួលបានការបណ្តុះបណ្តាល និងការឡើងឋានន្តរស័ក្តិ។ លោកជំទាវក៍បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើរ សូមបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងជួរកងទ័ព, ត្រូវរក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន ព្រោះកងទ័ពដែលគ្មានវិន័យ គឺជាកងទ័ពដែលគ្មានកម្លាំង។ ត្រូវមានភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញឱ្យបានទោះក្នុងតម្លៃណាក៏ដោយ, ត្រូវចេះស្រឡាញ់គ្នាដូចបងប្អូនបង្កើត ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងអង្គភាព និងត្រូវរួមរស់ជាមួយប្រជាជនដូចទឹកនិងត្រី។

        នៅក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ រួមមាន៖ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ជូនដល់យោធភូមិភាគទី៤ កងពលធំអន្តរាគមលេខ៣ កងពលតូចអន្តរាគមលេខ៨ មន្ទីពេទ្យយោធភូមិភាគ៤  យោធិននារី គ្រួសាកងទ័ពសមភូមិមុខ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះផងដែរ ៕

-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ