ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលកាងារប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងការពារជាតិ។
យោងតាមសេចក្តីសនិ្នដ្ឋាន និងវាយតំលៃនៃសេចក្តីព្រៀងរបាយការណ៍បានអោយដឹងថា៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខមួយចំនួន សម្រេចបាននូវសមិទ្ធផលការងារដូចខាងក្រោម៖
– សភាពការណ៍យោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ កងយោធពលខេមរភូមិន្ទបានគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កម្ពុជាមិនទទួលស្គាល់ដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការវាយប្រហារកាន់កាប់ដោយខុសច្បាប់ ពីកងទ័ពថៃ។ ទន្ទឹមនេះ បានធ្វើល្បាតជាប្រចាំតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន សរុបចំនួន៣,៨៣៣លើក(ព្រំដែនកម្ពុជា-ថៃ១,៧៧០លើក កម្ពុជា-វៀតណាម១,៤៧៦លើក កម្ពុជា-ឡាវ ៥៨៧លើក)ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាម តំបន់ព្រំដែន។
– សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នឹងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ក្នុងនោះមានទាំង សកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ ជួញដូរ ប្រើប្រាស់គ្រឿងញៀន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែង ករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន១,០៧៧លើក កងយោធពលខេមរភូមិន្ទម្ចាស់ការ បង្ក្រាបបានចំនួន៦៥០លើក។ ក្រៅពីនេះ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំរៀនសូត្រចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗនិងសភាពការណ៍ថ្មីៗ ការងាររៀបចំ សំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ដើម្បីផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ព និងគ្រួសារ, ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញ ទំនាក់ទំនងបញ្ជូនសារ ការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និង សំណង់អគារគ្រប់ប្រភេទ, ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការងារប្រវត្តិសាស្ត្រយោធា, ការ បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតអនុវត្តបាន ល្អតាមផែនការ និងលទ្ធភាពជាក់ស្តែង។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ កងយោធពលខេមរភូមិន្ទក៏នៅមានចំណុចសេសសល់ ដែលត្រូវបន្តការយកចិត្តទុកដាក់គឺ៖ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យស្តីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពការងារលើគ្រប់វិស័យនៅក្នុងកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះនាយទាហានជាន់ខ្ពស់ជាថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នៃខភម ដែលបានអញ្ជើញចូលរួម ផ្តល់មតិបំពេញបន្ថែមចំណុចខ្វះខាត នៃសេចក្តីព្រាងរបាយការណ៍ និងចូលរួមផ្តល់យោបល់លើទំនើបកម្មនៃកំណែទំរង់រចនាសម្ព័ន្ធគ្រប់វិស័យរបស់កងយោធពលខេមរភូមិន្ទ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍មួយចំនួន លើទិសដៅសំរាប់ត្រីមាសទី២ ដើម្បីបន្តអនុវត្តការងារអោយបានជោគជ័យ តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា។ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ឯកឧត្តម សូមប្រសិទ្ធិពរជ័យដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ក្នុងជួរខភម អោយជួបប្រទះតែនឹងពុទ្ធពរ៤ប្រការ អាយុ វណ្ណ:សុខ:ពល: និងទទួលជោគជ័យគ្រប់ភារកិច្ច ៕























