នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៦ នាទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចិន វិញ ង៉ុក ប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញ ចូលជួបសំដែងការគួរសមនិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងការស្វាគមន៍ចំពោះគណប្រតិភូ បញ្ជាការដ្ឋាន យោធភូមិភាគទី៧ ដោយចាត់ទុកថា នេះជាកាយវិការមិត្តភាពដ៏កក់ក្តៅដែលមិត្តវៀតណាម បានអញ្ជើញមកជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តម បានបន្ថែមថា៖ សកម្មភាពនេះបានក្លាយជាប្រពៃណីល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលតែងតែផ្លាស់ប្តូរទំនាក់ទំនងគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីម្តងៗ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយភាពរលូន របស់កងទ័ពទាំងពីរកម្ពុជា វៀតណាម តាមរយ:ការសម្របសម្រួលដ៏ល្អលើកិច្ចការជាច្រើនរបស់ លោកវរសេនីយឯក ជិន វ៉ាន់តឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ពិសេសក្រសួងការពារប្រទេសវៀតណាម ដែលបានចូលរួមគាំទ្រចំពោះយន្តការ អ្នកសង្កេតការណ៍អាស៊ាន AOT នៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ចិន វិញ ង៉ុក ប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានគូសបញ្ជាក់ថា៖ បច្ចុប្បន្ននេះ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម កំពុងបន្តថែរក្សា និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះអង្គភាពមានកិច្ចសហការចងសម្ព័ន្ធមេត្រីភាពជាមួយកងយោធពលខេមរភូមិន្ទ ចំនួន៨៧អង្គភាព ហើយឆ្នាំកន្លងទៅ អង្គភាពយោធភូមិភាគទី៧ ទទួលស្វាគមន៍ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូបទពិសោធន៍បាន១២២ប្រតិភូ។ ឯកឧត្តម ក៏បានរំលឹកផងដែរថា ក្នុងឆ្នាំ២០២៥កន្លងមកក្រុមការងារ របស់យោធភូមិភាគទី៧ ដោយបានការសហការជួយឧបត្ថម្ភរបស់ភាគីកម្ពុជា បានស្រាវជ្រាវរុករកនិងប្រមូលបានអដ្ឋិធាតុចំនួន៥៩៥អដ្ឋិធាតុ ជាមួយនេះក្នុងជំហានទី១ ឆ្នាំ២០២៦ យោធភូមិភាគទី៧ បានសម្រេចលទ្ធផលរុករក ឃើញ២១០អដ្ឋិធាតុថែមទៀត ជាអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ជំនាញការវៀតណាម ដែលពលីជីវិតនៅកម្ពុជានៅសម័យសង្គ្រាមហើយត្រូវបាន រៀបចំធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។ ឯកឧត្តម ក៏សូមស្នើសុំការបន្តការគាំទ្រចំពោះសកម្មភាពមនុស្សធម៌នេះ សំរាប់ពេលខាងមុខផងដែរ។
ជំនួសមុខឱ្យគណៈប្រតិភូក្នុងកងកម្លាំងប្រដាប់អាវុធភូមិភាគទី៧ ទាំងអស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចិន វិញ ង៉ុក ប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជូនពរចំពោះ នាយទាហាននាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់សូមឆ្នាំថ្មីទទួលបានសុខភាពល្អ គ្រួសារមានសុភមង្គលសំណាងល្អសម្រេចជោគជ័យគ្រប់ភារកិច្ច សូមឲ្យទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងបក្សទាំងពីរ កងទ័ពទាំងពីរ រាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម កាន់តែរឹងមាំឋិតថេរជារៀងរហូត ៕

















