ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរាជទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម CHRISTIAN DESROCHES ឯកអគ្គរាជទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នៅទីស្តីការក្រសួងការពារជាតិ ។

        ក្នុងជំនួបនោះ ឯកឧត្តម ទៀ សីហា សម្ដែងការស្វាគមន៍ ឯកឧត្តម CHRISTIAN DESROCHES ដែលបានអញ្ជើញមកបំពេញការងារការទូតនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកាណាដា ដែលបានដំឡើងកម្រិតនៅតំណាងស្ថានទូតកាណាដាប្រចាំនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងកាណាដាបន្ថែមទៀតនាពេលខាងមុខ ក្នុងនោះរួមមានទាំងវិស័យយោធា ប្រទេសទាំងពីរ។ ឯកឧត្តមសង្ឃឹមថា៖ តាមរយៈវត្តមានរបស់ឯកឧត្តមអគ្គរដ្ឋទូតនៅកម្ពុជានាពេលនេះ បង្កើននូវទំនាក់ទំនងការទូត និងវិស័យយោធាឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះ អនុព័ន្ធយោធាកាណាដាប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ដែលតែងតែបានចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍ ចុះពិនិត្យ និងឃ្លាំមើល អំពីជម្លោះនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ។

        ឯកឧត្តម អគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ ការមកដល់កម្ពុជាវិញចំពោះវត្តមានរបស់លោកនាពេលនេះ គឺផ្តល់នូវសារៈសំខាន់ និងចង់ឲ្យមានភាពស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទាំងការទូតនិងយោធារវាងប្រទេសពីរ។ ហើយក្នុងនោះដែរកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើឯកសារកំណត់ហេតុកាលពីឆ្នាំ២០២៤ ក៏បានឃើញនូវជំហានដ៏ល្អ នៅក្នុងឆ្នាំ២០២៥ ហើយឯកឧត្ដមសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការ និងការអនុវត្តទាំងនេះនឹងនៅតែបន្តកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម បានលើកឡើងថា៖ ឆ្នាំ២០២៦នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) ហើយក្នុងនោះឯកឧត្តមក៏រំពឹងថា ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា នឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ ហើយក៏ជាការរំពឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៃប្រទេសទាំងពីរ។ ឯកឧត្តម CHRISTIAN DESROCHES ក៏បានលើកឡើងផងដែរ អំពីការសុំចូលចតនាវាកងជើងទឹកកាណាដា នៅសមុទ្ររាម ក៏ដូចជាការធ្វើសហប្រធាន នៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យការពារជាតិអាស៊ាន ក្នុងនោះឧត្ដមសេនីយ៍ទោមួយរូបរបស់កាណាដា បានធ្វើជាសហប្រធាន។

       ក្នុងឱកាសនោះដែរ ឯកឧត្ដម ទៀ​ សីហា បានសម្ដែងនូវការស្វាគមន៍ ចំពោះការសុំចូលចតនាវាកាណាដា នៅសមុទ្ររាម ការផ្លាស់ប្តូរសិក្ខាកាម និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យការពារជាតិទាំងពីរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ