ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងថា៖ ច្បាប់ស្តីពីការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិន គឺជាលិខិតបទដ្ឋានគត្តិយុត្តមួយដ៏សំខាន់ សម្រាប់យោធិនគ្រប់រូប ពង្រឹងសមត្ថភាព លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន សំដៅកសាងសមត្ថភាពដ៏មានគុណសម្បត្តិដើម្បីការពារកសាងមាតុភូមិ និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការពារជាតិ បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបានបើកវគ្គបំប៉នស្តីពីការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។
យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារជំរុញការអនុវត្តសេចក្តីណែនាំ០០៣ ទទួលបន្ទុកដឹកនាំការងារហ្វឹកហ្វឺន បានឱ្យដឹងថា៖ វគ្គបំប៉ន ស្តីពីការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទនេះ មានសមាសភាពចូលរួមសរុប ចំនួន ១១៧រូប ក្នុងនោះរួមមាន សិក្ខាកាមចំនួន ១០០រូប ដែលមានឋានន្តរស័ក្តិ ចាប់ពីពលទាហាន ដល់អនុសេនីយ៍ឯក។ មានយោធាចារ្យចំនួន ០៧រូប និងក្រុមការងារគ្រប់គ្រងវគ្គចំនួន ១០រូប ព្រមទាំងក្រុមបំរើការមួយចំនួនទៀត។ វគ្គបំប៉ននេះ ដំណើរការរយៈពេល ០៣ខែ ហ្វឹកហ្វឺនជាក់ស្តែងចំនួន ៣៩ថ្ងៃ (១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦) ដោយក្នុង ១សប្តាហ៍ សិក្សា៣ថ្ងៃ គឺថ្ងៃអង្គារ ពុធ និងព្រហស្បតិ៍។ សិក្សាទ្រឹស្តី នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន (អគារC ជាន់ទី៣ ទីស្តីការក្រសួងការពារជាតិ) និងអនុវត្តជាក់ស្តែងលើទីលាន នៅមជ្ឈមណ្ឌលកីឡា នៃកងយោធពលខេមរភូមិន្ទ។ ដោយខ្លឹមសារមេរៀន គិតជា ភាគរយ រួមមាន៖ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ សេចក្តីណែនាំលេខ០០៣, លំហាត់របៀប, បាឋកថា និងអប់រំចិត្តសាស្ត្រ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងថា៖ កាបើវគ្គបំប៉ននាពេលនេះ គឺជាការពង្រឹងនៃការអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀបនៃ ខ.ភ.ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដោយផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង សំដៅធ្វើឱ្យសិក្ខាកាមគ្រប់រូបគោរពវិន័យម៉ឺងម៉ាត់ មានភក្តីភាព ហ៊ានធ្វើពលីកម្មនៅគ្រប់កាលៈទេសៈចំពោះជាតិមាតុភូមិ។ លើសពីនេះសិក្ខាកាមគ្រប់នឹងទទួលបានយល់ដឹងកាន់តែច្បាស់ពីសិទ្ធិ កាតព្វកិច្ច ការគោរព និងអនុវត្តរាល់បទបញ្ជាដោយស្មារតីទទួលខុសត្រូវ រក្សាបានការសម្ងាត់យោធា ពិសេសការប្រែក្លាយខ្លួនជាយោធិនដែលមានចរិតសីលធម៌ថ្លៃថ្លូរ សក្តិសមទៅនឹងការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ ស្របតាមផែនការកែទម្រង់ក្នុង ខ.ភ.ម និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ប្រចាំការ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាស់វៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្មទី៤ និងបដិវត្តកម្ម ឌីជីថល ជាគន្លឹះដើម្បីគ្រប់ក្រសួងស្ថាប័ន សម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ក្នុងន័យនេះទើបក្រសួងការពារជាតិជំរុញឱ្យគ្រប់ស្ថាប័ន កងឯកភាព យកចិត្តទុកដាក់ពង្រឹងការងារដឹកនាំបញ្ជា ការគ្រប់គ្រង ការហ្វឹកហ្វឺននិងបណ្តុះបណ្តាល ការបំប៉ននាយទាហាន សាស្ត្រាចារ្យ យោធាចារ្យ សំដៅអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍនាយទាហានបន្តវេន ដែលជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕























