លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញជាអធិបតិភាព ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារ នៅវិទ្យាសាស្ត្រសុខាភិបាល​កងយោធពលខេមរភូមិន្ទ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦  លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធីអបអរសាទរ​ខួប​លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» និងចុះត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ ព្រមទាំង​ស្តាប់​របាយការណ៍​សកម្មភាព​ការងារ​ នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​កងយោធពលខេមរភូមិន្ទ។

      លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានថ្លែង​កោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក​ទាំងអស់ នៃវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល​កងយោធពលខេមរភូមិន្ទ ​ដែលកន្លង​មកបាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​សុខាភិបាល​កងយោធពលខេមរភូមិន្ទ  ឲ្យមាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ការណ្តុះបណ្តាលបង្ហាត់​បង្រៀន​ ផ្តល់ជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនដល់សិក្ខាកាម​យោធិន​ សិស្ស​និស្សិតស៊ីវិល ​​គឺជាមូលដ្ឋានគ្រឹះក្នុងការអភវឌ្ឍន៌ប្រទេស​ ជាមួយគ្នានេះ លោកជំទាវ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ ការស្រាវជ្រាវ​ផ្នែក​វិជ្ជាសាស្ត្រ​ ជា​ពិសេស​ក្រមសីលធម៌​ឲ្យ​ប្រកបដោយ​គុណភាព​ប្រសិទ្ធ​ភាព​។

      លោកជំទាវ​នាយឧត្តមសេនីយ៍ ក៏បាន​គូសបញ្ជាក់​អំពី​តួនាទី​សំខាន់​របស់​ស្ត្រី​ ក្នុង​ជួរ​កងយោធពលខេមរភូមិន្ទ​ ដែលបានចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការអភិវឌ្ឍ​សង្គម ជាពិសេស​ក្នុង​ការ​ការពារ​ជាតិ មាតុភូមិ​ ក្នុងន័យ​នេះ លោកជំទាវ​បានជំរុញ​ឲ្យ​ លោកគ្រូ​ អ្នក​គ្រូ​ បុគ្គលិក​ទាំងអស់ បន្ត​ពង្រឹង​សាមគ្គីភាព ការងារ​វិន័យ និងការប្តេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​ភារកិច្ច​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។​ លោកជំទាវ​ នាយឧត្តមសេនីយ៍​ បាន​ថ្លែង​អំណរគុណ​ដល់​ ថ្នាក់​ដឹកនាំ​វិទ្យាស្ថាន​ លោកគ្រូ​ អ្នក​គ្រូ​ នាយទាហាន នាយទាហានរង ពលទាហាន យោធិននារី សិស្ស និសិត្ស សិក្ខាកាម​ព្រមទាំងបុគ្គលិក​ ទាំង​អស់ដែលបាន​ចូលរួម​ និងបានប្រគល់លិខិតសរសើរ ថវិកា និង​អំណោយជាវត្ថុអនុស្សាវរីយ៍​ផងដែរ​។

      បើតាមសេចក្តីរាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាសហរ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម  បានអោយដឹងថា៖ ក្រុមការងារយេនឌ័រនៃវិទ្យាស្ថាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយយេនឌ័រ ដោយផ្តោតលើការពង្រឹង សមភាពយេនឌ័រ ការផ្តល់ឱកាសស្មើភាពក្នុងការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពដល់យោធិននារី បុគ្គលិក និងនិស្សិត។ ជាក់ស្តែង ក្នុងរយៈពេលកន្លងមក វិទ្យាស្ថានបានរៀបចំ និងចូលរួមសកម្មភាពជាច្រើន រួមមាន ការងារមនុស្សធម៌ ការចូលរួម សកម្មភាពសង្គម ការចុះសួរសុខទុក្ខ ការបណ្តុះបណ្តាល សិក្ខាសាលា និងវេទិកាចែក រំលែកបទពិសោធន៍ ស្តីពីតួនាទីស្ត្រី និងយេនឌ័រ ក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល និងក្នុងកងយោធពលខេមរភូមិន្ទ។ ថ្នាក់ដឹកនាំវិទ្យាស្ថានជឿជាក់ថា៖ ស្ថាប័នអប់រំដែលមានសុវត្ថិភាព និងសមភាព គឺជាគន្លឹះក្នុងការបង្កើតធនធានមនុស្សថ្មី ដែលមានវិជ្ជាជីវៈ គុណធម៌ និងការទទួលខុសត្រូវខ្ពស់។ នៅពេលស្ត្រី មានឱកាស និងការគាំទ្រត្រឹមត្រូវ ពួកគាត់អាចក្លាយជាអ្នកដឹកនាំ អ្នកជំនាញ និងកម្លាំង សំខាន់ ក្នុងការការពារសុខភាពប្រជាជន និងថែរក្សាសន្តិសុខសង្គម។ ឆ្នាំ២០២៦នេះ វិទ្យាស្ថាននឺងផ្តោតលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តាមរយ:ការបណ្តុះបណ្តាលបន្តការពង្រឹងចំនួនគ្រូពេញម៉ោង និងការកាត់បន្ថយការពឹងផ្អែកលើគ្រូវេលាកាល។ ជាមួយគ្នានេះ វិទ្យាស្ថាននឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈឧបទេស និងបន្ទប់អនុវត្ត ដើម្បីគាំទ្រការអប់រំផ្អែកលើសមត្ថភាព។ ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយ ស្ថាប័នជាតិ និងអន្តរជាតិ នឹងយកចិត្តទុកដាក់បន្ថែម ដើម្បី លើកកម្ពស់គុណភាពបង្រៀន ស្រាវជ្រាវ និងការធ្វើសមាហរណកម្មថ្នាក់តំបន់ និងអន្តរជាតិ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ