នៅទីស្ដីការក្រសួងការពារជាតិ បានប្រារព្ធពិធីអបអរសាទរ ខួបទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ» ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទៀង អេង ទៀសីហា និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមានការចូលរួមពី យោធិននារី ប្រមាណជាង ៥០០នាក់ មកពីបណ្តាកងឯកភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម។
ក្នុងឱកាសនោះ បន្ទាប់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេឌ័រ ក្រសួងការបារជាតិ អានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ដែលនៅព្រះរាជសារ បានរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ រួចមក, លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារិនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេឌ័រ ក្រសួងការពារជាតិ បានឡើងធ្វើសេចក្តីរាយការណ៍ស្តីពីសមិទ្ធផល សកម្មភាពការងារ ដែលក្រុមការងារយេនឌ័រ ខ.ភ.ម សម្រេចបាន នៅក្នុងឆ្នាំ២០២៥កន្លងមក រួមមាន ការងារបណ្តុះបណ្តាល ការងារសុខាភិបាល ការងារផ្សព្វផ្សាយ ការងារចុះសួរសុខទុក្ខ និងការងារសង្គម។
ជាមួយគ្នានេះ លោកជំទាវ ទៀង អេង ទៀសីហា និងលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានមានមតិនិងចំណាប់អារម្មណ៍ ចំពោះការផ្តល់តម្លៃ និងលើកកម្ពស់តួនាទីស្ត្រីកម្ពុជា និងយោធិននារីនៃ ខ.ភ.ម របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិពេលបច្ចុប្បន្ន ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រីនិងក្រុមគ្រួសារ បានរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវក្តីសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមអបអរសាទរ ជាមួយនារី នៃ ខ.ភ.ម ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមមូលបទ “សន្ដិភាព និងសន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ” នាពេលនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវសមិទ្ធផល និងស្នាដៃបំពេញភារកិច្ច របស់នារី ក្នុង ខ.ភ.ម នាពេលកន្លងមក និងបានលើកទឹកចិត្ត ចំពោះការខិតខំបំពេញភារកិច្ច គោរពវិន័យសីលធម៌ និងបទបញ្ជារបស់កងទ័ព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយោធិននារីទាំងអស់ ដោយក្ដីនឹករលឹក ក្នុងមនោសញ្ចេតនាគោររពស្រឡាញ់ រាប់អានចំពោះយោធិននារីទាំងអស់ ក្នុងនោះ ឯកឧត្តម ទៀ សីហា បានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ មួយចំនួនរួមមាន៖ ការអប់រំបណ្តុះបណ្តាល, ស្ត្រីនិងសុខភាព, អំពើហិង្សាលើស្ត្រី, យន្តការស្ថាប័នសម្រាប់លើកកម្ពស់ស្ត្រី, សិទ្ធិមនុស្សរបស់ស្ត្រី, ស្ត្រីនិងបរិស្ថាន និងក្មេងស្រី។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់វត្ថុអនុស្សវរីយ៍ដល់ យោធិននារីចូលរួម ៥០០នាក់ ក្នុងម្នាក់ៗ មានឃិត១ និងថវិកា ៥ម៉ឺនរៀល, ផ្តល់ជូនគ្រួសារយោធិនពលី និងអតីតយុទ្ធជន ៧គ្រួសារ ក្នុង១គ្រួសារទទួលបានទឹកបរិសុទ្ធ ១កេស ភេសជ្ជៈប៉ូវកម្លាំង ១កេស មី១កេស ត្រីខកំប៉ុង ២យួរ ទឹកដោះគោខាប់ ៥កំប៉ុង និងថវិកា ចំនួន ១០ម៉ឺនរៀល។ ព្រមទាំងឧបត្ថម្ភដល់នារីតំណាងភូមិភាគ ៦ ក្នុងម្នាក់ទទួលបាន មី១កេស និងទឹកបរិសុទ្ធ v active ១កេស និងថវិកា ១០ម៉ឺនរៀល ផងដែរ ៕


































