ឯកសារ ផែនការណែនាំ ស្តីពីការចាត់តាំង អនុវត្តការងារអប់រំចិត្តសាស្ត្រ និងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៦ ដែលផ្តល់សច្ចាប័នដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅនេះ ត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងចែកជូនជូនដល់ថ្នាក់ដឹកនាំក្នុងជួរកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសអញ្ជើញជាគណអធិបតី ក្នុងពីធីប្រកាសផ្សព្វផ្សាយផែនការណែនាំ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងធ្វើការចងក្រងឯកសារ និងរៀបចំផែនការសម្រាប់ការងារអប់រំចិត្តសាស្ត្រ សម្រាប់ឆ្នាំ២០២៦នេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានគូសបញ្ជាក់ថា៖ ខណៈដែលសភាពការណ៍សកល និងសភាពការណ៍តំបន់ ក៏ដូចជាកម្ពុជា បាននិងកំពុងហ៊ុំព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ឆ្លុះបញ្ចាំងតាមរយៈការកើនឡើងភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ការកើនឡើងកាន់តែខ្លាំង នៃគោលនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម ការបន្តនិន្នាការថមថយនៃកំណើនសេដ្ឋកិច្ចសកល និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ដើម្បីកសាងបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ សំដៅការពារមាតុភូមិឱ្យមានសុខសន្តិភាព ប្រកបដោយមនសិការស្នេហាជាតិ ដោះស្រាយបញ្ហាសង្គម ប្រកបដោយភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាព និងអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងអំពីសភាពការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយឆ្លុះបញ្ចាំងពីវីរភាពដ៏អង់អាចក្លហានរបស់ខ.ភ.ម ក្នុងកិច្ចការ ការពារបូរណភាពទឹកដី។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានសង្កត់ធ្ងន់ថា៖ ប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារមាតុភូមិយើង។ នេះគឺជាគុណូបការៈដ៏មានតម្លៃលើសអ្វីៗទាំងអស់ដែលត្រូវចារទុកក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់។ ក្នុងសង្គ្រាម២លើកនេះ យើងបានឃើញច្បាស់ហើយថាមានតែកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិប៉ុណ្ណោះ ទើបយើងយកឈ្នះលើរាល់ឧបសគ្គ មិនថាឧបសគ្គធំប៉ុណ្ណាក្តី។
ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានស្នើដល់កងយោធពលខេមរភូមិន្ទគ្រប់រូប បន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា៖ ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គនេះបាន មិនថាឧបសគ្គធំប៉ុណ្ណា។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្ម បំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នករំលោភបំពាន បានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង។
ក្នុងឱកាសនៃពិធីផ្សព្វផ្សាយនេះដែរ គណៈអធិបតី និងអង្គពិធីទាំងមូល បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់នូវខ្លឹមសារឯកសារ ផែនការណែនាំ ស្តីពីការចាត់តាំង អនុវត្តការងារអប់រំចិត្តសាស្ត្រ និងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៦ ដែលបានឡើងអានដោយ ឯកឧត្តម ឧត្តមសេនីយទោ ចាន់ សារឿន នាយក នាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។ ឯកសារបានបង្ហាញពីគោលបំណង សំណូមពរ ខ្លឹមសារអនុវត្ត និងរបបរាយការណ៍ត្រួតពិនិត្យ។ អគ្គនាយកដ្ឋានយោធសេវា និងទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ (នាយកដ្ឋានអប់រំ) រៀបចំផែនការចុះធ្វើការផ្សព្វផ្សាយរៀនសូត្រ និងត្រួតពិនិត្យតាមដានសកម្មភាពរៀនសូត្រ អប់រំចិត្តសាស្ត្រ និងបន្តការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នូវបណ្តាកងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទតាមការចាំបាច់។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានអញ្ជើញប្រគល់ឯកសារផែនការណែនាំ ស្តីពីការចាត់តាំង អនុវត្តការងារអប់រំចិត្តសាស្ត្រ និងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៦ ជូនដល់អង្គភាពចំណុះក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃខ.ភ.ម ដើម្បីបន្តរៀបចំផ្សព្វផ្សាយអោយបានទូលំទូលាយជាប្រចាំ ក្នុងជួរកងយោធពលខេមរភូមិន្ទ ៕





























