ក្រសួងការពារជាតិ បើក​​កិច្ចប្រជុំបូកសរុបលទ្ធផលកាងារប្រចាំខែកុម្ភ: និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦

ហ្វេសបុក
តេឡេក្រាម
វ័តអែប

    នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារប្រចាំខែកុម្ភ: និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។

    យោងតាមសេចក្តីសន្និដ្ឋាន និងវាយតំលៃនៃសេចក្តីព្រៀងរបាយការណ៍ ក្រសួងការពារជាតិបានអោយដឹងថា៖​ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧  នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខមួយចំនួន សម្រេចបាននូវសមិទ្ធផលការងារធំៗមួយចំនួន៖

    -សភាពការណ៍យោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ កងយោធពលខេមរភូមិន្ទបានគោរព និងអនុវត្តយ៉ាង ពេញលេញនិងខ្ជាប់ខ្ជួនបំផុត នូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ ទន្ទឹមនេះ បានធ្វើល្បាតជាប្រចាំតាម តំបន់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន សរុបចំនួន១,២៦៧លើក (ព្រំដែនកម្ពុជា-ថៃ ៥៩០លើក កម្ពុជា-វៀតណាម ៤៩៦លើក កម្ពុជា-ឡាវ ១៨១លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។

    -សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ដូចជា៖ សកម្មភាព កាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ ជួញដូរប្រើប្រាស់គ្រឿងញៀន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន៣៧៥លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន ២៧៥លើក។

    -ក្រៅពីនេះ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំរៀនសូត្រ ចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗ ការងាររៀបចំ សំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ដើម្បីផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ព និងគ្រួសារ ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់អគារគ្រប់ប្រភេទ ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារប្រវត្តិសាស្ត្រយោធា ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតអនុវត្តបាន ល្អតាមផែនការនិងលទ្ធភាពជាក់ស្តែង។

    ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខ.ភ.ម ក៏កំពុងបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យស្តីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទនិងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពការងារលើគ្រប់វិស័យនៅក្នុង កងយោធពលខេមរភូមិន្ទ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ