នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ គណៈប្រតិភូយោធាជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកសាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ឆ្នាំ២០២៦នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។ ក្នុងនោះ ការអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នៅកម្ពុជានាដើមខែកុម្ភៈមកនេះ ដោយបានជំនួបថ្នាក់ដឹកនាំកំពូលទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ, ដែលនេះជាសក្ខីភាពជាក់ស្ដែងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយការទូត រវាងប្រទេសទាំងពីរ។ ដោយឡែក លើវិស័យការពារជាតិ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា និងឡាវ បានបន្តពង្រឹងពង្រីកនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ នៅក្នុងនាមជាអ្នកជិតខាងដ៏ល្អនឹងគ្នាផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានថ្លែងអំណរអរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលបានអញ្ជើញទៅចូលរួមក្នុងលំហាត់ជួយសង្គ្រោះគ្រោះមហន្តរាយ និងជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ និងវៀតណាម ដែលប្រទេសឡាវរៀបចំធ្វើជាម្ចាស់ផ្ទះ នាពេលកន្លងមកនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានជម្រាបជូនផងដែរ អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងលទ្ធផលជាផ្លែផ្កា នៃជំនួបពិភាក្សាការងារទ្វេភាគី រវាងអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជាមួយនឹងអគ្គបញ្ជាការដ្ឋាន ខ.ភ.ម ដែលភាគីទាំងពីរ បានឯកភាពគ្នានៅលើចំណុចជាច្រើន រួមមាន៖ ការផ្លាស់គណៈប្រតិភូនៅគ្រប់កម្រិត ការសិក្សាអប់រំ និងបណ្តុះបណ្តាល (ដែលបច្ចុប្បន្ន សិក្ខាកាមយោធាកម្ពុជា សិក្សានៅប្រទេសឡាវ មានចំនួន ២៤រូប ហើយសិក្ខាកាមយោធាឡាវ កំពុងសិក្សានៅកម្ពុជា មានចំនួន ២០រូប) បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងបានឯកភាពគ្នាជម្រុញឱ្យមានការបោះបង្គោលព្រំដែន ដែលនៅសេសសល់១៦% រវាងប្រទេសឡាវ និងកម្ពុជា ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័សនាពេលខាងមុខនេះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃចំពោះវឌ្ឍនភាព និងលទ្ធផលជាផ្លែផ្កា រវាងអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជាមួយនឹងអគ្គបញ្ជាការដ្ឋាន ខ.ភ.ម នាពេលនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានឯកភាពផងដែរ ចំពោះការជម្រុញក្នុងការបោះបង្គលព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ឱ្យបានចប់ឆាប់រហ័ស ពិសេសការពង្រឹងលើកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានស្នើទៅតាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ថាប្រសិនបើមានបញ្ហាអ្វើកើតឡើងនៅតាមបណ្តាយព្រំដែន នៃប្រទេសទាំងពីរ សូមជូនដំណឹង និងផ្តល់ពត៌មាន ទៅវិញទៅមកជាមួយនឹងគ្នា ដើម្បីដោះស្រាយប្រកបដោយសន្តិវិធី ៕




















